យោងតាមរបាយការណ៍ដែលចេញជាបន្តបន្ទាប់ដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យទីក្រុងឡុងដ៍ Royal Holloway, University of London ស្ដីពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា បានរកឃើញថា ទាំងកម្មករនៅក្នុងរោងចក្រកាត់ដេរ និងអ្នករស់នៅតាមជនបទ បច្ចុប្បន្នរងនូវសម្ពាធកាន់តែច្រើន។
នៅក្នុងរបាយការណ៍ទីមួយ ដែលមានចំណងជើងថា «ReFashion: Building Forward Worse» បានលើកឡើងថា កម្មកររោងចក្រកាត់ដេរបានរងនូវការកើនឡើងនៃសម្ពាធ ដោយសារបញ្ហាសេដ្ឋកិច្ច ដែលបណ្ដាលមកពីករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈស្ថានភាពនេះនៅតែបន្តអូសបន្លាយ។
ផ្អែកលើការស្ទង់មតិពីកម្មករចំនួន១០០នាក់ ក្នុងខែវិច្ឆិកា និងខែធ្នូ និងការសម្ភាសកម្មករចំនួន៣១នាក់ ក្នុងខែធ្នូ និងខែមករា របាយការណ៍ខាងលើបន្តថា៖ «លក្ខខណ្ឌការងារនៅក្នុងរោងចក្របានបន្តធ្លាក់ចុះបន្ថែមទៀត»។
ការរកឃើញដដែលបន្ថែមថា សហជីពក៏បានបាត់បង់សមាជិកក្នុងអំឡុងពេលមានករណីឆ្លងរីករាលដាលនៃជំងឺរាតត្បាត ដោយពួកគេក៏បានប្រឈមមុខនឹងការគាបសង្កត់បន្ថែមទៀតផងដែរ។
របាយការណ៍ថា៖ «ដោយស្ថិតនៅក្រោមហេតុផលក្នុងការកាត់បន្ថយផលិតកម្ម រោងចក្រនានាតែងតែកំណត់គោលដៅលើមេដឹកនាំសហជីព និងសកម្មជនទាំងឡាយ ក្នុងការបញ្ឈប់ និងព្យួរការងារពួកគេ ជាដើម»។
ជាមួយគ្នានេះ ការសិក្សាទីពីរដែលមានចំណងជើងថា «Trapped in the service of debt» ចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏បានចាត់ទុកវិបត្តិបំណុលគ្រួសាររបស់កម្ពុជា ថាជាវិបត្តិសុខភាពសាធារណៈមួយផងដែរ ដែលក្នុងនោះ ពួកគេបានលើកឡើងថា ២២ភាគរយនៃគ្រួសារដែលបានស្ទង់មតិក្នុងអំឡុងពេលមានជំងឺរាតត្បាត បានយកប្រាក់កម្ចីដើម្បីទូទាត់ថ្លៃអាហារ ហើយមនុស្សជាច្រើនទៀតក៏បានកាត់បន្ថយការចំណាយនានាក្នុងគ្រួសារដោយសារតែការខ្វះខាតផងដែរ។
គួរបញ្ជាក់ថា ការសិក្សាទីបី ដែលមានចំណងជើងថា «Microfinance, over-indebtedness and climate adaptation» គ្រោងនឹងចេញផ្សាយនៅក្នុងសប្ដាហ៍នេះ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Briefs: Police to Investigate Illegal Sihanoukville Business