អ្នកនយោបាយជាន់ខ្ពស់នៃគណបក្សជំទាស់ បានលើកឡើងដោយផ្ទាល់ជាមួយមន្រ្តីអគ្គរដ្ឋទូតប្រទេសមហាអំណាចផ្នែកប្រជាធិបតេយ្យ អំពីលំហប្រជាធិបតេយ្យ និងនីតិវិធីនៃសវនាការរបស់ខ្លួន ដែលរឿងក្ដីនេះកំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ ខណៈសហរដ្ឋអាមេរិកក៏ចង់ឃើញភាពជឿនលឿននៃដំណើរការនីតិវិធីនេះដោះស្រាយឱ្យបានឆាប់ និងជំរុញឱ្យស្ដារឡើងវិញនូវសិទ្ធិធ្វើនយោបាយ ដើម្បីជាប្រយោជន៍សម្រាប់កម្ពុជា។
ថ្លែងនៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២៤ ខែតុលា នៅរាជធានីភ្នំពេញ លោក កឹម សុខា អតីតប្រធានគណបក្សជំទាស់ដែលត្រូវបានតុលាការរំលាយ ឱ្យដឹងថា ក្នុងកិច្ចសន្ទនាជាមួយលោក ផាទ្រីក មើហ្វ៊ី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ភាគីទាំងពីរផ្តោតសំខាន់ទៅលើដំណើរការប្រជាធិបតេយ្យ ការផ្លាស់ប្តូរទស្សនៈ និងព័ត៌មានគ្នាក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
លោក កឹម សុខា លើកឡើងនៅក្នុងសំណេរផ្លូវការរបស់លោកតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា កិច្ចពិគ្រោះយោបល់នេះក៏ផ្តោតដែរទៅលើការវិវត្តនៃសវនាការនិងសិទ្ធិធ្វើនយោបាយរបស់ខ្លួនដែលកំពុងជាប់បម្រាមតុលាការ។
លោកបន្តថា៖ «ថ្ងៃនេះ [ថ្ងៃទី២៤ ខែតុលា] ខ្ញុំបានជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅនិវេសនដ្ឋានរបស់គាត់ ដោយមានសហការីចូលរួមផងដែរ។ ក្នុងជំនួបនេះ ក៏ដូចជាជំនួបរបស់ខ្ញុំជាមួយឯកអគ្គរដ្ឋទូត រាជទូត នៃប្រទេសផ្សេងៗកន្លងមកថ្មីៗ និងនៅពេលឆាប់ៗខាងមុខនេះដែរ គឺដើម្បីផ្លាស់ប្តូរព័ត៌មាននិងទស្សនៈគ្នាអំពីការវិវត្តនៃដំណើរការសវនាការ និងសិទ្ធិសេរីភាពរបស់ខ្ញុំ ព្រមទាំងលំហប្រជាធិបតេយ្យនៅកម្ពុជា»។
គិតពីថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនទាំងពាក់កណ្តាលអធ្រាត្រ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ អ្នកនយោបាយចាស់វស្សារូបនេះត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយប្រមាណ៥ឆ្នាំមកហើយ។ តុលាការក្រុងភ្នំពេញ ទើបបានបិទបញ្ចប់នីតិវិធីនៃការសួរដេញដោលលើអង្គសេចក្តី កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅនេះ និងកំណត់ឱ្យភាគីក្នុងរឿងក្ដី ធ្វើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងទាញហេតុផលផ្ទាល់មាត់ នៅថ្ងៃទី២១ ខែធ្នូ ខាងមុខនេះ។
ដោយឡែក លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ក្រោយជំនួបបានបិទបញ្ចប់ជាមួយលោក កឹម សុខា ដែរ ថាសហរដ្ឋអាមេរិកប្តេជ្ញាចិត្តក្នុងការគាំទ្រចំពោះគោលបំណងរបស់ពលរដ្ឋកម្ពុជាដែលចង់បានប្រទេសកំពុងអភិវឌ្ឍន៍មួយនេះមានភាពថ្កុំថ្កើង រុងរឿង និងប្រជាធិបតេយ្យ។ ជាងនេះទៀត លោកថា សិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា គួរត្រូវបានផ្តល់សម្បទាឡើងវិញដោយពេញលេញ ក្រោយពីការឃុំខ្លួន និងបន្តនីតិវិធីនៅតុលាការប្រមាណ៥ឆ្នាំមកនេះ។
លោកបន្តថា៖ «ថ្ងៃនេះ [ថ្ងៃទី២៤ ខែតុលា] ខ្ញុំបានជួបជាមួយឯកឧត្តម កឹម សុខា ដើម្បីគូសបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ចំពោះបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដើម្បីប្រទេស[កម្ពុជា]មួយប្រកបដោយវិបុលភាព និងប្រជាធិបតេយ្យ។ ៥ឆ្នាំក្រោយនៃការឃុំខ្លួន និងជំនុំជម្រះ វាជាពេលវេលាមួយសមស្រប ដើម្បីបង្ហាញថា សិទ្ធិធ្វើនយោបាយលោក កឹម សុខា និងសិទ្ធិពលរដ្ឋ ត្រូវបានគេស្តារឡើងវិញដោយពេញលេញ និងផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជាផង»។
លោក កឹម សុខា បានបញ្ជាក់នៅក្នុងជំនួបដែរថា លោកមានកិត្តិយស និងមិនអាចបំភ្លេចបាន ដែលតំណាងប្រទេសមហាអំណាចជាមិត្តកម្ពុជា នៅចាត់ទុករូបលោកជាមេដឹកនាំនយោបាយដែលមិនខ្វះបានមួយរូបនៅក្នុងប៉ូលនយោបាយសម្រាប់កម្ពុជា។ លោកបន្ថែមថា រាល់កិច្ចពិគ្រោះយោបល់ទាំងនោះ គឺផ្តោតលើប្រធានបទសំខាន់ខុសៗគ្នា ដើម្បីជាប្រយោជន៍ចំពោះប្រទេសកម្ពុជា ដែលមិនបានផ្តោតលើអត្ថប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់លោករូបក្នុងនាមជាអ្នកនយោបាយបក្សជំទាស់។
មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ឃើញថា ការជួបប្រាស្រ័យទាក់ទង និងការលើកឡើងបែបណារបស់មេដឹកនាំនយោបាយ និងមន្រ្តីទូតមហាអំណាចនេះ គឺជាសិទ្ធិសេរីភាពរបស់ពួកគេ ដូចមានបញត្តិនៅក្នុងច្បាប់កម្ពុជា ដែលវាមិនទាស់ខុសអ្វីឡើយ។ បើតាមអ្នកនយោបាយរូបនេះ អ្វីដែលជាកង្វល់ដែលរដ្ឋាភិបាលត្រូវទទួលបន្ទុកក្នុងការដោះស្រាយ គឺវិបត្តិជំងឺកូវីដ-១៩ និងសេដ្ឋកិច្ចជាតិ។
លោកបន្តថា៖ «ខ្ញុំយល់ថាជំនួបរវាងទូតអាមេរិក និងលោក កឹម សុខា ជាសិទ្ធិរបស់គាត់ ក្នុងនាមគាត់ជាទូតដែលធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គាត់ធ្លាប់ជួបជាច្រើនលើកច្រើនដងមកហើយ។ ប៉ុន្តែចំពោះខ្លឹមសារនៃការជជែកគ្នា ខ្ញុំយល់ថា ជាសិទ្ធិសេរីភាពរបស់គាត់ពេញលេញក្នុងការពិភាក្សាទ្វេភាគីរបស់គាត់។ ដោយឡែក ដែលថាឱ្យសម្រួលបរិយាកាសនយោបាយយ៉ាងម៉េចនោះ អាហ្នឹងវាអាស្រ័យទៅលើការយល់ឃើញរបស់មនុស្សម្នាក់ៗ តាមមជ្ឈដ្ឋាន តាមនិន្នាការនយោបាយរបស់ខ្លួន»។
បើតាមលោក សុខ ឥសាន ចំពោះការផ្តល់មធ្យោបាយក្នុងការសម្រួលឱ្យមានការបន្ធូរបន្ថយបរិយាកាសនយោបាយណាមួយនោះ នឹងមិនអាចកើតឡើងបានទេ ព្រោះសំណុំរឿងលោក កឹម សុខា នេះ កំពុងស្ថិតនៅក្នុងដៃរបស់តុលាការនៅឡើយ។ ម្យ៉ាងវិញទៀត លោកថា ការសម្រេចចិត្តបែបណា គឺជាសិទ្ធិរបស់តុលាការ រដ្ឋាភិបាលមិនអាចលូកលាន់កិច្ចការណាមួយនៅក្នុងតុលាការបានទេ។ ក៏ប៉ុន្តែនៅចំពោះមុខនេះ លោកថា តុលាការកំពុងពន្លឿននីតិវិធីរបស់ខ្លួន ដើម្បីឈានទៅបញ្ចប់កិច្ចការនានាតាមផ្លូវច្បាប់ហើយ សម្រាប់សំណុំរឿងព្រហ្មទណ្ឌមួយនេះ។
ជុំវិញរឿងក្តីអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយនេះ សហគមន៍អន្តរជាតិបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលរាល់បទចោទប្រឆាំងលោក កឹម សុខា និងត្រូវផ្តល់សម្បទានៃការធ្វើនយោបាយឡើងវិញដោយពេញលេញសម្រាប់រូបលោក។ ការទាមទារនេះ ស្របពេលដែលលោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងបរទេសសហរដ្ឋអាមេរិក ធ្លាប់បានហៅការចាប់ខ្លួនអ្នកនយោបាយជើងចាស់រូបនេះថាធ្វើឡើងដោយគ្មានហេតុផល។
ដោយឡែក ចំពោះមន្រ្តីរដ្ឋាភិបាលធ្លាប់ថ្លែងការពារពីការចាប់ខ្លួននេះជាញឹកញាប់ថា នេះជាការអនុវត្តច្បាប់ ដោយផ្អែកលើភស្តុតាង និងបទល្មើសជាក់ស្តែងស្របតាមច្បាប់កម្ពុជា។ ក្រៅពីនេះ ការទាមទារណាមួយរបស់សហគមន៍អន្តរជាតិ គឺជាការយល់ឃើញរបស់ពួកគេប៉ុណ្ណោះ។
បើទោះជាបែបណា សម្រាប់អ្នកវិភាគនយោបាយធ្លាប់លើកឡើងថា កម្ពុជាគួរបើកចំហសេរីភាពនយោបាយនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកដល់ ជាពិសេសនៅមុនកិច្ចប្រជុំកំពូលសំខាន់ៗដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា និងខែធ្នូ ខាងមុខនេះ ដូចជា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ, កិច្ចប្រជុំ APEC នៅប្រទេសថៃ និងកិច្ចប្រជុំប្រទេស G20 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាដើម។
ជាងនេះទៅទៀត អ្នកវិភាគនយោបាយក៏សង្កេតឃើញដែរថា ការផ្តល់សម្បទាឱ្យអ្នកទោសមនសិការ និងសម្រួលស្ថានភាពនយោបាយឱ្យល្អប្រសើរឡើងវិញ នៅមុនព្រឹត្តិការណ៍ដ៏សំខាន់នេះ អាចជួយលើកកម្ពស់មុខមាត់កម្ពុជា ហើយក៏អាចផ្តល់ផលប្រយោជន៍សម្រាប់កម្ពុជាដែរ ទៅលើផ្នែកសេដ្ឋកិច្ច និងសង្គម៕