កសិករ​ចិញ្ចឹមត្រី​ក្នុង​ខេត្តព្រៃវែង ស្នើ​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​ការ​នាំចេញ​ត្រី​ទៅ​កាន់​ប្រទេស​ចិន

លោក យ៉ែម យឿត ជាកសិករចិញ្ចឹមត្រីម្នាក់នៅខេត្តព្រៃវែង ឈរសម្លឹងមើលទៅស្រះចិញ្ចឹមត្រីរបស់ខ្លួន ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ (មេង គ្រុយពន្លក)

កសិករ​មួយចំនួន​នៅខេត្តព្រៃវែង បានស្នើឱ្យរដ្ឋាភិបាល​​ពន្លឿននីតិវិធីនាំចេញត្រីរបស់កសិករ​ទៅកាន់ទីផ្សារប្រទេសចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរកាលពីពេលកន្លងទៅ ស្របពេលទីផ្សារលក់ត្រីរបស់ពួកគេមានតម្លៃថោក នាពេលបច្ចុប្បន្ន។

ការស្នើ​របស់កសិករនេះ បន្ទាប់ពីអស់រយៈពេលប្រមាណ៨ខែមកហើយ​ ដែលកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមាន និងចាប់អនុវត្តតាំងពីដើមឆ្នាំនេះក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះ ត្រីចិញ្ចឹមរបស់កសិករនៅមិនទាន់បាន​នាំចេញទៅប្រទេសចិននៅឡើយ។   ​

កសិករចិញ្ចឹមត្រីមួយរូបមានវ័យ៤៣ឆ្នាំ លោក អែម ផល​ ​អះអាងថា គ្រួសារលោកបានចិញ្ចឹមត្រីប្រាចំនួន​២ម៉ឺនក្បាល ​ក្នុងភូមិសំរោង ហើយលោកចាប់ផ្ដើម​លក់​ត្រី​ ដែលជាការលក់រាយតាមភូមិប៉ុណ្ណោះ ដោយក្នុង ១គីឡូ តម្លៃ៩ ០០០រៀល។​ ចំណែកឯតម្លៃលក់ដុំលើទីផ្សារក្នុងស្រុកវិញ មានតម្លៃត្រឹម៤ ០០០រៀលក្នុងមួយគីឡូក្រាម​ ដែលធ្វើឱ្យ​កសិករប្រឈមការខាតបង់ឬចំណេញតិចតួចប៉ុណ្ណោះ​។

កសិករចិញ្ចឹមត្រីប្រាម្នាក់នៅខេត្តព្រៃវែង លោក អែម ផល ឈររៀបរាប់ប្រាប់អ្នកសារព័ត៌មានទាក់ទងនឹងស្ថានភាពចិញ្ចឹមត្រីរបស់គ្រួសារលោក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។
កសិករចិញ្ចឹមត្រីប្រាម្នាក់នៅខេត្តព្រៃវែង លោក អែម ផល ឈររៀបរាប់ប្រាប់អ្នកសារព័ត៌មានទាក់ទងនឹងស្ថានភាពចិញ្ចឹមត្រីរបស់គ្រួសារលោក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ (មេង គ្រុយពន្លក)

លោកបន្តថា៖ «ប្រសិនជាលក់ដាច់តាមភូមិ​បាន[តម្លៃ]ច្រើន​ បើលក់ដុំបានតែ៤ពាន់ហ្នឹង។​ បើយើងលក់រាយបាន១គីឡូ ២គីឡូ ៩ពាន់អ្វីហ្នឹង។ បើ៤ពាន់រៀល ចំណេញតិច​​»។

លោក ផល បន្តថា ​លោកចង់ឱ្យ​រដ្ឋាភិបាល​ធ្វើយ៉ាងណា​ជួយពន្លឿននីតិវិធីនាំត្រីកសិករទៅកាន់ប្រទេសចិន​ តាមរយៈកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន ដោយ​រំពឹងថា ការនាំត្រីចេញទៅប្រទេសចិនបានធ្វើឱ្យតម្លៃត្រីរបស់ពួកគាត់ខ្ពស់ជាងពេលបច្ចុប្បន្ន។ ​

កសិករចិញ្ចឹមត្រីប្រាម្នាក់ទៀត​​ លោក បិន អួន មានប្រសាសន៍ថា​ លោកបានចិញ្ចឹមត្រី ​៣ម៉ឺនក្បាល នាពេលបច្ចុប្បន្ន។ ​លោកបន្តថា បច្ចុប្បន្ន​ កសិករចាប់ផ្ដើមចិញ្ចឹមត្រីច្រើនជាងមុន បើទោះបីជាកសិករខ្លះបានឈប់ចិញ្ចឹមត្រីដោយសារខាតបង់កន្លងមកក៏ដោយ។

យ៉ាងនេះក្ដី កសិករ​​រូបនេះសង្ឃឹមថា ​រដ្ឋាភិបាលខ្មែរនឹងជួយស្វែងរកទីផ្សារលក់ត្រីបន្ថែមទៀត ជាពិសេសការនាំចេញទៅកាន់ទីផ្សារ​ប្រទេសចិន​ ដែលជាប្រទេសមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។

កសិករចិញ្ចឹមត្រីប្រាម្នាក់ទៀត​​នៅខេត្តព្រៃវែង លោក បិន អួន អង្គុយនៅក្នុងរោង រៀបរាប់ប្រាប់អ្នកសារព័ត៌មានទាក់ទងនឹងស្ថានភាពចិញ្ចឹមត្រីរបស់គ្រួសារលោក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។
កសិករចិញ្ចឹមត្រីប្រាម្នាក់នៅខេត្តព្រៃវែង លោក បិន អួន អង្គុយនៅក្នុងរោង រៀបរាប់ប្រាប់អ្នកសារព័ត៌មានទាក់ទងនឹងស្ថានភាពចិញ្ចឹមត្រីរបស់គ្រួសារលោក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ (មេង គ្រុយពន្លក)

លោកថា​៖ «វាប្រសើរណាស់​ហើយ ​ប្រសិនបើនាំចេញទៅ​ បើបានថ្លៃ។ បើនៅយើង ប្រហែលនាំចូលពីវៀតណាមទៀត​ នាំមកពីខាងស្វាយអន្ទរទៀត មិនដឹងត្រីអីខ្លះ គេនាំមកហ្នឹង»។​  

ពលរដ្ឋដដែលបន្ត​ថា ​សម្រាប់កសិករដែលចិញ្ចឹមត្រីដោយពឹងផ្អែកទៅលើចំណីទាំងស្រុង ​មិនអាចរកប្រាក់ចំណេញឃើញទេ។​ បញ្ហានេះ លោកថា ​កសិករភាគច្រើនព្យាយាម​កែច្នៃ​ចំណីដោយខ្លួនឯង តែយ៉ាងណា ពួកគេនៅតែមិនទាន់អាចរកប្រាក់ចំណេញបានច្រើននោះដែរ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាន ថៃ មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា ​ទាក់ទង​បញ្ហាតម្លៃត្រីនៅលើទីផ្សាររបស់កសិករនេះ ​មិនទាក់ទងនឹង​ក្រសួងពាណិជ្ជកម្មនោះទេ​ ដោយលោកបង្វែរសំណួរនេះទៅកាន់​ «សមាគមវារីវប្បករកម្ពុជា» វិញ។

​យ៉ាងណា អ្នកនាំពាក្យរូបនេះបានលើកឡើងថា ​ក្រសួងបានខិតខំប្រឹងប្រែងក្នុងការនាំចេញត្រី​ និងទំនិញផ្សេងទៀតទៅកាន់ប្រទេសចិន ដោយមិនគិតពន្ធ។ ដូច្នេះ តម្លៃទីផ្សារទំនិញទាំងនេះអាស្រ័យលើការខិតខំប្រឹងប្រែងរបស់កសិករ និងអ្នកនាំទំនិញចេញតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា​៖ «គាត់លក់នៅក្នុងស្រុក គាត់លក់អ៊ីចឹងហើយ​។ ប្រសិនបើគាត់មានម៉ូយ មានអ្នកទិញនៅខាងក្រៅ​ លក់ដុំបាន និងតម្លៃវាល្អ​ ប្រហែលជាគាត់មិនទាន់មានទំនាក់ទំនងគ្នាអីណា៎!​ កន្លងមក យើងខំប្រឹងចរចា​បង្កើតទីផ្សារឱ្យហើយ​»។

វីអូឌី មិនអាចទាក់ទង​​ប្រធាន​សមាគមវារីវប្បករកម្ពុជា លោក សុខ រ៉ាដែន បានទេ នៅថ្ងៃ​ពុធនេះ​​។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)​ លោក ថេង សាវឿន ​មានប្រសាសន៍ថា ​ក្រសួងពាក់ព័ន្ធ​​ពុំអាចពឹងផ្អែកតែទៅលើ​ការនាំចេញទំនិញកម្ពុជាទៅកាន់​ប្រទេសចិន​ តាមកិច្ចព្រមព្រៀងសេរីតែមួយ​បាននោះទេ។ លោកបន្តថា ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះទើបចាប់ផ្ដើម​ ដូច្នេះ​មិនអាច​ឱ្យ​កសិករ​មានទីផ្សារគ្រប់គ្រាន់នោះឡើយ​។​

លោកបន្តថា​ ដើម្បីជួយដល់កសិករចិញ្ចឹមត្រី​ឱ្យទាន់ពេលវេលា​​ ក្រសួងពាក់ព័ន្ធគប្បី​ជំរុញឱ្យមាន​ការកែច្នៃផលិតផលត្រីនៅក្នុងស្រុក​ ហើយនាំចេញទៅក្រៅប្រទេស ព្រមទាំងជួយ​ស្វែងរកទីផ្សារក្នុងស្រុក ពិសេសខេត្តគោលដៅទេសចរណ៍សំខាន់ៗ។  ​

លោកថា៖ «សម្រាប់ខ្ញុំ​ បញ្ហានៅក្នុងស្រុក ទាស់ត្រង់ខ្សែចង្វាក់ផលិតកម្ម​ មានន័យថា ​មិនមានការរៀបចំឱ្យបានសមស្រប​ ឬកន្លែងលក់ឱ្យបងប្អូនកសិករ​ ឬក៏មិនមានបច្ចេកទេសក្នុងការគាំទ្រដល់កសិករ​ក្នុងការកែច្នៃផលិផលត្រី​។ ប្រសិនបើគាត់មិនអាចលក់ត្រីសាច់មិនបានថ្លៃ គាត់អាចច្នៃជាផ្អក ជាប្រហុក ជាត្រីប្រឡាក់ ជាដើម​»។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឬហៅថា FTA ​បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២​។

​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ គឺជាកិច្ចព្រមព្រៀងលើកលែងពន្ធអាករទៅវិញទៅមករវាងប្រទេសមួយនិងប្រទេសមួយទៀត​ ​លើផលិតផលដែលបានព្រមព្រៀងគ្នា។ លើសពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ ​ក៏បានគ្របដណ្ដប់លើវិស័យជាច្រើនទៀត មានដូចជា ផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្របសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយ ជាដើម។

ដោយឡែក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​កម្ពុជា-ចិន ត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជាធ្លាប់អះអាងថា កម្ពុជានឹងនាំផលិតផលជាង៣៤០មុខ ហើយប្រមាណ៩៥ភាគរយនៃផលិតផលនេះ នឹងចុះពន្ធដល់ សូន្យភាគរយ ហើយនៅសល់៥ភាគរយ គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់ គឺចុះទៅដល់សូន្យភាគរយ(០%)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ