WHOថា ​​ករណី​​​​​​​​​​​កុមារ​ស្លាប់​ជាង​៦០នាក់​​នៅ​ប្រទេស​ហ្គាំប៊ី ពាក់ព័ន្ធនឹង​ស៊ីរ៉ូក្អក​ និង​ផ្តាសាយ​​​ដែល​ផលិត​នៅ​ឥណ្ឌា

ប្រធាន​អង្គការ​សុខភាព​ពិភព (WHO) លោក Tedros Adhanom Ghebreyesus ថ្លែងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានស្តីពីការវិវត្តនៃការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី នៅក្រុង Geneva ប្រទេស Switzerland ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ (Salvatore Di Nolfi/Keystone via AP)

អង្គការសុខភាពពិភពលោក (WHO) បាន​និយាយ​​​​​​​​​​​​​​​​នៅថ្ងៃពុធម្សិលមិញថា ករណីកុមារស្លាប់រាប់សិបនាក់ នៅក្នុងប្រទេសហ្គាំប៊ី (Gambia) ដោយបញ្ហាតម្រងនោមធ្ងន់ធ្ងរ អាចពាក់ព័ន្ធនឹងស៊ីរ៉ូបំបាត់ក្អក និងផ្តាសាយ ដែលផលិតដោយក្រុមហ៊ុន​ផលិតឱសថនៅប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នេះ។

ការប្រកាសដោយអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ធ្វើឡើងបន្ទាប់ការធ្វើតេស្តលើឱសថជាច្រើនជាប្រភេទស៊ីរ៉ូ ដែលត្រូវបានសង្ស័យថា បានបណ្តាលឱ្យកុមារចំនួន ៦៦​នាក់ស្លាប់ នៅក្នុងប្រទេសហ្គាំប៊ី (Gambia) ដែលស្ថិតនៅអាហ្វ្រិកខាងលិច។

លោក Tedros បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ទីភ្នាក់ងារអង្គការសហប្រជាជាតិកំពុងធ្វើការស៊ើបអង្កេតជាមួយនិយតករក្នុងប្រទេសឥណ្ឌា និងក្រុមហ៊ុនដែលផលិតឱសថជាប្រភេទស៊ីរ៉ូគឺក្រុមហ៊ុន Maiden Pharmaceuticals Ltd ដែលមានទីតាំងស្ថិតនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌ។

ក្រុមហ៊ុន Maiden Pharmaceuticals Ltd បានបដិសេធធ្វើអត្ថាធិប្បាយ។ ក្រសួង​សុខាភិបាល​ឥណ្ឌាក៏​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយដែរ។

នៅថ្ងៃពុធម្សិលមិញ អង្គការសុខភាពពិភពលោក បានចេញសេចក្តី​​ជូន​ដំណឹង​អំពី​ផលិតផល​វេជ្ជសាស្រ្ដ​ ដោយ​ស្នើ​ឱ្យ​និយតករ​ដក​ឱសថដែលផលិតដោយក្រុមហ៊ុន Maiden Pharmaceuticals Ltd ចេញ​ពី​ទីផ្សារ។

អង្គការសុខភាពពិភពលោក បានជូនដំណឹងថា ឱសថនោះ អាចត្រូវបានចែកចាយទៅកន្លែងផ្សេងទៀតតាមរយៈទីផ្សារក្រៅផ្លូវការ ប៉ុន្តែរហូតមកដល់ពេលនេះ ត្រូវបានរកឃើញតែនៅក្នុងប្រទេសហ្គាំប៊ី (Gambia) ប៉ុណ្ណោះ។

ការជូនដំណឹងនេះ សំដៅលើឱសថចំនួន៤ប្រភេទ រួមមាន Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup។

អង្គការ​សុខភាពពិភពលោក បាននិយាយថា ការវិភាគពីមន្ទីរពិសោធន៍បានបញ្ជាក់ពីបរិមាណ diethylene glycol និង ethylene glycol លើសកម្រិតដែលអាចពុល និងបំផ្លាញតម្រងនោមធ្ងន់ធ្ងរ។

មន្ត្រី​សុខាភិបាល​ក្នុង​ប្រទេស Gambia បានចេញសេចក្តីជូន​ដំណឹង​កាល​ពី​ខែ​កក្កដា បន្ទាប់​ពី​កុមារ​រាប់​សិប​នាក់ ​ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ​ដោយ​មាន​បញ្ហា​តម្រងនោម។ កុមារដែលមានអាយុតិចជាង៥ឆ្នាំ បានធ្លាក់ខ្លួនឈឺក្នុងរយៈពេល ៣ ទៅ ៥ថ្ងៃ បន្ទាប់ពីបានលេបថ្នាំប៉ារ៉ាសេតាមុលជាប្រភេទស៊ីរ៉ូដែលលក់នៅក្នុងតំបន់។

លោកមូស្តាផា ប៊ីតាយ៉េ (Mustapha Bittaye) នាយកសេវាសុខភាពរបស់ប្រទេសហ្គាំប៊ី បាននិយាយថា បញ្ហាស្រដៀងគ្នានេះ ត្រូវបានរកឃើញនៅក្នុងឱសថប្រភេទស៊ីរ៉ូផ្សេងទៀត ប៉ុន្តែក្រសួងកំពុងរង់ចាំការបញ្ជាក់ពីលទ្ធផល។

លោកបាននិយាយថា ចំនួនអ្នកស្លាប់បានថយចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយការលក់ឱសថដែលផលិតដោយក្រុមហ៊ុន Maiden Pharmaceuticals Ltd ត្រូវបានហាមឃាត់។ លោក​បន្ត​ថា ទោះ​ជា​យ៉ាង​ណា រហូត​មក​ដល់​ពេល​​នេះ ឱសថប្រភេទជាស៊ីរ៉ូ​មួយ​ចំនួន ​នៅ​តែ​មាន​លក់​នៅ​គ្លីនិក​ឯកជន និង​ក្នុង​មន្ទីរពេទ្យ។

ទីភ្នាក់ងារត្រួតពិនិត្យឱសថរបស់ប្រទេស Gambia បានផ្ញើលិខិតមួយកាលពីថ្ងៃ​​​​ទី៤ ខែតុលា ឆ្នាំ២០២២ ទៅកាន់អ្នកជំនាញសុខភាព ដែលបញ្ជាឱ្យពួកគេបញ្ឈប់ការលក់ឱសថទាំងឡាយណាដែលអង្គការសុខភាពពិភពលោកបានកំណត់។

គួរបញ្ជាក់ថា ក្រុមហ៊ុន Maiden Pharmaceuticals Ltd ផលិតឱសថ និងលក់នៅក្នុងប្រទេសឥណ្ឌា ក៏ដូចជានាំចេញទៅបណ្តាប្រទេសនៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ