ប្រជាពលរដ្ឋមូលដ្ឋានដែលរស់នៅស្រុកបាទី ខេត្តតាកែវ និងសកម្មជនបរិស្ថានមួយចំនួន បានលើកឡើងថា ព្រៃឈើនៅតំបន់ភ្នំតាម៉ៅ ដែលក្រុមហ៊ុនឯកជនកាប់ និងឈូសឆាយកន្លងមក មានប្រភេទឈើប្រណិតៗមួយចំនួន ប៉ុន្តែពួកគាត់មិនដឹងថា គេយកទៅលក់ឬយកទៅធ្វើអ្វីនោះទេ។
ការអះអាងនេះធ្វើឡើង ក្រោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៦ ខែកញ្ញា បានលើកឡើងថា ស្ថានភាពទីតាំងដីឧទ្យានសួនសត្វ ព្រៃការពារ «ភ្នំតាម៉ៅ» មានដើមឈើដាំ ដើមឈើដុះដោយធម្មជាតិ និងដើមឈើដុះដោយខ្នែងដូចជា ប្រេងខ្យល់ អាកាស្យា ត្បែង ផ្ចិក សុក្រំជាដើម ដែលមានទំហំតូចៗស្ថិតនៅរាយប៉ាយពុំមានឈើប្រណិតនិងប្រភេទឈើដែលមានតម្លៃឡើយ។ រដ្ឋបាលព្រៃឈើបន្ថែមថា ដើមឈើដែលនៅតំបន់ឈូសឆាយរួមមានដើមឈើត្បែងទាំងស្រុង ហើយឈើដែលកាប់មិនបានយកទៅលក់ដូរនោះទេ គឺពលរដ្ឋសុំយកទៅធ្វើអុសដុតតែប៉ុណ្ណោះ។
យ៉ាងនេះក្តី ប្រពលរដ្ឋរស់នៅស្រុកបាទី ខេត្តតាកែវ លោក ទ្រី ស៊ីថេង និយាយថា អំឡុងពេលកាប់និងឈូសឆាយព្រៃឈើនៅតំបន់ក្បែរភ្នំតាម៉ៅនោះ គាត់សង្កេតឃើញថា មានឈើប្រណិតៗមួយចំនួនដែលត្រូវបាត់បង់ រួមមាន ឈើត្បែង ធ្នង់ ផ្ចឹក និងសុក្រំ ដែលអាចយកទៅលក់ដូរបាន មិនដូចការលើកឡើងរបស់រដ្ឋបាលព្រៃឈើថាឈើទាំងនោះមិនមានតម្លៃ និងមិនអាចលក់ដូរបាននោះឡើយ។
លោកបន្តថា ក្រោយពីមានការកាប់បំផ្លាញ គាត់មិនដឹងថា គេយកឈើទាំងនោះទៅលក់ឬយកទៅធ្វើអ្វីនោះទេ ដោយគាត់គ្រាន់តែបង្ហាញការសោកស្តាយចំពោះការបាត់បង់ព្រៃឈើប្រណិតនៅតំបន់នោះ ។
លោកបង្ហាញការសោកស្តាយថា៖ «ឈើនៅកន្លែងហ្នឹងមានគ្រប់ប្រភេទ មានសុក្រំ ធ្នង់ កកោះ ផ្ចឹក ត្បែង។ ខ្ញុំឃើញខាងរដ្ឋបាលព្រៃឈើគេដឹកដែរ ហើយយកទៅណា? ហើយលក់ដូរម៉េច? ខ្ញុំអត់ដឹងព័ត៌មានហ្នឹងដែរ ធម្មតាអារម្មណ៍ខ្ញុំមានអារម្មណ៍សោកស្តាយដែរ មិនថាឈើប្រណិត ឬឈមិនប្រណិតទេ ព្រោះព្រៃឈើជាជំរកសត្វព្រៃរបស់យើង»។
ទោះជាយ៉ាងណា ក៏គាត់គាំទ្រនូវការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចេញបទបញ្ជាភ្លាមៗ ឱ្យលុបចោលទាំងអស់នូវរាល់គម្រោងអភិវឌ្ឍន៍នានា ដោយរក្សាទុកតំបន់ភ្នំតាម៉ៅឱ្យនៅដដែលវិញ ព្រមទាំងបញ្ជាឱ្យក្រុមហ៊ុនដែលបានឈូសឆាយដីព្រៃរួចត្រូវដាំដើមឈើឡើងវិញ។
មន្រ្តីគម្រោងតស៊ូមតិ នៃគម្រោងអ្នកការពារព្រៃឈើ នៃបណ្ដាញសមាគមយុវជនកម្ពុជា លោក សាន់ ម៉ាឡា មានប្រសាសន៍ថា តាមរយៈការចុះទៅសង្កេតនៅតំបន់ភ្នំតាម៉ៅកន្លងមក ពិតជាមានប្រជាពលរដ្ឋមួយចំនួនបានចូលទៅដឹកឈើតូចៗដែលងាប់យកទៅធ្វើអុសមែន។ ប៉ុន្តែលោកជឿថា នៅមានប្រភេទឈើល្អៗ និងឈើប្រណិតជាច្រើនទៀតនៅក្នុងតំបន់អភិរក្សនោះ។ ករណីនេះ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងបង្ហាញតម្លាភាព និងព័ត៌មានជុំវិញព្រៃឈើដែលបានឈូសឆាយនេះ ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់ប្រជាពលរដ្ឋ។
លោកមានប្រសានស៍ថា៖ «អង្គការសម្ព័ន្ធមិត្តសត្វព្រៃគេមិនអាចផ្តល់ជំនួយកិច្ចការអភិរក្សព្រៃឈើរាប់ពាន់ រាប់ម៉ឺនហិកតា ដោយគ្រាន់តែមានការដាំដុះដើមប្រេងខ្យល់ ឬក៏ឈើមិនមានតម្លៃទេ។ អ៊ីចឹងខ្ញុំស្នើទៅរដ្ឋាភិបាលធ្វើការបកស្រាយឱ្យមានលក្ខខណៈវិទ្យាសាស្ត្រ ដោយធ្វើការបកស្រាយឱ្យមានការទទួលយកនូវការរិះគន់ និងសារភាពពីការធ្វេសប្រហែសនូវកំហុសរបស់ខ្លួន ពីព្រោះឈើដែលបាត់បង់អាចនឹងមានឈើប្រណិត»។
កាលពីពាក់កណ្តាលខែកញ្ញានេះ ក្រុមសកម្មជនចលនាមាតាធម្មជាតិ និងសកម្មជនការពារបរិស្ថាន ក៏បានស្នើរដ្ឋាភិបាលបង្ហាញពីប្រភពអ្នកដែលបានទិញឈើ និងទំហំទឹកប្រាក់ដែលបានមកពីការលក់ឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ផងដែរ។
ការស្នើនេះ បានធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី៣១ ខែកក្កដា ធ្លាប់បានលើកឡើងថា អាជ្ញាធរថ្នាក់ក្រោម បានកាប់ព្រៃឈើនៅក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ដើម្បីយកឈើលក់ ហើយយកថវិកាចូលរដ្ឋ និងទុកដីឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ធ្វើការអភិវឌ្ឍ។ តែយ៉ាងណា ក្រោយមានប្រតិកម្មពីមហាជន រដ្ឋាភិបាលបានបញ្ឈប់ការឈូសឆាយដីព្រៃនៅតំបន់នោះវិញ ក្រោយពីបានឈូសឆាយអស់ប្រមាណ៦០០ហិកតា។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីអគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានទេនៅថ្ងៃអាទិត្យនេះ។
យ៉ាងណាក្តី រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ដើមឈើនៅតំបន់ដែលបានឈូសឆាយភ្នំតាម៉ៅ ជាប្រភេទដើមត្បែងស្ទើរទាំងស្រុង មិនបានយកទៅលក់ដូរទេ។ ប៉ុន្តែមានប្រជាពលរដ្ឋរស់នៅជុំវិញស្នើសុំយកទៅប្រើប្រាស់ជាអុសដុត។ លើសពីនេះ សំណល់សេសសល់បានសំអាតនិងកប់ទុកនៅទីទាំងផ្ទាល់ដើម្បីសំអាតទីធ្លាសម្រាប់ដាំដើមឈើឡើងវិញ។ រដ្ឋបាលព្រៃឈើបន្ថែមទៀតថា ដើមឈើដែលមាននៅទីតាំងដីឧទ្យានសួនសត្វភ្នំតាម៉ៅ ពុំមានឈើប្រណិតនិងប្រភេទឈើដែលមានតម្លៃពាណិជ្ជកម្មឡើយ។
ផ្ទៃដីព្រៃភ្នំតាម៉ៅ ទំហំជិត៦០០ហិកតាដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ត្រូវបានកាប់បំផ្លាញ និងឈូសឆាយ គិតចាប់តាំងពីចុងខែកក្កដា រហូតដល់ដើមខែសីហាកន្លងទៅ បន្ទាប់ពីតំបន់នេះត្រូវបានរដ្ឋាភិបាលប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនមួយចំនួន ក្នុងនោះ ក្រុមហ៊ុនចំនួន២ដែលត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិលោក ឡេង ណាវ៉ាត្រា និងលោក ឃុន សៀ។
ទោះជាយ៉ាងណា ការដោះដូរ និងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែសីហា កន្លងទៅ បានចេញបទបញ្ជាភ្លាមៗឱ្យលុបចោលទាំងអស់ ដោយរក្សាទុកតំបន់ភ្នំតាម៉ៅឱ្យនៅដដែល ក្រោយមានប្រតិកម្មពីមហាជនយ៉ាងច្រើន ហើយលោកក៏បានបញ្ជាឱ្យក្រុមឈូសឆាយទទួលខុសត្រូវក្នុងការដាំដើមឈើឡើងវិញ។
ព្រះមហាក្សត្រខ្មែរបានចេញព្រះរាជក្រឹត្យមួយ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដោយដាក់តំបន់ភ្នំតាម៉ៅ ជាតំបន់ឧទ្យានសួនសត្វ ព្រៃការពារ ដើម្បីធានានូវនិរន្តរភាពនៃការថែរក្សាអភិរក្សព្រៃឈើនិងសត្វព្រៃនៅតំបន់ដែលមានភាពចម្រូងចម្រាសមួយនេះ៕