សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានជនមិនស្គាល់មុខព្រួតវាយឱ្យរងរបួស ខណៈលោកមកចូលរួមសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ។
សកម្មជនដីធ្លីនៅសហគមន៍ស្រែប្រាំង ខេត្តត្បូងឃ្មុំ លោក ហឿន ស៊ីនាត ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី១៦ ខែតុលា ម្សិលមិញ មានជនមិនស្គាល់មុខ៣នាក់ ជិះម៉ូតូ២គ្រឿង ចុះមកព្រួតវាយលោកនៅម្ដុំបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឱ្យរងរបួសត្រូវត្រង់ថ្ពាល់ខាងឆ្វេងដេរ៣ថ្នេរ និងត្រូវក្បាល ខណៈលោកនិងមិត្តភក្តិ២នាក់ទៀត បានដើរទៅរកទិញអាហារទទួលទាន ក្រោយពីចូលរួមសិក្ខាសាលាមួយ។
លោក ហឿន ស៊ីនាត អះអាងថា រូបលោកមិនស្គាល់មុខជនបង្ក ឬធ្លាប់មានរឿងអ្វីជាមួយគ្នាពីមុនមកនោះទេ។ លោកថា ករណីនេះ លោកបានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដើមថ្កូវ រួចហើយ នៅថ្ងៃទី១៧ ខែតុលានេះ ដើម្បីឱ្យស្វែងរកជនបង្កមកទទួលខុសត្រូវតាមច្បាប់។
លោកបន្ថែមថា៖ «ខ្ញុំឮគាត់[ជនបង្ក]ស្រែកពីចម្ងាយ “អាហ្នឹងឌឺៗ” ហើយខ្ញុំក៏មិនបានចាប់អារម្មណ៍ដែរ ព្រោះខ្ញុំអត់បានស្គាល់ពួកគាត់ និងមានរឿងអីជាមួយអ្នកណាដែរ ហើយពេលដែលគាត់ជិះម៉ូតូមកដល់ជិតខ្ញុំហ្នឹង ពួកគាត់ក៏ចុះពីលើម៉ូតូវាយយកៗ ហើយក៏ឡើងម៉ូតូបកទៅវិញ អត់បាននិយាយគ្នាអីទេ»។
នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ លោក សូ សំបាន មានប្រសាសន៍ថា លោកមិនទាន់បានទទួលបានបណ្ដឹងពីជនរងគ្រោះនៅឡើយទេ ដោយសារលោករវល់មកធ្វើការងារខាងក្រៅ ប៉ុន្តែលោកថា ប្រសិនជាមានពាក្យបណ្ដឹង សមត្ថកិច្ចរបស់លោកមិនព្រងើយកន្តើយឡើយក្នុងការធ្វើកិច្ចការងារនេះ។
លោកបន្ថែមថា៖ «តែមានពាក្យបណ្ដឹង យើងនឹងមានវិធានការហើយ។ ប៉ុន្តែឥលូវ ខ្ញុំកំពុងរវល់ប្រមូលផ្ដុំក្មេងអនាថានៅបឹងត្របែក»។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ករណីមានជនមិនស្គាល់មុខវាយសកម្មជនដីធ្លីដោយមិនដឹងមូលហេតុនេះ បង្ហាញពីអសន្តិសុខសង្គម និងការអនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាពរបស់អាជ្ញាធរមូលដ្ឋាននៅពុំទាន់បានល្អប្រសើរនៅឡើយ។
មន្ត្រីសង្គមស៊ីវិលរូបនេះស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការអនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាពឡើងវិញ ដើម្បីកុំឱ្យកើតមានអំពើចោរកម្ម និងអំពើហិង្សាផ្សេងៗកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកបន្ថែមថា៖ «អ៊ីចឹងយើងស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែវែកមុខរកជនដែលបានប្រព្រឹត្តហ្នឹងមកផ្តន្ទាទោសតាមច្បាប់ និងកសាងសំណុំរឿង។ ហើយត្រូវតែធានាសន្តិសុខដល់ប្រជាពលរដ្ឋទូទៅ មិនមែនសម្រាប់តែជាប្រជាពលរដ្ឋខាងក្រុមខ្ញុំទេ គឺសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីធានាបានអំពីការអនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាព ហើយយើងក៏មិនចង់ឃើញការប្រើប្រាស់ហិង្សាណាមួយទៅលើប្រជាពលរដ្ឋដែរ»។
បើតាមលោក ថេង សាវឿង គឺថាលោក ហឿន ស៊ីនាត ជាសកម្មជនដីធ្លីដ៏លេចធ្លោម្នាក់នៅសហគមន៍ស្រែប្រាំង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលតែងសកម្មក្នុងការតវ៉ាទាមទារសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ពីសំណាកក្រុមហ៊ុនឯកជនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅតំបន់នោះផងដែរ។
កន្លងមក មានសកម្មជននយោបាយ និងសកម្មជនសង្គមមួយចំនួនបានរងនូវអំពើហិង្សាពីសំណាក់ជនមិនស្គាល់មុខ ប៉ុន្តែមិនត្រូវសមត្ថកិច្ចស្រាវជ្រាវ និងចាប់ជនបង្កមកផ្តន្ទាទោសបានឡើយ។
ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៥១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាបន (Vitit Muntarbhorn) បានបន្តចាត់ទុកការរកមិនឃើញជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ថាជាការបរាជ័យមួយក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរកម្ពុជា៕