រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​មិនទាន់​អនុញ្ញាត​ឱ្យ​យុវជន​ជាង​២០០នាក់​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ

ក្រុមយុវជនមួយក្រុមយកញត្តិមកដាក់នៅសាលារាជធានីភ្នំពេញ សុំធ្វើបាតុកម្មដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ ក្នុងបំណងទាមទារ​​​​​​បញ្ឈប់ការ​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមយុវជនបានលើកឡើងថា រដ្ឋបាល​រាជធានីភ្នំពេញនៅ​មិនទាន់អនុញ្ញាត​ឱ្យពួក​គេ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​​ប្រជា​ធិប​​តេយ្យ​ប្រឆាំង​​​​​​​ការ​​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញនៅឡើយ​ទេ ដោយអាជ្ញាធរ​​តម្រូវឱ្យពួកគេកែលិខិតជាថ្មីស្របតាមនីតិវិធីរដ្ឋបាលជាមុនសិន។​

យុវតី ប៊ិន ស្រីពៅ ដែលអះអាងថាមកកពីខេត្តក្រចេះ ឱ្យ​ដឹង​ថា មន្ត្រី​រដ្ឋ​បាល​រាជធានីភ្នំពេញ​​បាន​ណាត់​ក្រុម​យុវជនទៅជួប​នៅម៉ោង១០ព្រឹក ថ្ងៃអង្គារ​នេះ ដើម្បី​ជជែក​អំពី​ការ​​ស្នើ​សុំ​ធ្វើបាតុកម្ម​​នៅទីលាន​ប្រជាធិប​តេយ្យ ប៉ុន្តែ​នៅ​ពេល​ក្រុម​យុវជ​ន​ទៅ​ដល់ ស្រាប់​តែ​មន្ត្រី​រដ្ឋបាលរាជធានីភ្នំពេញណែនាំឱ្យពួកគាត់កែតម្រូវលិខិត​ស្នើ​សុំ​ធ្វើ​បាតុកម្ម​ឡើង​វិញ ដោយ​សារ​ខុស​ទម្រង់​នីតិវិធីរដ្ឋបាល។ ករណីនេះ កញ្ញាថា ធ្វើឱ្យក្រុមយុវជនជួបការលំបាកច្រើន និងមានភាពស្មុគស្មាញ​ក្នុងការស្នើសុំធ្វើបាតុកម្មដោយអហិង្សានេះ។

យុវតីរូបនោះលើកឡើងថា៖ «លំ​បាកច្រើន ហើយយើងត្រូវខាតពេលវេលាច្រើន ទី១ ទាក់ទង​សុវត្ថិភាព​ពួក​យើង ទី២ ទាក់​ទងការ​រក​ស៊ីរបស់​ពួក​យើង និង​ចំណាយ​ផ្សេងៗ។ តែ​ធម្មតា​កា​រ​រកស៊ីរបស់យើង ធម្មតាយើង​ជា​ប្រជាពលរដ្ឋ​ ជា​អ្នក​រក​ស៊ី អ៊ីចឹង​យើងទាក់​ទង​នឹង​ហានិភ័យ​ជីវភាព ប៉ុន្តែយើងស៊ូធ្វើទៅមុខទៀត»។

យុវតីនោះបន្ថែមថា៖ «ហើយក៏ផ្ដាំជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាជួយពិចារណាគិតឡើងវិញ ទាក់ទងនឹងវាសនា​ប្រទេស​ជាតិរបស់​យើង ព្រោះយើ​ង​ជា​ម្ចាស់​ទឹក​ដី អត់អាចឱ្យវាសនាទឹកដីរបស់យើងទៅឱ្យអ្នកផ្សេងគ្រប់គ្រងបានទេ»។

យុវជន អ៊ំ ឈុម លើក​ឡើង​ថា ​ពួក​គាត់​ដាក់​ញ្ញត្តិ​ទៅរដ្ឋបាល​រាជធានីភ្នំពេញ​ជា​ច្រើន​ដង​មក​ហើយ តែត្រូវបានស្ថាប័នរដ្ឋមួយនេះតែងតែបង្កភាពស្មុគស្មាញដល់ពួកគាត់ក្នុងការកែតម្រូវលិខិត និងការប្រមូលស្នាមមេដៃ ដោយ​ទាមទារ​​យក​ស្នាមមេដៃផ្ទាល់ និង​ត្រូវយកច្បាប់ដើម ដែល​ការណ៍នេះធ្វើឱ្យគាត់ជួបការលំបាកច្រើន ខាតពេលវេលា និងថវិកា ជាដើម។

យ៉ាងណាក្ដី លោកអះអាង​​ថា ទោះ​ជា​មាន​ការ​លំបាក​យ៉ាង​ណា ក៏ពួកគាត់នៅតែតស៊ូធ្វើតាមការណែនាំរបស់មន្ត្រីរដ្ឋបាល​រាជធានីភ្នំពេញ ដើម្បីទទួលបានសិទ្ធិធ្វើបាតុកម្មនៅទីលាន​ប្រជាធិប​តេយ្យ ប្រឆាំង​​​​​​ការ​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ។

លោកនិយាយថា៖ «ការធ្វើរបស់សាលារាជធានីភ្នំពេញ តែងតែ​ធ្វើ​ឱ្យយើង​មាន​ការ​លំបាកខ្លះ ប៉ុន្តែនៅក្នុងពេលនេះដែរ យើងនៅតែធ្វើបាតុកម្មនេះ ទោះបីជាមានការលំបាកយ៉ាងណា ក៏យើងព្យាយាមធ្វើឱ្យបានសម្រេចតាមគោលដៅយើង»។

ទោះជាបែបនេះក្ដី ក្រុមយុវជនលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេនឹង​កែ​សម្រួល​ញត្តិ​ជាថ្មី ដើម្បី​ដាក់​ទៅ​រដ្ឋបាល​រាជធានីភ្នំពេញយ៉ាងយូរនៅក្នុងសប្តាហ៍នេះ។

វីអូឌី​ មិន​អាច​សុំការ​បញ្ជាក់​ពីអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ និងអ្នកនាំពាក្យ លោក ម៉េត មាសភក្តី បានទេ នៅថ្ងៃអង្គារនេះ។

នាយក​ទទួល​បន្ទុក​កិច្ចកា​រ​ទូទៅ នៃអ​ង្គ​ការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា តាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី គឺប្រជាពលរដ្ឋគ្រាន់តែជូនដំណឹងពីការ​សុំធ្វើបា​តុកម្ម ឬ​ការជួបជុំគ្នាដោយសន្តិវិធីនៅទីលានប្រជាធិប​តេយ្យ ដោយ​មិន​ចាំបាច់​មាន​ការ​យល់​ព្រម​ពី​រដ្ឋបាល​​រាជធានីភ្នំពេញ ក៏ពួកគេអាច​ជួបជុំបានដែរ ប៉ុន្តែការជួបជុំនោះត្រូវធ្វើឡើងក្រោមមនុស្ស២០០នាក់។

ករណីនេះ លោកថា បើរដ្ឋបាល​រាជធានីភ្នំពេញនៅតែបង្កការលំបាកនិងភាពស្មុគស្មាញដល់ក្រុមយុវជនដែលស្នើសុំធ្វើបាតុកម្មដោយអហិង្សានោះ គឺ​ជាការរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលផ្ទុយពីច្បាប់ជាតិ និងច្បាប់អន្តរជាតិ ។

លោកបន្ត​ថា៖ «ការជូនដំ​ណឹង វាខុសពីការសុំច្បាប់! បើការជូនដំណឹង មានកម្មវត្ថុ មានកាលបរិច្ឆេទ អំពីគោលបំណង​នៃការជូនដំណឹង និងការជួបជុំ មានតែប៉ុណ្ណឹង! ប៉ុន្តែ​បើ​ខុស​គ្នាប​ន្តិច​បន្តួច យើង​ជជែក​គ្នាបា​ន។ តែបើសិនជាឱ្យកែចុះកែឡើង វាហាក់ដូចជាមានភាពរឹតត្បិតមួយ ដែលនាំឱ្យប៉ះពាល់ដល់សេរីភាពក្នុងការជួបជុំដោយសន្តិវិធី ដែលធានាដោយច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី និងរដ្ឋធម្មនុញ្ញ ក៏ដូចជាបទដ្ឋានអន្តរជាតិ»។

មាត្រា​​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ​មាន​​សិទ្ធិ​ចូល​រួមយ៉ាងសកម្មក្នុងជីវភាព​នយោ​បាយ សេដ្ឋ​កិច្ច សង្គម​កិច្ច និង​វប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយ​របស់​ប្រជា​ពលរដ្ឋ ត្រូវ​បានទទួល​ការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ចំណែកមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់ ខណៈមាត្រា៤១ ​ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម។

ការស្នើសុំធ្វើបាតុកម្មរបស់ក្រុមយុវជនទាំងនេះ ធ្វើឡើងក្រោយពីក្រសួងអប់រំ យុវជន និងកីឡា គ្រោង​​បង្កើត​អាគារ​សិក្សា​​ភាសា​​​វៀត​​​ណាម​​​​នៅ​​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ខណៈក្រសួង​មហាផ្ទៃ​បានក្រើនរំឭក​ដល់​​​មន្ត្រី​ក្រោម​ឱវាទ និង​វិស័យ​ឯកជនទទួល​ស្គាល់​បណ្ណ​​​​​ស្នាក់​នៅអចិន្ត្រៃយ៍ជនបរទេសអន្តោប្រវេសន្ត​សម្រាប់​បម្រើ​ក្នុងជីវភាពប្រចាំថ្ងៃ បន្ទាប់ពីរកឃើញថា មន្ត្រី​ថ្នា​ក់​ក្រោមជាតិ និងវិស័យឯកជនមួយចំនួន មិនទាន់​ទទួលស្គាល់តម្លៃ​ក្នុងការប្រើប្រាស់បណ្ណ​ស្នាក់នៅអចិន្ត្រៃយ៍​​ជនបរទេសអន្តោប្រវេសន្តទាំងនោះ។

ទាក់ទងគម្រោងស្នើសុំធ្វើបាតុកម្មប្រឆាំងការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនេះ យុវជនម្នាក់ គឺលោក ធែល ធីលែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៤ ខែ​តុលា ឆ្នាំ២០២២នេះ ​ក្រោយ​បានជួបមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដោយសមត្ថកិច្ចសម្អាងលើបទចោទក្នុងសំណុំរឿងកាលពី៦ឆ្នាំមុន ដែលចោ​ទ​យុវជន​រូបនោះថា​បានលួចលក់អចលនវត្ថុ[ដី]របស់អ្នកដទៃ នៅ​ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ