វិភាគ៖ តើមានថ្នាំព្យាបាលរបួសផ្លូវចិត្តពលរដ្ឋពីការបាត់បង់ទឹកដីក្រៅពីការចាប់ឃុំខ្លួនទេ?

លោក ធែល ធីលែន យុវជនតវ៉ាបញ្ហាវៀតណាមនៅកម្ពុជា ផ្តល់សម្ភាសន៍ដល់អ្នកកាសែត បន្ទាប់ពីដាក់ញ្ញត្តិទៅក្រសួងមហាផ្ទៃ ​ស្នើ​​ឱ្យរាជរដ្ឋាភិបាល​លុបចោល​​​ការ​​បង្កើត​អគារ​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ និងបញ្ឈប់​​​ការ​ចេញ​បណ្ណ​ស្នាក់​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ (រូបថត៖ ហ៊ាន រង្សី)

ការសុខចិត្តរណបប្រទេសជិតខាង ដើម្បីក្រាញអំណាចនៅក្នុងប្រវត្តិសាស្រ្តនៃមេដឹកនាំខ្មែរដោយមិនយកពហុគំនិតធ្វើជាមូលដ្ឋានសម្រាប់ដឹក​នាំប្រទេស ជាដើមចមធ្វើឱ្យបាត់បង់ទឹកដីទៅប្រ​ទេ​ស​ជិតខាងតជំនាន់ និងបង្កឱ្យមានជម្លោះផ្ទៃក្នុងគ្មាន​ទីបញ្ចប់ បើអ្នកនយោបាយសម័យទំនើបនេះ មិ​​នពិចារណាកែលម្អ។

ប៉ុន្មានសប្តាហ៍មក​នេះ ស្នាម​របួស​ពី​ការ​បាត់​បង់​ទឹក​ដី​ទៅប្រទេស​ជាតិខាង ហាក់បានរើឡើងវិញ ក្រោយពីយុវជនមួយក្រុមដើរដាក់ញត្តិតាមស្ថាប័នជាតិ និងជូនដំណឹងពីគម្រោងធ្វើបាតុកម្មនៅក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់​​​ការ​ចេញ​បណ្ណ​ស្នាក់​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​​អគា​រ​​សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ប៉ុន្តែជាការឆ្លើយតបសមត្ថកិច្ចរបស់រដ្ឋាភិបាល កាលពីថ្ងៃទី៤ ខែកញ្ញា បានចាប់ឃុំខ្លួនយុវជន ធែល ធីលែន ដែលបង្ហាញមុខញឹកញាប់តាមបណ្តាញសារព័ត៌មាន ក្នុងការជំទាស់នឹងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ចំពោះ​ការឆ្លើយ​តប​ទៅ​នឹង​ការផ្តាំផ្ញើរបស់មេដឹកនំាវៀតណាម ឱ្យយកចិត្តទុក្ខដាក់ពលរដ្ឋខ្លួនដែលរស់នៅលើទឹកដីកម្ពុជា។

យុវជន អ៊ំ ឈុម ដែលត្រូវបានសមត្ថកិច្ចចាប់​​ឃាត់​ខ្លួនតែត្រូវបានដោះលែងវិញ ឱ្យដឹងថា រូបភាពតវ៉ាដោយសន្តិវិធីជំទាស់នឹង​មេដឹកនាំកម្ពុជា ទទួលយកសំណើរបស់មេដឹកនាំវៀតណាម អាចនឹងជាន់ដានប្រវត្តិសាស្ត្រ ដូចដែលប្រទេស​ជិតខាងធ្លាប់លេងល្បែងនេះ រហូតច្បាមយកទឹកដីកម្ពុជាក្រោម និងកោះត្រល់របស់កម្ពុជា​ទៅគ្រប់​គ្រងរហូតមកដល់​បច្ចុប្បន្ន​។

លោកថា៖«ការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល គឺធ្ងន់ទៅលើជនអន្តោប្រវេសន៍ហ្នឹង [វៀតណាម]​ខ្លាំងពេក ដែលធ្វើឱ្យយើងបារម្ភខ្លាចថាទៅថ្ងៃមុខទៅ គេសុំច្រើនជាងនឹងរួមទាំងការស្នើសុំកាត់ទឹកដី ក៏ដូចជាកាត់អ្វីផ្សេងៗឱ្យគេទាំងអស់»។

ចំណាត់​ការចាប់ខ្លួនអ្នករិះគន់ពី​លំហូរជនជាតិវៀតណាមខុសច្បាប់មករស់នៅលើទឹកដីកម្ពុជា រួមទាំងការរិះគន់ពី​ការបោះបង្គោលព្រំដែនជាមួយវៀតណាមនាសម័យទំនើបនេះ មិនមែនកើតមានឡើងតែចំពោះយុវជនមួយក្រុមនេះទេ កន្លងទៅអតីតតំណាងរាស្ត្រគណបក្សប្រឆាំង រួម​មាន​លោក អ៊ុំ សំអាន និង​លោក ហុង សុ​​ខ​ហួរ ក៏ត្រូវរដ្ឋាភិបាលប្តឹងរហូតជាប់ពន្ធនាគារច្រើនឆ្នាំ រួមទាំងសមាជិកឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន ជាដើម។ ចំណែកបុគ្គលមួយចំនួនទៀតដែលតាមដានបញ្ហាព្រំដែននេះក៏ត្រូវនិរទេសខ្លួនទៅក្រៅប្រ​ទេ​ស ដើម្បីគេចចេញពីការតាមចាប់ខ្លួននេះផងដែរក្នុងនោះមានទាំងលោក ម៉ែន ណាត ជាដើម។

សំណួរនៅត្រង់ថា តើមានអ្វីអាច​ព្យាបាល​​របួស​ផ្លូវ​ចិត្ត​ពលរ​ដ្ឋ​ពីការបាត់បង់ទឹកដីក្រៅពីការចាប់ឃុំខ្លួនទេ?

សាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងអ្នកជំនាញវិទ្យាសាស្ត្រនយោបាយមើលឃើញប្រហាក់​ប្រហែលគ្នាថា ថ្នាំព្យាបាល​ជំងឺ​ផ្លូវចិត្ត ចំពោះកម្ពុជាដែលបានបាត់បង់ទឹកដីទៅប្រទេសជិតខាង ពិតជាមានបើប្រព័ន្ធដឹកនាំរដ្ឋ មិនជាប់ចំណងប្រទេសជិតខាង ហើ​យ​​ប្រើទាំងយន្តការជាតិ និងអន្តរជាតិ ដើម្បីជម្រះមន្ទិលការកំនត់ខ្សែបន្ទាត់ព្រំដែន រវាងប្រទេសនិងប្រទេសនោះទេ។

សាស្ត្រា​ចារ្យ​ប្រវត្តិ​សាស្ត្រ​​​លោក វង់ សុធារ៉ា លើកឡើងថា មូលហេតុ​​ចម្បង​​ដែល​កម្ពុជា​​បាត់​បង់​ទឹក​ដី​ទៅប្រទេស​ជិត​ខាង ពី​អតីតកាលនោះគឺដោយសារតែ​ខ្សែរាជវង្សានុវង្ស ដែល​ម្ខាងនិយម​ខាង​សៀម និងម្ខាង​និយមខាងយួន។

លោកបានគូសបញ្ជាក់ថា តួយ៉ាងដូចជាព្រះមហាក្សត្រ​​ ធម្ម​រាជា ជំនាន់ចតុមុខជាដើម បានចងសម្ព័ន្ធ​មិត្ត​ជាមួយអយុធ្យា ឬ​ថៃ តែ​សម្ព័ន្ធមិត្ត​នោះព្រះមហាក្សត្រ​​ខ្មែរ បាន​ប្រគល់​ខេត្ត​ជាច្រើនរួមទាំងសួយ​សារ​អាករ ឬ​ប្រាក់ពន្ធ​ឱ្យ​គេរាល់​ឆ្នាំ ឱ្យទៅអយុធ្យា ដើម្បីសុំជំនួយ​ក្នុងការផ្តួលរំលំដៃគូប្រកួត​ប្រជែង​ពីរ​ទៀត ដែល​មានព្រះ​បាទ​ ស្រី រាជា និងព្រះអង្គម្ចាស់ ស្រី សុរិយោទ័យដែលត្រូវជាក្មួយបង្កើត។

តាមរយៈ​សម្ព័ន្ធមិត្ត​​នេះ ព្រះមហាក្សត្រ​ខ្មែរ ​ធម្មរាជា បានឈ្នះក្មួយបង្កើតរបស់ខ្លួន ហើយឡើងសោយរាជ្យ នៅអំឡុង​ឆ្នាំ១៤០៥ ។

មួយវិញទៀត លោកថា ការបាត់បង់ទឹកដីមួយផ្នែកទៀត ទៅប្រទេសឡាវ មានខេត្តចំប៉ាសាក់ ខេត្តអាតាពើ ជាប់ខេត្តរតនគិរី ជាដើមដោយសារតែខ្មែរជាប់ដៃប្រយុទ្ធគ្នា គ្មានកម្លាំងដាក់ពង្រាយនៅទីតាំងនោះ ដែលធ្វើឱ្យខេត្តមួយចំនួនត្រូវបានឡាវគ្រប់គ្រង​រហូត​មក​ដល់​​បច្ចុប្បន្ន។

ចំណែកការបាត់បង់ទឹកដីទៅ​ប្រទេសវៀតណាម​វិញប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ គឺព្រះមហាក្សត្រ​​ខ្មែរបាន​ទៅពឹ​ង​ពាក់​យួន ដើម្បី​ថែ​រក្សា​អំណាច នៅអំឡុងសតវត្សរ៍ទី១៩ ដែលមានព្រះអង្គចន្ទ និងព្រះអង្គមី។

លោកមើលឃើញថា បញ្ហាព្រំដែនសម្រាប់ការដឹកនាំ នាសម័យទំនើបនេះ បានក្លាយជាចំនុចសា្លប់រស់របស់​មេដឹកនាំគណបក្ស​​នយោបាយ​ដែល​ពួកគេ​អាច​កើន​ប្រជា​ប្រិយ ឬ​ក៏​អាចបាត់បង់កេរ្តិ៍ឈ្មោះ​ពីឆាកនយោបាយ​ ដែលបញ្ហានេះហើយ ជំរុញឱ្យអ្នករិះគន់បញ្ហាព្រំដែនប្រឈម​នឹងកា​រជាប់ពន្ធនាគារ។

ប៉ុន្តែលោកថា ការបាត់បង់ទឹកដីអាចព្យាបាលរបួសចិត្ត​ពលរដ្ឋបានតាមរយៈ​ការអភិវឌ្ឍនៅ​តំបន់​សេដ្ឋកិច្ច​តាមព្រំដែនបង្កើន​ប្រាក់​ចំណូល​ដល់​ពលរ​ដ្ឋ​ដែល​រស់​នៅ​តាម​បន្ទាត់​ព្រំដែន និង​ពង្រឹង​គុណ​ភាព​វិស័យ​អប់រំ ដើម្បី​ឱ្យពលរដ្ឋ​យល់ដឹងពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន។

លោក​ថា៖«បើយើងទៅមើលនៅអឺរ៉ុបវិញមានចម្រុះជា​តិសា​សន៍ ប៉ុន្តែ​​ដោយ​សារ​​វិស័យ​​អប់រំ​​របស់​​គេ​​មួយ​ៗ​​ ខ្លាំ​ង​គេមិន​​ភ័យទេចំពោះអាណិកជនទាំងឡាយនៅប្រទេសគេហ្នឹង​ ​សំខាន់ឱ្យមនុស្សចាស់ៗដែលនៅក្រៅប្រទេសហ្នឹងគោរពច្បាប់របស់​គេទៅ ចំណែកកូនៗរបស់ពួកគេអាចក្លាយជាពលរដ្ឋរបស់ប្រទេសដែល​គេកើត​ហ្នឹង​បាន​ទាំង​ស្រុង»។

សមាជិក​ឃ្លាំមើល​កម្ពុជា​ លោក ម៉ែន ណាត លើកឡើងថា ភាព​ចម្រូងចម្រាសនៃការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម នាសម័យទំនើបនេះ មកពី​បញ្ហា​ធំពីរ ក្នុងនោះគឺ​​ទី១​ ការ​បោះ​បង្គោល​នេះ មិនបាន​អនុលោម​ទៅ​តាម​រដ្ឋ​ធម្ម​នុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទី២រដ្ឋាភិបាលមិនបាន​បង្កើតក្រុមការងារចម្រុះបក្ស ដែលអាចផ្តល់ជំនឿដល់ពលរដ្ឋគ្រប់និន្នាការ។

ក្នុងន័យនេះលោកអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលចែងពីបូរណភាពទឹកដីកម្ពុជា តម្រូវឱ្យលុបចោលសន្ធិសញ្ញាព្រំដែនដែលបក្សកាន់អំណាចធ្វើជាមួយវៀតណាម អំឡុងវៀតណាមចូលលុកលុយត្រួតត្រាកម្ពុជា ។

ប៉ុន្តែ លោកថា ក្រោយកម្ពុជាបង្កើតបានរដ្ឋធម្មនុញ្ញ សន្ធិសញ្ញាព្រំដែនអំឡុងទសវត្សរ៍៨០ដែលលោកថាសន្ធិសញ្ញាខុសច្បាប់នោះ ត្រូវភាគីកម្ពុជានិងវៀតណាម ធ្វើឱ្យរស់ឡើងវិញតាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលការណ៍នេះជំរុញឱ្យមានមន្ទិលសង្ស័យពីការបាត់បង់ប្រយោជន៍របស់កម្ពុជា រហូតបច្ចុប្បន្ន។

បញ្ហានេះលោកគិតថា ស្នាមរបួសនៃការបាត់បង់ទឹកដីទៅប្រទេសជិតខាងពីអតីតកាល និងមន្ទិលសង្ស័យ​លើការ​កំនត់​ខ្សែ​បន្ទាត់​ព្រំដែន​នាសម័យ​ទំនើប​នេះ អាច​ព្យាបាលបាន​ទាំងយន្តការជាតិ និងអន្តរជាតិ បើអ្នកនយោបាយមិនជាប់ជំពាក់​នឹងផលប្រយោជន៍នយោបាយ។

ដំណោះស្រាយនេះលោកថា ទី១ យន្តការក្នុងស្រុក រដ្ឋាភិបាលត្រូវ​ប្រើប្រាស់យ​ន្ត​ការ​សភា​ ឱ្យបដិសេធ​ការបោះ​បង្គោល ចំណែក​យន្តការ​បន្ទាប់ត្រូវប្តឹងបញ្ហានេះទៅអង្គការសហប្រជាជាតិឬសហប្រ​​​ធាន​កិច្ច​ព្រមព្រៀង​សន្តិភាព​​ទីក្រុងប៉ារីស ដើម្បីឱ្យគេកោះហៅភាគីវៀតណាមទៅសាកសួរក្នុងនាមប្រទេសដែលបានចុះហត្ថលេខាទទួលបូរណភាពទឹកដីកម្ពុជាក្នុងកិច្ចព្រមព្រៀងសន្តិភាពីក្រុងប៉ារីសដែរនោះ។

លោកថា៖«រឿងខ្លះដូចជារឿងសមុទ្រកោះត្រល់អីហ្នឹង ហើយនឹងរឿងខ្លះទៀតដែលធ្វើឱ្យបាត់បង្គោលព្រំដែនសម័យបារាំងអីហ្នឹងយើងអាចប្តឹងផ្តល់ទៅតុលាការអន្តរជាតិ​ទីក្រុង​ឡាអេបា​ន ដូចជាកម្ពុជាធ្លាប់​ប្តឹងឱ្យសើរើ​នៅសាលក្រមឆ្នាំ១៩៦២នៅឆ្នាំ២០០៨រឿងប្រាសាទព្រះវិហារនោះ»។

លោកយល់ថា បើកាលណាមានការសម្រេចបែបណាពីស្ថាប័នអន្តរជាតិ មន្សិលសង្ស័យទាំងប៉ុន្មាននឹងត្រូវបានលាងជំរះសម្រាប់រដ្ឋាភិបាល ប៉ុន្តែសំណួរនៅត្រង់ថា រដ្ឋាភិបាលហ៊ានប្រើប្រាស់យន្តការនេះឬក៏អត់?។

អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយលោក វណ្ណ ប៊ុនណា លើកឡើងថា បើផ្អែកលើប្រវត្តិសាស្ត្រ ការបន្តរួមតូចទឹកដីកម្ពុជាមកពីកត្តាធំ៣ ដែលទី១មកពីមេដឹកនាំកម្ពុជាពឹងពាក់បរទេសដើម្បីរក្សាអំណាចបង្កជម្លោះផ្ទៃក្នុង ទី២យុទ្ធសាស្រ្តសង្គ្រាមរបស់ប្រទេសថៃ និងវៀតណាម ដើម្បីពង្រីកទឹកដី និងទី៣កម្ពុជាជ្រកក្រោមឥទ្ធិពលប្រទេសជិតខាង ដូច្នេះហើយ មេដឹកនាំកម្ពុជា នឹងមិនហ៊ានជំទាស់ទៅនឹងការចង់បានរបស់ប្រទេសដែលមានឥទ្ធិពលលើខ្លួននោះទេ។

លោកមើលឃើញថា ការបាត់បង់ទឹកដី ដែលកំពុងបង្កើនកម្តៅរវាងខ្មែរ និងខ្មែរ នាបច្ចុប្បន្ន អាចមកពីអ្នកនយោបាយ មិនជឿទុកចិត្តគ្នា ទៅលើយន្តការកំណត់ខ្សែ បន្ទាត់ព្រំដែន ដែលការណ៍នេះក្លាយជាទីលានចំនុចស្លាប់រស់នៅទីលានប្រកួតការបោះឆ្នោត ដែលម្ខាងខ្លាចខ្លួនក្លាយជាជនក្បត់ជាតិធ្វើឱ្យបាត់បង់ទឹកដីនិង ម្ខាងទៀតចង់បង្ហាញថាខ្លួនស្នេហាជាតិ ដើម្បីទាក់ទាញប្រជាប្រិយភាព ។

អ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយរូបនេះយល់ថា ថ្នាំព្យាបាលជំងឺផ្លូវចិត្តពីការបាត់បង់ទឹកដីទៅប្រទេសជាតិខាងនេះ វាចំាបាច់ណាស់អ្នករិះគន់ត្រូវមានមូលដ្ឋានស្រាវជ្រាវបែបវិទ្យាសាស្ត្រ ហើយរដ្ឋាភិបាលត្រូវពិចារណាឡើងវិញ ពីតម្លាភាពនៃការបោះបង្គោលព្រំដែននេះ បើពុំនោះទេជំងឺនៃការបាត់បង់ទឹកដីនេះ នឹងបន្សល់ទុកដល់មនុស្សច្រើនជំនាន់ទៀត ។

លោកថា៖«រដ្ឋាភិបាលត្រូវតែបង្ហាញតម្លាភាពពីដំណោះស្រាយបញ្ហាព្រំដែនជាមួយបណ្តាប្រទេសជិតខាង មានការចូលរួមពីគ្រប់អ្នកជំនាញគ្រប់ស្រទាប់វណ្ណៈតាំងពីអ្នកសារព័ត៌មានសង្គមស៊ីវិលអ្នកជំនាញកិច្ចការព្រំដែន ដើម្បីពិនិត្យលើការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម ថៃ ឡាវ អីជាដើម»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណរ៉ា លើកឡើងថា មានបញ្ហាធំ៤ ដែលអ្នកនយោបាយសម័យទំនើបនេះ មិនអាចព្យាបាលជំងឺផ្លូវចិត្តពលរដ្ឋ ដែលតាមដានសង្គមបាន ។

បើតាមអ្នកជំនាញរូបនេះ បញ្ហាទី១ការបាត់បង់ទឹកដីកម្ពុជាក្រោមទៅប្រទេសវៀតណាម លោកថាអ្នកនយោបាយកំពុងគ្រប់គ្រងអំណាច មិនដែលបង្ហាញឆន្ទៈទាមទារបញ្ហានេះទេ ។

ទីពីរការផ្តល់ឯកសារស្នាក់នៅស្របច្បាប់ដល់លំហូរជនបទេស ពិសេសជនជាតិដែលមានព្រំប្រទល់ជាប់កម្ពុជា រដ្ឋាភិបាលមិនបានប្រកាសឱ្យពលរដ្ឋដឹងពីគុណសម្បត្តិនិងគុណប្រយោជន៍ជនបរទេសទាំងនោះ តាមច្បាប់កម្ពុជា សម្រាប់ការស្នាក់នៅស្របច្បាប់នោះទេ ខណៈជនបរទេសទាំងនោះបច្ចុប្បន្នកំពុងមានឥទ្ធិពលខ្លាំងជាងមុន។

មួយវិញទៀតលោកថា កត្តាប្រវត្តិសាស្ត្រដែលធ្លាប់ចាត់ទុកប្រទេសវៀតណាម និងថៃ ជាសត្រូវសួរពូជ ដែលជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មពលរដ្ឋខ្មែរ ដោយសារសង្គ្រាមឈ្លានពានទឹកដី ពាក់ព័ន្ធយកក្បាលខ្មែរ ដាំតែអុងជាដើមនោះ អ្នកនយោបាយមិនបានលាងជំរះបញ្ហានេះដល់ពលរដ្ឋខ្មែរទេ។

បន្ថែមពីនេះលោកមើលឃើញថា ការបាត់បង់ទឹកដីទៅប្រទេសជិតខាង តែប្រទេសដែលបានដីរួចខ្លួន តែពលរដ្ឋខ្មែរដែលរិះគន់បញ្ហាព្រំដែន បែរជារដ្ឋាភិបាលខ្លួនចាប់ដាក់គុក លោកថាមកពីកត្តាធំពីរដែរ។

កត្តាទី១ភាពវ័យឆ្លាតរបស់ប្រទេសជិតខាងតាមរយៈឥទ្ធិពលនយោបាយ ដើម្បីបញ្ឆេះកំហឹងខ្មែរនិងខ្មែរ បាត់បង់នូវស្មារតីបង្រួបបង្រួមជាតិ និងមួយទៀត កូនខ្មែរភាគច្រើនមិនបានដឹង ពីប្រវត្តិសាស្ត្រពិតនៃដើមចមនាំឱ្យខ្មែរបាត់បង់ទឹកដីនោះទេ។

លោកថា៖«ប្រទេសជិតខាងកម្ពុជាហ្នឹងគេមានឥទ្ធិពលគេពូកែជាងយើង គេប្រើឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយរបស់គេ ធ្វើឱ្យកម្ពុជាយើងមានការឈ្លោះគ្នាទាស់គ្នាឯង ដល់អ៊ីចឹងមិនបានចាប់អារម្មណ៍ទៅលើសត្រូវខាងក្រៅទេ»។

បញ្ហានេះលោក បារម្ភថា កម្ពុជានឹងប្រឈមមុខដាក់គ្នាគ្មានទីបញ្ជប់តជំនាន់ បើអ្នកនយោបាយនៅតែលង់លក់ក្រោមឥទ្ធិពលអំណាច មិនពង្រឹងស្មារតីជាតិឡើងវិញទេនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ