យុវជន​ដាក់​ស្នាមមេដៃ​ជាង​២០០​ទៅ​រដ្ឋបាល​រាជធានីភ្នំពេញ ស្នើ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ

ក្រុមយុវជនមួយក្រុមយកញត្តិមកដាក់នៅសាលារាជធានីភ្នំពេញ សុំធ្វើបាតុកម្មដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ ក្នុងបំណងទាមទារ​​​​​​បញ្ឈប់ការ​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមយុវជនជិត១០នាក់ នៅថ្ងៃសុក្រនេះ បានយកស្នាមមេដៃជាថ្មីជាង២០០ ទៅដាក់នៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីស្នើ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិប​តេយ្យ ប្រឆាំង​​​​​​ការ​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ។

ការយកឯកសារ​ដែលជា​ស្នាម​មេដៃផ្ទាល់​​របស់ប្រជាពលរដ្ឋទៅដាក់​នៅ​រដ្ឋបាលរាជធានីភ្នំពេញនេះ ធ្វើឡើង​​ក្រោយពី​អាជ្ញាធរ​នា​ពេលកន្លងមក បាន​បដិសេធទទួលយកស្នាមមេដៃរបស់ប្រជាពលរដ្ឋដែលក្រុមយុវជនបានប្រមូលតាមបណ្តាញសង្គម។

យុវជន អ៊ំ ឈុម ប្រាប់វីអូឌី​ក្រោយ​ជួបជា​មួយ​តំណាង​រដ្ឋបាលរាជធានីភ្នំពេញថា ដំបូងឡើយ ក្រុមយុវជនបានប្រមូលស្នាមមេដៃ​ប្រជាពលរដ្ឋតាម​បណ្តាញ​សង្គម ដូចជា តេឡេក្រាម និងហ្វេសប៊ុកឆាត ជាដើម ដោយទទួល​បាន​ស្នាម​មេដៃ​ជាង​២ ០០០ ប៉ុន្តែ​រដ្ឋបាលរាជធានីភ្នំពេញមិនទទួលយកស្នាម​មេដៃ​ទាំងនោះទេ ដោយតម្រូវ​ឱ្យ​ប្រមូល​​​ស្នាម​មេដៃផ្ទាល់​របស់​ប្រជាពលរដ្ឋ​វិញ។

យុវជនរូបនេះបន្ត​ថា ក្រុមយុវជន​បាន​ប្រមូល​សា​ជាថ្មី​ដោយបានស្នាមមេដៃចំនួន២២៧ និង​បាន​ដាក់​ទៅ​រដ្ឋបាល​​រាជធានី​ភ្នំពេញ ​នៅថ្ងៃសុក្រ​នេះ ដើម្បីស្នើសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនៅក្នុងខែតុលានេះ។

លោកបន្ថែមថា៖ «សម្រាប់ខ្ញុំ នៅតែរក្សាគោលជំហរត្រូវតែធ្វើបាតុកម្ម ទោះមានការគាំទ្រពីប្រជាជនខ្មែរ​តិចឬក៏​ច្រើន ព្រោះ​វៀត​ណាម​មាន​មហិច្ឆតា​ឈ្លានពាន​ទឹកដីគេ​ជារហូតមក ​តាំង​ពី​ដើម​មក ហើយ​យើង​បាន​ប្រឈម​នឹង​ការបាត់បង់ទឹកដីកម្ពុជាក្រោមរបស់យើង និងកោះត្រល់ជាដើម។ ហើយ​ឥលូវ​នេះ វៀ​តណាមបានស្នើជាបន្តបន្ទាប់ទៀត​មកកម្ពុជា​យើង ដែល​យើង​ឃើញ​ថា ករណីទាំងអស់នេះ វាអ​ត់​ប្រក្រតី ដែល​វាចូលដ​ល់​ការ​គ្រប់គ្រងដោយប្រយោលពីអាណានិគមវៀតណាមនេះ»

យុវជន​ម្នាក់​ទៀត ​លោក ខុន រស្មី និយាយថា មាន​ការផ្សព្វផ្សាយជាច្រើ​ន​អំពី​ជនជាតិវៀតណាមចូលមករស់នៅទឹកដីកម្ពុជាដោយ​ខុស​ច្បាប់ ហើយមិន​ត្រូវ​បាន​អាជ្ញាធរកម្ពុជាបង្ក្រាប ឬចាប់បញ្ជូនទៅវិញឡើយ ដែលនេះជាក្តីបារម្ភមួយ​សម្រាប់លោក​ចំពោះជនជាតិមួយនេះ។ ក្រៅពីនោះ លោក​​​បារម្ភ​ថា ការបង្កើតអាគារ​សម្រាប់​​​បង្រៀន​​ភាសា​​វៀត​​ណាម​​​ក្នុង​​កម្ម​វិធី​សិក្សារ​បស់​សាលារដ្ឋនៅ​កម្ពុជា ក៏អាចនឹង​ប៉ះ​ពាល់​ដល់​​​ផលប្រយោជន៍​របស់ជាតិផងដែរ​។

លោកបន្ថែមថា៖ «រឿងជនជាតិវៀតណាមនេះ កាលមុនកើតកូវីដនោះ​ ខាងក្រសួងបានបណ្តេញឱ្យទៅស្រុកទេសខ្លួនឯង​វិញហើយ ប៉ុន្តែ​អាជ្ញាធរ​វៀតណាមខ្លួនឯងហ្នឹងមិនឱ្យចូលប្រទេសទេ ក្រោម​ហេតុផលកូវីដ។ អ៊ីចឹងខ្ញុំសួរថា តើជនជាតិវៀតណាម​ទាំង​អស់​ហ្នឹង​ មកដល់ពេលនេះ គាត់ទៅនៅណាអស់ហើយ? ឬមួយក៏សម្ងំធ្វើបណ្ណស្នាក់នៅអចិន្ត្រៃយ៍​ឱ្យ​រួច​បាត់ហើយ?»

វីអូឌី​ មិន​អាច​សុំបញ្ជាក់​ពីអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ និងអ្នកនាំពាក្យ លោក ម៉េត មាសភក្តី បានទេ នៅថ្ងៃសុក្រនេះ។ ប៉ុន្តែ​បើតាម​ក្រុម​យុវជន គឺមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ​បានទទួលស្នាមមេដៃ​ប្រជាពលរដ្ឋពីពួកគេហើយ​ ប៉ុន្តែមិន​ទាន់​សម្រេច​ថា​យ៉ាង​ណានៅ​ឡើ​យ​ទេ ដោយរងចាំការជួបប្រជុំពិភាក្សាគ្នាម្តងទៀតសិន។

នាយក​ទទួល​បន្ទុក​កិច្ចកា​រ​ទូទៅ នៃអ​ង្គ​ការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា តាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី គឺប្រជាពលរដ្ឋគ្រាន់តែជូនដំណឹងពីការ​សុំធ្វើបា​តុកម្ម ឬ​ការជួបជុំគ្នាដោយសន្តិវិធីនៅទីលានប្រជាធិប​តេយ្យ ដោយ​មិន​ចាំបាច់​មាន​ការ​យល់​ព្រម​ពី​សាលារាជធានីភ្នំពេញ ក៏ពួកគេអាច​ជួបជុំបានដែរ ប៉ុន្តែការជួបជុំនោះត្រូវធ្វើឡើងក្រោមមនុស្ស២០០នាក់។

លោកបន្ត​ថា៖ «បើមិនមានការអនុញ្ញាតទេ ជាការរំលោភលើសិទ្ធ និងរំលោភលើច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ព្រោះនៅក្នុងច្បាប់ អាចជួបជុំគ្នាធ្វើបាតុកម្មដោយសន្តិវិធីក្រោម២០០នាក់»។

មាត្រា​​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ​ មាន​​សិទ្ធិ​ចូល​រួមយ៉ាងសកម្មក្នុងជីវភាព​នយោ​បាយ សេដ្ឋ​កិច្ច សង្គម​កិច្ច និង​វប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយ​របស់​ប្រជា​ពលរដ្ឋត្រូវ​បានទទួល​ការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ចំណែកមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់ ខណៈមាត្រា៤១ ​ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម។

ការស្នើសុំធ្វើបាតុកម្មរបស់ក្រុមយុវជនទាំងនេះ ធ្វើឡើងក្រោយពីក្រសួងអប់រំ យុវជន និងកីឡា គ្រោង​​បង្កើត​អាគារ​សិក្សា​​ភាសា​​​វៀត​​​ណាម​​​​នៅ​​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ខណៈក្រសួង​មហាផ្ទៃ ​បានក្រើនរំឭក​ដល់​​​មន្ត្រី​ក្រោម​ឱវាទ និង​វិស័យ​ឯកជនទទួល​ស្គាល់​បណ្ណ​​​​​ស្នាក់​នៅអចិន្ត្រៃយ៍ជនបរទេសអន្តោប្រវេសន្ត​សម្រាប់​បម្រើ​ក្នុងជីវភាពប្រចាំថ្ងៃ បន្ទាប់ពីរកឃើញថា មន្ត្រី​ថ្នា​ក់​ក្រោមជាតិ និងវិស័យឯកជនមួយចំនួន មិនទាន់​ទទួលស្គាល់តម្លៃ​ក្នុងការប្រើប្រាស់បណ្ណ​ស្នាក់នៅអចិន្ត្រៃយ៍​​ជនបរទេសអន្តោប្រវេសន្តទាំងនោះ។

ទាក់ទងគម្រោងស្នើសុំធ្វើបាតុកម្មប្រឆាំងការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនេះ យុវជនម្នាក់ គឺលោក ធែល ធីលែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៤ ខែ​តុលា ឆ្នាំ២០២២នេះ ​ក្រោយ​បានជួបមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដោយសមត្ថកិច្ចសម្អាងលើបទចោទក្នុងសំណុំរឿងកាលពី៦ឆ្នាំមុន ដែលចោ​ទ​យុវជន​រូបនោះថា​បានលួចលក់អចលនវត្ថុ[ដី]របស់អ្នកដទៃ នៅ​ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ