ប្រជាពលរដ្ឋជាង២០០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានដីអាស្រ័យផលនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ចោទអាជ្ញាធរជាតិអប្សរាថាបានយកដីស្រែរបស់ពួកគេទៅបែងចែកឱ្យពលរដ្ឋផ្សេងទៀត ដោយមិនបានដោះស្រាយសំណង។
ប្រជាពលរដ្ឋជាង១០០នាក់ដែលអះអាងថាតំណាងឱ្យពលរដ្ឋចំនួន២១០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែតុលានេះ ដើម្បីទាមទារសំណង។
លោក សំ មុំ ជាពលរដ្ឋរស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ប្រាប់វីអូឌីថា អ្នកភូមិ២១០គ្រួសារ និងដីសរុប១៦០ហិកតាត្រូវបានអាជ្ញាធរជាតិអប្សរាហ៊ុមព័ទ្ធយកដីអស់តាំងពីឆ្នាំ២០០៥ ដោយសន្យាផ្តល់សំណងពី៥០០ដុល្លារទៅ៧០០ដុល្លារក្នុង១ហិកតា ប៉ុន្តែរហូតមកដល់ឆ្នាំ២០២២ ស្ថាប័នមួយនេះនៅពុំទាន់បានផ្តល់សំណងនោះជូនអ្នកភូមិនៅឡើយទេ។
ពលរដ្ឋរូបនេះអះអាងថា ដើមឡើយ ដីស្រែរបស់ពួកគាត់ស្ថិតនៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គក ស្រុកប្រាសាទបាគង ប៉ុន្តែក្រោយពេលអាជ្ញាធរជាតិអប្សរារឹបអូសយក គឺដីនោះត្រូវបានបញ្ចូលទៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រីវិញ។ លោកបន្តថា បច្ចុប្បន្ន ដីនោះត្រូវបានអាជ្ញាធរអភិវឌ្ឍធ្វើជាដីឡូត៍បែងចែកឱ្យពលរដ្ឋផ្សេងដែលរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោកបន្ថែមថា៖ «ដោយសារតែរឿងនេះឯង បានជាប្រជាពលរដ្ឋយើងគាត់ឈឺចិត្ត ហើយដាក់បណ្ដឹងសុំឱ្យអាជ្ញាធរដោះស្រាយសំណងជូនពួកយើង។ ពីដើមឡើយ ពេលដែលអាជ្ញាធរអប្សរាគាត់ហ៊ុមព័ទ្ធហ្នឹង យើងគិតថាគាត់យកទុកជាសម្បត្តិរដ្ឋ បានជាប្រជាពលរដ្ឋយើងមិនសូវតវ៉ា អត់សូវបានក្ដៅក្រហាយ តែនេះគាត់យកដីយើងទៅឱ្យពលរដ្ឋខុសច្បាប់នៅតំបន់អង្គរ»។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង អ្នកស្រី ហុន វុន និយាយថា ករណីអាជ្ញាធរជាតិអប្សរាយកដីស្រែរបស់ពួកគាត់ទៅបែងចែកឱ្យពលរដ្ឋផ្សេងនោះ គឺជារឿងអយុត្តិធម៌។ អ្នកស្រីបន្តថា ក្រោយពីបាត់បង់ដីធ្លីរយៈពេលជិត២០ឆ្នាំមកនេះ បានធ្វើឱ្យគ្រួសារអ្នកស្រី និងពលរដ្ឋមួយចំនួនទៀត ជួបបញ្ហាជីវភាព ដោយសារតែគ្មានដីធ្លីសម្រាប់បង្កបង្កើនផល។
ពលរដ្ឋរូបនេះឱ្យដឹងថា គ្រួសារអ្នកស្រីមានដីតែ២ហិកតាប៉ុណ្ណោះ បានកាន់កាប់បន្តពីដូនតា ដោយបានបង្កបង្កើនផលធ្វើស្រែសម្រាប់ចិញ្ចឹមជីវិត។ អ្នកស្រីបន្តថា សំណងដែលអ្នកភូមិភាគច្រើនចង់បាន គឺទាមទារយកដីរបស់ពួកគាត់មកអាស្រ័យផលវិញ។
អ្នកស្រីបន្ថែមថា៖ «គ្រួសារតឹងផ្អឹះ [ជួបការលំបាក] ហើយពួកខ្ញុំដើរសុំតែស្រែគេធ្វើ ជួសដីគេធ្វើចម្ការដំឡូង។ អ៊ីចឹងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលជួយដល់ប្រជាជននៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ដែលកំពុងរងគ្រោះនេះផង រងគ្រោះខ្លាំងជាងគេបំផុត មិនដែលមានល្ហែល្ហើយទេ សូម្បីតែមួយវិនាទីក៏មិនដែលសប្បាយចិត្តដែរ ធ្វើម៉េចសុំឱ្យសម្តេចគាត់ជួយផង»។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល សុំមិនឆ្លើយបញ្ជាក់ជុំវិញរឿងនេះទេ ដោយលោកអះអាងថាមិនទាន់ទទួលបានញត្តិ ឬឯកសារពីក្រុមពលរដ្ឋនៅឡើយ។
តែបើតាមការអះអាងរបស់ប្រជាពលរដ្ឋ ឈ្មោះ សំ មុំ ការដាក់ញត្តិរបស់អ្នកភូមិនៅព្រឹកមិញនេះ គឺមន្ត្រីអាជ្ញាធរជាតិអប្សរាបានទទួលញត្តិពីក្រុមពលរដ្ឋ ប៉ុន្តែមន្ត្រីអាជ្ញាធរជាតិអប្សរាបានរុញការងារនេះឱ្យអាជ្ញាធរឃុំបល្ល័ង្ក និងឃុំរុនតាឯក សម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋវិញ។
មេឃុំបល្ល័ង្ក អ្នកស្រី ឡែម ស៊ីណាត មានប្រសាសន៍ថា រឿងនេះហួសពីដែនសមត្ថកិច្ចរបស់អ្នកស្រីក្នុងការដោះស្រាយ។ អ្នកស្រីថា ចំពោះមុខនេះ អ្នកស្រីរាយការណ៍ ឬផ្ញើរបាយការណ៍ទៅរដ្ឋបាលស្រុក រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ជាអ្នកដោះស្រាយវិញ។
មេឃុំរូបនេះអះអាងថា កាលមានជម្លោះនៅឆ្នាំ២០០៥ គឺមានពលរដ្ឋតែ៤៤គ្រួសារប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំ២០២២នេះ ពលរដ្ឋបានបំបែកគ្រួសារឡើងដល់២១០គ្រួសារ។
អ្នកស្រីបន្ថែមថា៖ «រឿងនេះជារឿងចាស់តាំងពីយូរមកហើយ។ យើងមិនដឹងដោះស្រាយយ៉ាងម៉េចទេ ប៉ុន្តែយើងមិនទុករឿងនេះចោលទេ យើងនឹងបញ្ចូលទៅឱ្យស្រុក ខេត្ត និងអាជ្ញាធរជាតិអប្សរា គេជួយអន្តរាគមន៍ដោះស្រាយ។ មានតែធ្វើអ៊ីចឹងទេ ព្រោះយើងគ្មានលទ្ធភាពដោះស្រាយទេ»។
កាលពីថ្ងៃទី២៤ ខែតុលា ម្សិលមិញនេះ ប្រជាពលរដ្ឋទាំងនោះក៏បាននាំគ្នាទៅប្រមូលផ្តុំ និងដាក់ញត្តិនៅរដ្ឋបាលខេត្តសៀមរាបផងដែរ ប៉ុន្តែមន្ត្រីរដ្ឋបាលខេត្តបដិសេធទទួលសំណើរបស់ប្រជាពលរដ្ឋ ក្រោមហេតុផលថា ប្រជាពលរដ្ឋគ្មានលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីច្បាស់លាស់។
ចំណែកអភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង ប្រាប់វីអូឌីកាលពីថ្ងៃម្សិលមិញថា ករណីនេះគឺជារឿងថ្មីសម្រាប់លោក ខណៈលោកទើបតែកាន់តំណែងបាន៤ឆ្នាំ។ ប៉ុន្តែលោកថានឹងស្រាវជ្រាវករណីនេះ ដោយស្វែងរកឯកសារពាក់ព័ន្ធ ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់ជូនពលរដ្ឋ។
លោកបន្ថែមថា៖ «ចាំមើលខ្ញុំពិនិត្យមើលតើករណីហ្នឹងយ៉ាងម៉េច? ព្រោះករណីហ្នឹង បើតាមខ្ញុំសួរខាងអាជ្ញាធរអប្សរា គេបានដោះស្រាយគោលនយោបាយជូនបងប្អូនហ្នឹងមួយចំនួនហើយ។ សួរទៅ ថាដីភូមិដីស្រែហ្នឹងបានដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋរួចហើយ លើកលែងតែដីព្រៃទេ កាលហ្នឹងអត់បានដោះស្រាយជូន»។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ករណីអាជ្ញាធរមិនទទួលសំណើរបស់ប្រជាពលរដ្ឋ ហើយរុញដាក់គ្នានោះគឺបង្ហាញពីកម្សោយ និងការមិនទទួលខុសត្រូវរបស់អាជ្ញាធរទាំងនោះចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ លោកថា តាមរដ្ឋធម្មនុញ្ញ គឺអាជ្ញាធររដ្ឋទទួលយកសំណើរបស់ប្រជាពលរដ្ឋទៅពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ផងដែរ។
លោកបន្ថែមថា៖ «សរុបទៅ គឺថាស្ថាប័នមានសមត្ថកិច្ចហ្នឹងជាស្ថាប័នដែលខ្សោយ មិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ហើយស្ថាប័ននិងអាជ្ញាធរទាំងនោះដោះខ្លួន យករួចខ្លួនតែមួយគ្រាៗ»។
មួយទៀតនោះ លោកថា ការដោះស្រាយដោយយកដីពលរដ្ឋទៅបែងចែកឱ្យពលរដ្ឋផ្សេងទៀតនោះជាទង្វើមិនល្អ និងបានបង្កការឈឺចាប់ដល់ពលរដ្ឋរងគ្រោះ ហើយពួកគេនឹងមានបញ្ហាជីវភាពគ្រួសារ ដោយសារតែគ្មានដីធ្លីគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល៕