គណៈប្រតិភូនៃសមាជិកសភាបារាំង និងអាមេរិក កំពុងធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ចំពេលមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងរវាងចិន និងរដ្ឋាភិបាលនៅទីក្រុងតៃប៉ិ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។
ប្រភពដដែលបានឱ្យដឹងថា សមាជិកព្រឹទ្ធសភាបារាំងចំនួន៥រូបបានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃដែលជាដំណើរទស្សនកិច្ចលើកទី៤ ដោយគណៈប្រតិភូបារាំងទៅកាន់ដែនកោះមួយនេះ និងជាដំណើរទស្សនកិច្ចដ៏ធំបំផុតចាប់តាំងពីប្រទេសចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាកាលពីខែមុន។
សមាជិកព្រឹទ្ធសភាបារាំង លោក ស៊ីរីល ពែឡែវ៉ាត់ (Cyril Pellevat) បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា៖ «យើងចាត់ទុកតៃវ៉ាន់ជាដៃគូប្រកបដោយស្ថិរភាពរបស់យើងនៅក្នុងតំបន់នេះ»។
គណៈប្រតិភូរបស់សហរដ្ឋអាមេរិក និងបារាំងដែលកំពុងបំពេញទស្សនកិច្ច អាចនឹងធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បាកាន់តែខ្លាំង។
គួរបញ្ជាក់ថា ប្រទេសចិនចាប់ផ្តើមធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ជុំវិញកោះតៃវ៉ាន់ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi)៕