អ្នកតាមដានសង្គមសង្ឃឹមតិចតួចពីប្រសិទ្ធភាពនៃការបង្រ្កាបបទល្មើសល្បែងស៊ីសង

ក្រុមការងារ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ និងមន្ត្រីពាក់ព័ន្ធ ​បាន​ចុះ​បង្ក្រាប​ទីតាំង​អន​ឡាញ​ចំនួន​០១​កន្លែង​ ស្ថិត​នៅផ្ទះ​លេខ​K​៣១​ (​បុរី​ដួង​ចន្ទ​)​ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​អូរ​ជ្រៅ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើការ​ត្រួតពិនិត្យ​ ឃាត់ខ្លួន​ និង​ដកហូត​វត្ថុ​តាងមួយចំនួនផង ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២២​។ (អគ្គស្នងការនគរបាលជាតិ)

ក្រុមអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម មើលឃើញថា បទបញ្ជាដើម្បីឱ្យទប់ស្កាត់ឬបង្រ្កាបបទល្មើសល្បែងស៊ីសងក្នុងក្របខណ្ឌនៅទូទាំងប្រទេសនេះ ប្រហែលជាមិនមានប្រសិទ្ធភាពប៉ុន្មា​ន​​​​ទេ ខណៈដែលការបង្រ្កាបនេះត្រូវគេមើលឃើញថា អនុវត្តបានតែចំពោះអ្នកប្រព្រឹត្តបទល្មើស​តូច​តាច ដោយឡែកអ្នកនៅពីក្រោយខ្នងនៃបទល្មើសទ្រង់ទ្រាយធំនៅតែអាចរួចខ្លួនពីការអនុវត្តច្បាប់នេះបាន មិនខុសពីបទបញ្ជាមុនៗនោះទេ។

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មើលឃើញថា វិធានការនេះហាក់ដូចមាន​សង្ឃឹម​តិច​តួច ចំពោះលទ្ធផលដែលកើតចេញពីការបង្រ្កាបនិងទប់ស្កាត់ល្បែងស៊ីសងនេះ។ លោកបន្តថា នេះមិនមែនជារឿងថ្មីទេសម្រាប់កម្ពុជា ដែលវិធានការបែបនេះធ្លាប់មានញឹកញាប់ណាស់មកហើយ ប្រៀបដូចជាការវែកចកយ៉ាងដូច្នេះដែរ។

បើតាមលោកបណ្ឌិត មាស នី មានពេលខ្លះ អ្នកប្រព្រឹត្តបទល្មើស និងអ្នកអនុវត្ត គឺជាមនុស្សតែមួយ​​​ក៏មានដែរ។ លោកមានសុទិដ្ឋិនិយមថា មួយរយៈក្រោយ​ពី​យុទ្ធនាការ​នេះ បទល្មើសនៃល្បែងស៊ីសង​នេះនឹងបន្តកើតឡើងវិញដូចដើម។

លោកបន្តថា៖ «វាមានករណីខ្លះដែលយើងដឹង អ្នកបើក ហើយ​នឹង​អ្នក​ទៅ​ចាប់ ​ជួន​កាល​ជា​មនុស្សតែ​មួយ​​។ អាហ្នឹងវាគឺជាផលវិបាកមួយ ដែលវាតែងតែនាំឱ្យការអនុវត្តច្បាប់ហ្នឹង វាបានតែមួយភ្លែត ហើ​​​យ​​​វាវិលមកវិញដដែល ដូចផាត់ចកអ៊ីចឹង។ ការបង្ក្រាប គ្រាន់​តែឃាត់ ប៉ុន្តែមិនរកថាតើអ្នកណា​នៅ​ពី​ក្រោយ​ទេ ឧបមាថា ឥលូវនេះ យើងបង្ក្រាបកន្លែង​មួយ​ដែល​គេ​គិត​ថាជា​ល្បែង​ចូលត្រចៀក ចូល​ច្រមុះ និងចូលភ្នែកមនុស្ស រួមទាំងចូលភ្នែកមហាជនដែលគេដឹងគ្រប់គ្នា ទាល់តែមាន​ការដាក់ទោ​​ស​​ទណ្ឌមន្រ្តីដែលនៅពីក្រោយខ្នងហ្នឹងពីពេលមុនខ្លះ ប្រសិនបើគ្រាន់តែបង្រ្កាបហើយ​ក៏បាត់មួយរយៈវិញ តិចទៀតអ្នកដដែលនឹងចេញមកប្រកបរបរហ្នឹងវិញដដែល»។

មិនខុសគ្នាទេ លោក សេក សុជាតិ ស្ថាបនិក​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត ក៏យល់ស្របដែរថា មធ្យោ​​​​​បាយ​ដែលរដ្ឋាភិបាលដាក់ចេញនេះទំនងជាបានផលតិចតួច ក្នុងការទប់ស្កាត់បទល្មើស​នៃ​ល្បែ​​​ង​ស៊ី​​សង​នេះ។ លោកបន្តថា មានមូលហេតុសំខាន់២​ ក្នុងចំណោមហេតុផលដទៃទៀតដែលនាំឱ្យការ​អនុវត្តនេះមិនមានប្រសិទ្ធភាព នោះគឺ​អំពើពុករលួយដែលចាក់ឫសយ៉ាងជ្រៅ និងមានខ្សែបណ្ដាញ​ប្រទាក់ក្រឡា​គ្នាដោះមិនចេញ។ ក្នុងន័យនេះ លោកថា នេះគឺជាហេតុផលមួយដ៏ធំ និងជាឧបសគ្គដែលមិនអាចធ្វើឱ្យ​​ផែនការយុទ្ធសាស្រ្តដែលរដ្ឋាភិបាលដាក់ចេញ​នេះសម្រេច​បានជោគ​ជ័យ។

លោកបន្តថា៖ «ចំណុច​ខ្សោយ​ដែល​នាំ​ឱ្យការអនុវត្តនេះមិនជោគជ័យ ឬក៏បានតែមួយប្រ៉ាវនេះ គឺទី១ រ​​​​​បៀបនៃការដឹកនាំនិងគ្រប់គ្រងមិនច្បាស់លាស់ ការដាក់ពិន័យគឺមិនមានភាពតឹងរ៉ឹងប៉ុន្មានទេ ធ្វើ​​​​ដោយ​មានការយោគយល់ ជាពិសេសអំពើពុករលួយនៅក្នុងហ្នឹងតែម្តង ដែល​ពិបាក​នៅក្នុងការ​ទប់​​​ស្កាត់ ហើយភាគច្រើនគឺការគប់គិតគ្នារវាងមន្រ្តីខិលខូច និងអ្នករកស៊ីខុសច្បាប់ទាំងអស់ហ្នឹង »។

មាត្រា៤ នៃច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង ចែងថា ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស​ពិន័យ​ជាប្រាក់ពី១០ ០០០រៀល​ ទៅដល់ ៥០ ០០០​រៀល ឬដាក់ពន្ធនាគារពី១សប្តាហ៍ ​ដល់១ខែ។ ក្នុងករណីនៅតែមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចាប់ពី៥០ ០០០រៀល​ ដល់ ៥០០ ០០០រៀល ឬ​ដាក់​ពន្ធនាគារ​ពី​១ខែ ដល់១ឆ្នាំ។

កាល​ពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារជា​សំឡេង ដោ​​យព្រមានមិនលើកលែងក្នុងការបញ្ចប់តួនាទី និងភារកិច្ច ជាពិសេសមន្រ្តីនៅថ្នាក់ក្រោម​ជាតិ ដែលមិនបាន​​​បង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ​នៅ​ក្នុង​មូល​ដ្ឋានរបស់ខ្លួនឱ្យមាន​ប្រសិទ្ធភាព។ តាមរយៈសារសំ​​ឡេងដដែលនេះ លោក ហ៊ុន សែន ក៏ព្រមានដកបុណ្យសក្តិ មិនថាជាអភិបាលខេត្ត អភិបាល​ក្រុង និងនគរបាលឡើយ ប្រសិនបើនៅតែបន្តឱ្យល្បែងស៊ីសងនេះរីកធំធាត់​នៅក្នុងសហគមន៍តទៅទៀត។

លោកបន្តថា៖ «ខ្ញុំសូមចេញបញ្ជាដោយម៉ឺងម៉ាត់បំផុត សូមចាត់វិធានការដាច់ណាត់ និងទាន់ពេល​វេលាបំផុត។ ខ្ញុំមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលរាជធានី-ខេត្ត អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវរបស់ខ្លួន។ ខ្ញុំសូមជម្រាបជូនថា មិនអាចបណ្តោយសភាពការណ៍បង្កឡើងបែបអនាធិបតេយ្យនៅក្នុងបនល្បែងទៀតទេ ត្រូវម៉ឺងម៉ាត់ ត្រូវតែដាច់ខាត។ វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ»។

ការចេញនូវបទបញ្ជានេះ ស្របពេលលោក ស ខេង រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ បាន​ចាត់​តាំង​លោក សុ​​ខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកញ្ញា ជាអ្នកទទួលបន្ទុកក្នុងការបង្រ្កាប​​​ល្បែង​​​ស៊ីសងនេះសម្រាប់ក្របខណ្ឌនៅទូទាំងប្រទេស។

នៅថ្ងៃទី២៧ ខែកញ្ញា​នេះ វីអូឌី បានព្យាយាមសុំការអត្ថាធិប្បាយពីលោក សុខ ផល ជុំវិញផែនការបង្រ្កាបនេះ ថាតើដំណើរការបែបណាហើយ ប៉ុន្តែត្រូវបានលោកបដិសេធ ដោយលើកឡើងថា ពុំមាន​ពេលវេលាគ្រប់គ្រាន់ក្នុងការឆ្លើយបំភ្លឺ ដោយបង្វែរឱ្យទៅសួរលោក កែវ វណ្ណថន ជាអ្នកនាំពាក្យឆ្លើយជំនួសវិញ។

បើទោះបែប​ណា លោក កែវ វណ្ណថន មិនអាចសុំការបញ្ជាក់​បានដែរ ដោយលោកអះអាងថាកំពុងជាប់រវល់។

គិតចាប់ពីថ្ងៃដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចេញបទបញ្ជា គឺមានរយៈពេលប្រមាណ១០​ថ្ងៃមក​ហើយ គេសង្កេតឃើញថា នៅពុំទាន់មានតួលេខជាផ្លូវការណាមួយស្តីពី​ការបង្រ្កាបបទ​ល្មើស និងអ្នកពាក់ព័ន្ធ ដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ ដូចដែលលោក ហ៊ុន សែន ចាត់​ទុក​ថា ល្បែងស៊ីសងនេះ វាមិនមែនជាផ្នែកមួយនៃចំណូលសេដ្ឋកិច្ចជាតិទេ។

មួយរយៈពេលចុងក្រោយនេះ ផ្ទុយពីទីតាំង​នៃល្បែងស៊ីសងដែលជាមុខស​​ញ្ញា​ត្រូវ​បង្រ្កាប គេបែរជា​សង្កេត​ឃើញ​កន្លែងដាក់បញ្ចាំមួយ​ចំនួននៅក្នុងរាជធានី​ភ្នំ​​ពេ​​ញទៅវិញ ត្រូវបានអាជ្ញាធរចុះបង្រ្កាប ដោយដកហូតបានម៉ូតូរាប់រយគ្រឿង ដែលអាជ្ញាធរចាត់ទុកថាជា​​អាជីវកម្មខុសច្បាប់។

ដោយឡែក មាត្រា១ នៃច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង បញ្ញត្តិថា ត្រូវហាមឃាត់ជាដាច់ខាតការ​លេងល្បែង​​ស៊ី​​សង​​គ្រប់ប្រភេទនៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា លើកលែងតែ​​​មានការ​​​អ​​​នុ​​ញ្ញាតពីរដ្ឋាភិ​បា​​ល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ