ពលរដ្ឋប្រមាណ១៣០គ្រួសារ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ ស្នើអភិបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឱ្យចេញបណ្ណកម្មសិទ្ធិដីធ្លី និងអនុញ្ញាតឱ្យពលរដ្ឋអាស្រ័យផលលើដីរបស់ពួកគេវិញ។
ពលរដ្ឋទាំងអស់នោះមកពីឃុំទន្លូង និងឃុំជាំក្រវៀន ជាង១០០គ្រួសារ បានស្នើឱ្យអាជ្ញាធរស្រុកចេញបណ្ណកម្មសិទ្ធិលើដីរបស់ពួកគេចំនួន១៧៦,៨ហិកតា ដែលពួកគេថា រដ្ឋាភិបាលបានកាត់ឆ្វៀលចេញពីដីក្រុមហ៊ុន «ម៉ែន សារ៉ុន» តាំងពីឆ្នាំ២០១២ ខណៈដែលបច្ចុប្បន្ន អាជ្ញាធរនៅតែបដិសេធចេញបណ្ណកម្មសិទ្ធិឱ្យពលរដ្ឋ។
ពលរដ្ឋម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព ឱ្យដឹងថា ដីដែលស្ថិតនៅឃុំទន្លូង និងឃុំជាំក្រវៀន ដែលរដ្ឋាភិបាលធ្លាប់ផ្ដល់ដីសម្បទានសង្គមកិច្ចមានទំហំជាង ១៧០ហិកតា នោះ អាជ្ញាធរមិនទាន់ផ្ដល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋនោះទេ ដោយសារតែមានអ្នកមានអំណាចរារាំង និងទាមទារយកចំណែកខ្លះនៃដីនោះផងដែរ។
ហេតុដូច្នេះ លោកសង្ឃឹមថា រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពលរដ្ឋ។
លោកថា៖ «មានតែការស្នើសុំឱ្យរដ្ឋាភិបាលគាត់ជួយពន្លឿនកិច្ចការប្លង់រឹងហ្នឹង ដើម្បីក្លាយជាដីស្របច្បាប់ ដើម្បីដោះស្រាយជីវភាព»។
ចំណែកឯពលរដ្ឋប្រមាណ២០គ្រួសារទៀត គឺមកពីឃុំចាន់មូល បានអះអាងថា ដីស្រែរបស់ពួកគេស្ថិតនៅភូមិចាន់មូល និងភូមិស្អំ ស្រុកមេមត់ ជាប់ព្រំដែនប្រទេសវៀតណាម ដែលពលរដ្ឋធ្លាប់អាស្រ័យផលចំនួន៣០ហិកតា ត្រូវបានអាជ្ញាធរខ្មែររារាំងមិនឱ្យពួកគេបង្កបង្កើនផល បើទោះជាដីនោះស្ថិតក្នុងទឹកដីកម្ពុជាក៏ដោយ។
ពលរដ្ឋនៅឃុំចាន់មូល ជាប់ព្រំដែនវៀតណាម លោក អាន សាអ៊ុន បានឱ្យដឹងថា តាមពិត ពលរដ្ឋនៅភូមិចាន់មូល និងភូមិស្អំ មានរហូតដល់៥០ គ្រួសារដែលធ្លាប់បានរស់នៅលើផ្ទៃដីសរុបប្រមាណ៨០ហិកតា តាំងពីឆ្នាំ១៩៨០មក ប៉ុន្តែអាជ្ញាធរវៀតណាមបានដេញពលរដ្ឋខ្មែរមិនឱ្យទៅធ្វើស្រែចម្ការក្នុងភូមិទាំងពីរនេះទេ រហូតដល់មានការបោះបង្គោលព្រំដែនរួចរាល់។ បែបនេះក្តី លោកថា មានតែពលរដ្ឋ២០គ្រួសារប៉ុណ្ណោះដែលហ៊ានចេញមុខតវ៉ា ចំណែក៣០គ្រួសារទៀតមិនហ៊ានតវ៉ាទេ ព្រោះខ្លាចការគំរាមកំហែង។
លោកបន្តថា បន្ទាប់ពីបោះបង្គោលព្រំដែនរួចហើយ អាជ្ញាធរខ្មែរបែរជាមិនឱ្យប្រជាពលរដ្ឋរបស់ខ្លួនទៅធ្វើស្រែចម្ការលើទឹកដីដូនតាដែលបានធ្វើតាំងពីឆ្នាំ១៩៨០ទៅវិញ។ ហេតុដូច្នេះ លោកស្នើឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋធ្វើស្រែចម្ការឡើងវិញ ព្រោះតាំងពីភាគីវៀតណាមមិនឱ្យធ្វើស្រែចម្ការមក ពលរដ្ឋមានជីវភាពក្រីក្រពីមួយឆ្នាំទៅមួយឆ្នាំ។
លោកថា៖ «ខាងខ្ញុំចង់ស្នើសុំថា ដីពលរដ្ឋអាស្រ័យផលពីមុនកន្លងមកហ្នឹង សុំឱ្យរដ្ឋឱ្យពលរដ្ឋ អន្តរាគមន៍ឱ្យពលរដ្ឋចូលទៅធ្វើដីរៀងៗខ្លួនរបស់គាត់វិញទៅ។ មានការជួបការលំបាក កូនក៏មិនបានរៀន ហើយអ្នកខ្លះក៏ចំណាកស្រុកដោយសារអត់មានការងារធ្វើ»។
ពលរដ្ឋម្នាក់ទៀត លោក ស៊ុន សូ អាយុ៤៨ឆ្នាំ បានឱ្យដឹងថា តាំងពីមានការបោះបង្គោលព្រំដែនមក ដីភូមិទាំងពីរនេះស្ថិតនៅក្នុងទឹកដីខ្មែរ ហើយក្នុងនោះក៏មានដីមរតកតមកតាំងពីឪពុកម្ដាយរបស់លោកដែរ ហេតុដូច្នេះ លោកគ្រាន់តែស្នើសុំដីរបស់លោកមកកាន់កាប់ និងប្រកបមុខរបរឡើងវិញប៉ុណ្ណោះ។
លោកថា៖ «ដល់ពេលពីឆ្នាំ១៩៩៨ ដល់២០២០ហ្នឹង ខាងរដ្ឋាភិបាលបោះបង្គោលព្រំដែន ថាដីហ្នឹងត្រូវបានមកខ្មែរវិញហើយ! ខ្ញុំម្ចាស់ដើមហ្នឹង ដែលយួនធ្លាប់សម្លុតគំរាមបាញ់ បានទៅចូលលើដីហ្នឹង ប៉ូលិសព្រំដែនថាដីមិនទាន់ដាច់ស្រឡះទេ»។
ទាក់ទងនឹងករណីដែលប្រជាពលរដ្ឋទាំង៣ឃុំមកដាក់ញត្តិទាមទារដំណោះស្រាយដីធ្លីនេះ អភិបាលស្រុកមេមត់ លោក ស្រេង លី បានឱ្យដឹងថា លោកមិនទទួលដោះស្រាយនោះទេ ព្រោះលោកត្រូវការអ្នកតំណាងពលរដ្ឋមកជជែកគ្នា បើមិនមានតំណាងដូច្នេះ លោកមិនដឹងថាត្រូវដោះស្រាយយ៉ាងម៉េចនោះទេ។
លោកថា៖ «ហើយថាគាត់អត់មាន គាត់មកដោយខ្លួនឯងទៅ ខ្ញុំថាមិនដែលមកដោយខ្លួនឯង មនុស្សជាង១០០នាក់! អ៊ីចឹងខ្ញុំអត់ទទួលឯកសារទេ មិនទទួលដោះស្រាយរឿងអីទាំងហ្វូងអ៊ីចឹងទេ»។
អភិបាលស្រុករូបនេះបន្តថា ចំពោះពលរដ្ឋដែលស្នើសុំសិទ្ធិអាស្រ័យផលលើដីជាប់ព្រំដែនប្រទេសវៀតណាមនោះ លោកមិនអាចដោះស្រាយបាននោះទេ គឺមានតែគណៈកម្មាធិការព្រំដែនទេដែលមានសិទ្ធិដោះស្រាយ។
លោកថា៖ «អាហ្នឹងទាល់តែសុំទៅថ្នាក់ជាតិបង ព្រោះសិទ្ធិសម្រេចនៅលើថ្នាក់ជាតិ ព្រោះគណៈកម្មាធិការព្រំដែន អាហ្នឹងផុតសមត្ថកិច្ចថ្នាក់ស្រុកហើយ ហើយក៏ផុតសមត្ថកិច្ចថ្នាក់ខេត្តដែរ ទាល់តែគណៈកម្មាធិការថ្នាក់ជាតិបានដោះស្រាយបាន»។
អនុប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា លោកស្រី កុយ ពិសី ថាគណៈកម្មាធិការមិនដោះស្រាយទេ និងមិនមានគម្រោងចុះពិនិត្យកន្លែងពលរដ្ឋនោះដែរ ព្រោះថា ពលរដ្ឋដែលស្នើនោះគ្មានឯកសារ ហើយលោកស្រីឱ្យខាងថ្នាក់ខេត្តជាអ្នកចុះដោះស្រាយវិញ។
លោកស្រីថា៖ «អាហ្នឹងខ្ញុំអត់ដឹងទេ ទាល់តែមានឯកសារ! រឿងអី[ក៏ដោយ]មិនអាចនិយាយមាត់បានទេ បើខ្ញុំអត់ទៅដឹងរឿងអីផង សួរ! ខ្ញុំចុះ[ពិនិត្យ]អី បើខ្ញុំអត់ទៅដឹងរឿងអីផង! សួរស្រុក កុំសួរបង ព្រោះបងអត់មានដឹងរឿងអីទេ។ អ៊ីចឹងរឿងស្រុក ឱ្យស្រុកទៅដោះស្រាយទៅ»។
អ្នកសម្របសម្រួលសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញិល ភាព ថាចំពោះករណីដែលអភិបាលស្រុកថា ទាល់តែរកអ្នកតំណាងទើបដោះស្រាយជូនពលរដ្ឋនោះ គឺបង្ហាញឱ្យឃើញនូវការគេចវេះរបស់មន្រ្តី ហើយបើសិនជាមានបំណងគេចវេះនោះ គួរតែលាលាងពីតំណែងទៅប្រសើរជាង។
លោថា៖ «ដូច្នេះ គាត់អត់ត្រូវគេចវេះទេ បើគាត់គេចវេះ គាត់ត្រូវតែលាលែងឬត្រូវចុះចេញពីតួនាទីហ្នឹងទៅ! អាហ្នឹងបើគាត់គេចវេះពីបញ្ហា ហើយមិនដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋ»។
មន្រ្តីសង្គមស៊ីវិលរូបនេះយល់ថា ការរុញបញ្ហាដាក់គ្នាពីស្រុកទៅគណៈកម្មាធិការព្រំដែន ពីគណៈកម្មាធិការព្រំដែនទៅស្រុកនេះ គឺជាការមិនទទួលខុសត្រូវចំពោះរាស្រ្តនិងម្ចាស់ឆ្នោត ព្រោះថា គ្រប់មន្រ្តីពាក់ពន្ធទាំងអស់សុទ្ធតែមានភារកិច្ចដោះស្រាយរៀងៗខ្លួន និងមិនអាចថាខ្លួនមិនពាក់ព័ន្ធនោះទេ៕