ក្រសួងថាមពលរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងស្ដារឡើងវិញនូវរោងចក្រថាមពលដែលរងការខូចខាតក្នុងអំឡុងពេលឈ្លានពានរបស់យោធារុស្ស៊ី។
ក្រសួងនេះបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅអ៊ុយក្រែន លោក ម៉ាត់ស៊ូដា គូនីណូរី (Matsuda Kuninori) បានបង្ហាញពីឆន្ទៈរបស់ទីក្រុងតូក្យូ ក្នុងការជួយដល់រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក ហឺមែន ហាលូសឈិនកូ (Herman Halushchenko) ក្នុងទីក្រុង Kyiv។
លោក Matsuda បាននិយាយថា ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ឧបករណ៍ ដើម្បីសាងសង់ឡើងវិញនូវរោងចក្រថាមពលទាំងឡាយ។
ប្រភពដដែលបន្តថា លោក Matsuda បានទទួលដំណឹងអំពីទំហំនៃការខូចខាតចំពោះហេដ្ឋារចនាសម្ពន្ធថាមពលរបស់អ៊ុយក្រែន និងស្ថានភាពនៃការងារស្ដារឡើងវិញ។
លោក Matsuda បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន NHK និងត្រូវបានស្រង់យកមកចុះផ្សាយនៅថ្ងៃទី១៩ ខែតុលានេះថា លោកនឹងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយភាគីអ៊ុយក្រែន ដើម្បីប្រមូលព័ត៌មាន និងធ្វើការលម្អិតអំពីការផ្តល់ជំនួយនោះ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១០ ខែតុលាមក រោងចក្រថាមពលរបស់អ៊ុយក្រែនចំនួន ៣០% ត្រូវបានបំផ្លាញ ដោយធ្វើឱ្យមានការដាច់ចរន្តអគ្គិសនីជាច្រើននៅទូទាំងប្រទេស។
កាលពីថ្ងៃអង្គារម្សិលមិញនេះ កងទ័ពរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសលើទីតាំងជាច្រើនកន្លែងរបស់ប្រទេសអ៊ុយក្រែន ដោយក្នុងនោះមានគោលដៅសំដៅលើរោងចក្រថាមពលផងដែរ៕