រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាទៅមន្ត្រីក្រោមឱវាទឱ្យពង្រឹងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស ខណៈល្បែងទាំងនោះកំពុងកើតមានស្ទើរគ្រប់កន្លែង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតបង្គាប់ការមួយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយបញ្ជាទៅរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សុខ ផល ដឹកនាំក្រុមការងារសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស ដោយចាប់អនុវត្តពីថ្ងៃទី១៤ ខែកញ្ញានេះតទៅ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សុខ ផល ដែលដឹកនាំក្រុមការងារនេះបាននៅឡើយទេ នៅរសៀលថ្ងៃពុធនេះ។
ការបញ្ជាទៅមន្ត្រីក្រោមឱវាទឱ្យពង្រឹងការបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើងក្រោយពីអ្នកសារព័ត៌មានក្នុងស្រុកបានរាយការណ៍ជាបន្តបន្ទាប់ ជុំវិញការបើកល្បែងស៊ីសងតាមបណ្ដាឃុំស្រុកមួយចំនួន ដូចជា ល្បែងប្រជល់មាន់តាមអនឡាញ ល្បែងជល់មាន់ បៀរអាប៉ោង និងល្បែងឡូតូ ជាដើម៕