មន្ត្រីនគរបាលខេត្តពោធិ៍សាត់ បញ្ជូនជនជាតិចិន៣នាក់ទៅតុលាការ ដើម្បីចាត់វិធានការច្បាប់បន្ត ពាក់ព័ន្ធនឹងបទល្មើសលួចប្រាក់ពីជនជាតិចិនដូចគ្នា ប្រហែល៣០ម៉ឺនដុល្លារអាមេរិក កាលពីចុងសប្តាហ៍មុន ខណៈសមត្ថកិច្ចកំពុងតាមស្វែងរកជនល្មើសម្នាក់ទៀតដែលរត់គេចខ្លួន។
ស្នងការរងនគរបាលខេត្តពោធិ៍សាត់ទទួលផែនព្រហ្មទណ្ឌ លោក ម៉ូ លីដា ប្រាប់វីអូឌី នៅថ្ងៃចន្ទនេះថា កាលពីថ្ងៃទី២២ ខែតុលា នគរបាលខេត្តពោធិ៍សាត់ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៣នាក់ រួមមាន ឈ្មោះ វ៉ូ ប៊ូ (WU BO) , ជៀង ជុនកៃ(JIANG JUNCAI) និងឈ្មោះ ជៀង ចេងកៃ (JIANG CHEGCAI) បន្ទាប់ពីពួកគេលួចប្រាក់ជនរងគ្រោះដែលជាជនជាតិចិនដូចគ្នា ឈ្មោះ លី ជៀង ប៊ូ(Li JIANG BO) នៅតំបន់ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រហែល៣០ម៉ឺនដុល្លារអាមេរិក ។
លោក ម៉ូ លីដា បញ្ជាក់ថា ក្រោយពីឃាត់ខ្លួន និងសួរចម្លើយជនល្មើសទាំងនោះរួចមក សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនពួកគេទាំង៣នាក់ទៅតុលាការ កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ ដើម្បីចាត់វិធានការច្បាប់បន្ត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំបញ្ជូនទៅតុលាការ ម្សិលមិញតាំងពីម៉ោង២ ខាងអយ្យការ គាត់ចោទហើយ គាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ហើយឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរគាត់ឃុំខ្លួនជាបណ្តោះអាសន្ន»។
ចំណែក គូកនម្នាក់ទៀតដែលកំពុងរត់គេចខ្លួននោះ លោកថា សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមចាប់ ដើម្បីយកទៅអនុវត្តទោសផងដែរ ។
វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោកស្រី ផាន់ សុគន្ធថង បានទេនៅថ្ងៃចន្ទនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា មួយរយៈកាលចុងក្រោយនេះ ជនបរទេស ជាពិសេសជនជាតិចិនបានបង្កជាបទល្មើសច្រើននៅក្នុងទឹកដីកម្ពុជា ដូចជា បទល្មើសគ្រឿងញៀន ទារុណកម្ម ចាប់បង្ខាំង បទល្មើសជំរិតទារប្រាក់ និងលួចឆក់ប្លន់ជាដើម ។ ករណីនេះ លោកជំរុញទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងតុលាការត្រូវស្រាវជ្រាវរកភស្តុតាងបន្ថែម ព្រមទាំងស្វែងរកអ្នកពាក់ព័ន្ធដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់ ទើបទប់ស្កាត់កុំឱ្យមានអំពើល្មើសបែបនេះកើតឡើងបន្តទៀត ។
លោកមានប្រសាសន៍ថា៖ «បទល្មើសដែលកើតចេញពីជនជាតិចិន និងជនជាតិចិន គឺផ្តើមចេញខុសពីការចាប់ជំរិតតិច ប៉ុន្តែវាស្មើនឹងលួច មានស្ថានទម្ងន់ទោស និងស្មើនឹងប្លន់។ អ៊ីចឹងសមត្ថកិច្ចត្រូវតែចាត់វិធានការឱ្យបានតឹងរឹងតាមផ្លូវច្បាប់ ហើយរកអ្នកដែលពាក់ព័ន្ធមកអនុវត្តទោសទៅតាមផ្លូវច្បាប់»។
មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌបានចែងថា អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ (បី) ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ ក្នុងករណីអំពើលួចនេះ ប្រព្រឹត្តទៅមុនពេល ក្នុងពេល ឬ ក្រោយពេលប្រើហិង្សា។
ក្នុងពិធីមួយកាលពីថ្ងៃទី២០ ខែកញ្ញា លោក ស ខេង ធ្លាប់បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានទទួលបណ្ដឹងសរុបចំនួន២៨៩ករណី ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់ ពីសាម៉ីជន សាច់ញាតិ ស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន ដោយខេត្តព្រះសីហនុ នាំមុខគេ មានចំនួន ២១២ករណី ក្នុងចំណោមខេត្តចំនួន ៩ផ្សេងទៀត ក្នុងនោះមានខេត្តស្វាយរៀង កណ្ដាល ឧត្ដរមានជ័យ ពោធិ៍សាត់ និងរាជធានីភ្នំពេញ ជាដើម។
លោកបញ្ជាក់ថា ឆ្លងកាត់ការអនុវត្តជាក់ស្ដែង និងចុះស្រាវជ្រាវពីមន្ត្រីជំនាញ ៩៥ភាគរយ នៃពាក្យបណ្ដឹងជាការពិត ហើយសមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះចំនួន១៧៦នាក់ មាន៨សញ្ជាតិ ក្នុងនោះ ខេត្តព្រះសីហនុមានច្រើនជាងគេ៕