យុវជន​កម្ពុជា​មាន​ចំណេះដឹង​ផ្នែក​អក្ខរកម្ម​ប្រព័ន្ធផ្សព្វផ្សាយ​នៅ​មាន​ភាព​ខ្វះចន្លោះ

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ (ហេង វិចិត្រ​)

ប្រទេស​កម្ពុជាមាន​ប្រជាជន​វ័យ​ក្មេង​ច្រើន បើធៀបបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍​ ហើយ​ភាគច្រើ​​ន​​​នៃ​ប្រជាជន​វ័យ​ក្មេង​ទាំង​នេះសុទ្ធតែប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ខណៈការ​​ទំនាក់ទំនង​គ្នា​តាម​​រយៈ​ទូរសព្ទ​ស្មាត​ហ្វូន​កំពុង​តែពេញ​និយម​បំផុត ដែល​ក្នុង​នោះបណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ជម្រើស​ដ៏​​​​សំខាន់​ជាងគេ។

យោងតាមព្រឹត្តិបត្ររបស់អង្គការយូនីសេហ្វ (UNICEF) ដែលចេញផ្សាយក្នុងពេលកន្លងទៅ នៅលើគេ​​​​​ហទំ​​ព័ររបស់ខ្លួន ឱ្យដឹង​ថា ប្រជាពលរដ្ឋមួយភាគបីនៃ​​ពលរដ្ឋ​​ក​ម្ពុ​​​​ជាដែលមាន​​អា​យុ​​​ក្រោម​​១៥​​ឆ្នាំ គឺ​​ជាប្រទេសមួយដែលមានប្រជាជនក្មេងជាងគេនៅតំបន់អាស៊ី​​អាគ្នេ​​យ៍​។

ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជាបច្ចុប្បន្ន និសិត្សឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិ យុវជន ស៊ឹម ចាន់សំណាង បានលើកឡើងថា យុវជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធឌីជីថលមានប្រមាណ​ ២ភាគ៣ នៃប្រជាជនសរុបក្នុងប្រទេស ប៉ុន្តែមើលទៅអ្នកប្រើប្រាស់ទាំងនោះហាក់ដូចជាមិនសូវចេះប្រើឱ្យមានសុវតិ្ថភាពនោះទេ។

លោកនិយាយថា៖ «ជាក់ស្ដែង ខ្ញុំសង្កេតឃើញមានករណីជាច្រើនលើការលួចទិន្នន័យផ្សេងៗតាមរ​យៈបណ្ដាញសង្គម មូលហេតុទាំងអស់នេះគឺមកពីកង្វះចំណេះដឹងអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះ​​​​ពេលខ្លះគាត់ចេះប្រើប្រាស់វា តែមិនដឹងធ្វើយ៉ាងម៉េចឱ្យមានសុវតិ្ថភាពអ៊ីចឹងទៅ»

មួយវិញទៀត និសិ្សតរូបនេះបន្ថែមថា នៅលើប្រព័ន្ធឌីជីថលមានជនអនាមិកជាច្រើន ដែលពួកគេព្យាយាមរិះរកវិធីផ្សេងៗដើម្បីធ្វើយ៉ាងណាអាចចូលលួចទិន្នន័យក្នុងគណនីបណ្តាញសង្គម តាមរយៈការផ្ញើតំណភ្ជាប់ (Link) ឬបន្លំគណនី ជាដើម។ ដូច្នេះ ជម្រើសដែលអាចជួយឱ្យគេចផុតពីបញ្ហាទាំងអស់នេះ គឺយល់ដឹងពីអក្ខរកម្មផ្សព្វផ្សាយ ដើម្បីទទួលបានការចេះគិតស៊ីជម្រៅមុននឹងជឿទៅលើអ្វីមួយ។

លោកបន្តថា៖ «ព័ត៌មានជាច្រើនបានបន្តចែកចាយលើប្រព័ន្ធឌីជីថល ប៉ុន្តែព័ត៌មានសព្វថ្ងៃហ្នឹងស​​ម្បូ​រព័ត៌មានមិនពិតច្រើនពេក។ អ៊ីចឹងយុវជនអាចនឹងងាយប្រឈមពីបញ្ហាទាំងអស់នោះ ទាំងដែលពេលខ្លះគាត់ចែកចាយបន្តទៅអ្នកដទៃ ហ្នឹងវារឹតតែបង្កផលប៉ះពាល់ថែមទៀតហើយ»

មុខ​វិជ្ជា «អក្ខរកម្ម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ» ត្រូវ​បាន​ដាក់​បញ្ចូល​​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សិក្សា​​បច្ចេកវិទ្យា​ព័​ត៌​​​​មាន និង​សារ​ទូរគមនាគមន៍(ICT) សម្រាប់​ថ្នាក់​ទី​១២ ចាប់តាំង​ពី​ឆ្នាំ​សិក្សា​ (២០១៦-២០​​១​៧​)​​​​ រហូតដល់បច្ចុប្បន្ន ដោយ​មាន​ការ​សហការ​ជា​មួយ​អង្គការ​ DW Akademie ដើម្បី​​បង្រៀន​សិស្ស​អំពី​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម។

ថ្លែងក្នុងកម្មវិធីសន្និសីទថ្នាក់ជាតិ ស្តីពី ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០​​​២​​​២ នៅសណ្ឋាគារសុខាភ្នំពេញ អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា លោកស្រី សេង ស៊ីណែត ឱ្យដឹងថា បច្ចុប្បន្ននេះ ក្រៅពីអភិវឌ្ឍន៍សៀវភៅសិក្សាគោ​​ល​​ ICT ថ្នាក់ទី១២ ឆ្នាំ២០២២នេះ គឺក្រសួងបានបង្កើតជាសៀវភៅអក្ខរកម្មឌីជីថលសម្រាប់បណ្តុះ​​​បណ្ដាលដល់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ នៅវិទ្យាស្ថានគរុកោសល្យ។

លោកស្រីថ្លែងថា៖ «យើងចាប់ផ្ដើមពីប្អូនៗសិស្សានុសិស្ស ដើម្បីឱ្យគាត់បានមូលដ្ឋានគ្រឹះស្វែងយ​ល់​​​ពី MIL។ ប៉ុន្តែជាជំហានបន្ទាប់ គឺធ្វើទៅលើការអប់រំគ្រូវិញម្តង»

លោកស្រី សេង ស៊ីណែត បានបញ្ជាក់ថា គ្រូគ្រប់មុខវិជ្ជាទាំងអស់មានតួនាទីសំខាន់ក្នុងវិស័យ​​អប់រំ ដូច្នេះបំណិនអក្ខរកម្មប្រព័ន្ធ​ផ្សព្វផ្សាយមិនមែនសម្រាប់តែគ្រូ IT ទេដែលត្រូវរៀន ពោលគឺសម្រា​ប់​​គ្រូគ្រប់មុខវិជ្ជាតែម្ដង។

​ដ្បិត​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ការ​ទំនាក់ទំនង​នៅ​កម្ពុជាមាន​ការ​អភិវឌ្ឍ​​ឆាប់​រហ័ស​ក្ដី នៅ​មានរឿង​ជាច្រើន​ដែល​ត្រូវការ​ឈ្វេងយល់អំពី​ភាព​ស្មុគស្មាញ​ និង​ផល​ប៉ះពាល់​របស់​វា។ ដូច្នេះមុខ​វិជ្ជា «អក្ខរកម្ម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ» ​បានជួយ​ដល់​យុវជន​កម្ពុជាអាច​សិក្សា​ពី​របៀប​ប្រើប្រាស់​មេឌៀ (Media)​ គ្រប់​ទម្រង់ ដូចជា​ ​វិទ្យុ​ ទូរទស្សន៍ ការ​ព្រីន​ឯកសារ ​​ប្រព័ន្ធ​អ៊ីនធឺណិត និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ឌីជីថល​ថ្មី​ៗ ​ជា​ដើម​។

អ្នកសម្របសម្រួលគម្រោង​របស់អង្គការ​ DW​ Akademie​ លោក សរ ចាន់ដារ៉ា បានលើកឡើងថា ប្រព័ន្ធ​ផ្សព្វផ្សាយពិតជាមានសារៈសំខាន់សម្រាប់មនុស្សទូទៅ ហើយក្នុងនាមលោកជាអ្នក​បណ្ដុះបណ្ដាល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មានមួយរូប លោកចង់ឃើញអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលយល់ឱ្យ​​បាន​​​ស៊ីជម្រៅ និងមានសមត្ថភាពក្នុងការត្រិះរិះពិចារណាលើចរិតលក្ខណៈរបស់ប្រព័ន្ធផ្សព្វផ្សាយ។

លោកនិយាយថា៖ «យើងឃើញហើយ អ្នកប្រើប្រាស់សព្វថ្ងៃ គាត់ប្រើប្រាស់អត់ទទួលខុសត្រូវទេ។ ផ្ស​​​ព្វផ្សាយអីមួយ គាត់អត់ដឹងថាប៉ះពាល់ដល់អីខ្លះ ប៉ះពាល់ដល់នរណាខ្លះទេ ហើយជួនកាលវាមានបញ្ហាច្រើន»

អ្នកសម្របសម្រួល​របស់​ DW​ Akademie រូបនេះថា គោលបំណងរួមនៃ​កិច្ច​សហការ​ជា​មួយក្រ​​សួង​អប់រំ គឺចង់ឱ្យប្រើប្រាស់ប្រកបដោយសុវត្ថិភាព ហើយមានការទទួលខុសត្រូវខ្ពស់។ លោកថា គោលដៅបន្ទាប់នឹងមានការបញ្ជ្រាប​មុខវិជ្ជានេះទៅកាន់ថ្នាក់ទី១១ ទី១០ និងទី៩ ជាបន្តបន្ទាប់នាពេលអនាគតផងដែរ។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា តំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំនៅកម្ពុជា លោក សាដា អូម៉ា អាឡាម (Sardar Umar Alam) បានលើកឡើងថា បណ្ដាញសង្គមបច្ចុ​​ប្បន្ន បានផ្លាស់ប្ដូររបៀបទទួលព័ត៌មានរបស់សាធារណជន ហើយក៏បង្កើតជាបញ្ហាស្មុគស្មាញដល់អ្នកប្រើប្រាស់ និងរដ្ឋាភិបាលដែរ ដូចជា បទល្មើសបច្ចេកវិទ្យា ជាដើម។ មិនតែប៉ុណ្ណោះ បណ្ដាញសង្គមក៏បានបង្កើតឱកាសឱ្យជនខិលខូចបង្កើតជាបទល្មើសផ្សេងៗ ដូចជា ការឆបោក និងការលួចលុយតាមប្រព័ន្ធអនឡាញ។

ទន្ទឹមនឹងនោះ លោក ស ខេង ក៏បានអះអាងថា សព្វថ្ងៃ រដ្ឋាភិបាលកំពុងរៀបចំសេចក្ដីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យា និងកំពុងស្ថិតក្នុងការពិភាក្សាជាមួយភាគីពាក់ព័ន្ធ ហើយក៏មានការចូលរួមពីមន្រ្តី​​ជំនាញអាមេរិកដែរ។ យ៉ាងនេះក្តី សេចក្ដីព្រាងច្បាប់នេះនៅមិនទាន់មានលក្ខណៈពេញលេញនៅឡើយទេ ហើយទាមទារឱ្យមានការសិក្សាបន្ថែម។

​​អង្គការ​លីកាដូ កាលពីថ្ងៃទី១ ខែសីហា បានចេញរបាយ​ការណ៍មួយស្តីពី «ត្រូវ​ក្លាហាន​និយាយ​ពី​​ប្រាក់​ក​ម្ចី​អន​ឡា​ញ​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ខុសច្បាប់​» ខណៈបណ្ដាញ​ក​ម្ចី​ប្រាក់​អន​ឡា​ញ​ ​កំពុងក្លាយ​​ជា​គោលដៅ​លើ​ស្រ្តី​ខ្មែរ​នៅ​លើ​បណ្ដាញ​សង្គម ​​ដោយ​ទាញ​អ្នក​ទាំងនោះ​ឱ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ ​តាមរយៈ​ការប្រើប្រាស់​រូបភាព​ ​និង​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ​​៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ