រដ្ឋមន្ត្រីក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់តៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិនគួរតែបញ្ឈប់ការគំរាមកំហែងផ្នែកកម្លាំងយោធាមកលើដែនកោះរបស់ខ្លួន ហើយជំនួសមកវិញនូវការរក្សាសន្តិភាព និងស្ថិរភាព។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការជំរុញនេះបានធ្វើឡើង ខណៈយោធាចិនក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានសង្កេតឃើញថា មានការធ្វើសមយុទ្ធរបស់ខ្លួនជាច្រើននៅជិតកោះតៃវ៉ាន់ ដែលធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់ដែនកោះមួយនេះកាលពីខែសីហាកន្លងទៅ។
ទាក់ទិននឹងករណីនេះ រដ្ឋមន្ត្រីក្រុមប្រឹក្សាកិច្ចការចិនដីគោក លោក Chiu Tai-san បានឱ្យដឹងថា៖ «ប្រទេសចិនគួរតែបញ្ឈប់នូវការគំរាមកំហែងផ្នែកកម្លាំងយោធារបស់ខ្លួន ខណៈវាមិនបានជួយអ្វីក្រៅតែពីធ្វើឱ្យភាគីទាំងពីរកាន់តែឃ្លាតឆ្ងាយពីគ្នា និងបង្កើនភាពតានតឹងនៅក្នុងតំបន់នោះទេ»។
លោកបន្ថែមថា៖ «យើងជំរុញឱ្យចិនដីគោកបញ្ឈប់ការប្រើប្រាស់អាវុធ ហើយងាកមករក្សាសន្តិភាព និងស្ថិរភាពជំនួសវិញ»។
លោកបន្តថា៖ «គន្លឹះឆ្ពោះទៅកាន់សន្តិភាព គឺការបង្វែរផ្នត់គំនិតពីការដោះស្រាយបញ្ហាដោយប្រើប្រាស់កម្លាំង ខណៈចិនគួរតែជ្រើសរើសការដោះស្រាយតាមរយៈការសន្ទនាដោយគ្មានការកំណត់លក្ខខណ្ឌជាមុន»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងតៃវ៉ាន់ និងចិន បានកើនឡើងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលចិននៅតែបន្តអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន។
ទោះជាយ៉ាងណា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សង្គ្រាមរវាងតៃវ៉ាន់ និងចិន គឺពិតជាមិនមែនជាជម្រើសឡើយ ដោយលោកស្រីក៏បានបញ្ជាក់សាជាថ្មីអំពីឆន្ទៈក្នុងការពិភាក្សាជាមួយចិន និងសន្យាពង្រឹងការការពារដែនកោះមួយនេះបន្ថែមទៀត៕