នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ដាក់ស៊ូ (Han Duck-soo) បាននិយាយនៅថ្ងៃពុធនេះថា នគរបាលត្រូវតែពន្យល់ពីរបៀបដែលពួកគេឆ្លើយតប បន្ទាប់ពីបានទទួលការហៅទូរសព្ទបន្ទាន់ជាច្រើនម៉ោង មុនពេលព្រឹត្តិការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាង១៥០នាក់នៅក្នុងទីក្រុងសេអ៊ូល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។
ព្រឹត្តិការណ៍រត់ជាន់គ្នាកាលពីយប់ថ្ងៃសៅរ៍ [ទី២៩ ខែតុលា ឆ្នាំ២០២២] បានសម្លាប់មនុស្សចំនួន១៥៦នាក់ និងរបួស១៥១នាក់ ហើយ២៩នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យ៉ាងហោចណាស់មានជនបរទេសចំនួន២៦នាក់ មកពី១៤ប្រទេស ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍នេះដែរ។
យុវជនរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមផ្លូវតូចចង្អៀតក្នុងតំបន់អ៊ីថេវ៉ុន (Itaewon) ទីក្រុងសេអ៊ូល ដ៏ពេញនិយមសម្រាប់ពិធីបុណ្យ Halloween លើកដំបូងក្នុងរយៈពេល៣ឆ្នាំ ដែលរដ្ឋាភិបាលទើបតែដកចេញនូវវិធានការបង្ការជំងឺកូវីដ-១៩។
លោក Han Duck-soo បានថ្លែងសុន្ទរកថាតាមទូរទស្សន៍នៅក្នុងកិច្ចប្រជុំក្រុមការងារស្តីពីគ្រោះមហន្តរាយថា៖ «នគរបាលត្រូវធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់ និងពន្យល់ឱ្យបានច្បាស់លាស់ និងប្រកបដោយតម្លាភាពដល់សាធារណជន»។
យោងតាមរបាយការណ៍បានឱ្យដឹងថា នគរបាលបានទទួលការហៅទូរសព្ទបន្ទាន់ចំនួន១០ផ្សេងទៀត មុនពេលមានព្រឹត្តិការណ៍កើតឡើង។