សង្គមស៊ីវិលលើកឡើងថា ការចូលរួមមតិរបស់ពលរដ្ឋក្នុងតំបន់ ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនិងកង្វល់នានា បើទោះបានជំរុញនូវភាពជោគជ័យឬអត់ក្ដី ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ ជួយរក្សាលំហសង្គមមិនឱ្យបិទ និងរំឭករដ្ឋាភិបាលឱ្យគោរពមតិពលរដ្ឋដែលធានាដោយច្បាប់។
ការលើកឡើងនេះធ្វើឡើងក្នុងសិន្និសីទសង្គមស៊ីវិលអាស៊ាន ឬវេទិកាប្រជាពលរដ្ឋអាស៊ាន ២០២២ ស្តីពី «ការពារ និងធានាលំហពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋអាស៊ីអាគ្នេយ៍ ដើម្បីសមធម៌ និងយុត្តិធម៌សង្គម» នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នារាជធានីភ្នំពេញ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ គឺចាំបាច់ត្រូវមានការចូលរួមពីពលរដ្ឋ ខណៈសូម្បីប្រទេសមិនកាន់លទ្ធិប្រជាធិបតេយ្យក៏មាននិយាយពីអភិបាលកិច្ច ឬការចូលរួមពីពលរដ្ឋដែរ។ លោកស្រីបន្តថា លំហពលរដ្ឋ អនុញ្ញាតឱ្យមហាជនបានលើកឡើងនូវក្តីបារម្ភ ជំរុញការកែលម្អ ការអភិវឌ្ឍ និងស្នើនូវដំណោះស្រាយលើចំណុចចម្រូងចម្រាសនានា។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា៖ «ធាតុផ្សំសំខាន់នៃអភិបាលកិច្ច គឺការចូលរួមពីពលរដ្ឋហ្នឹងហើយ! ហើយបើសិនជាគ្មានការចូលរួមពីពលរដ្ឋទេ អ៊ីចឹងថ្នាក់ដឹកនាំ អ្នកមានអំណាចទាំងឡាយហ្នឹង នឹងធ្វើការសម្រេចចិត្តដោយឯកឯង ហើយការសម្រេចចិត្តមួយចំនួនអាចប៉ះពាល់ដល់ផលប្រយោជន៍ជាសាធារណៈ ហើយចង់មិនចង់ វាប៉ះពាល់ដល់ពលរដ្ឋហ្នឹងហើយ។ អ៊ីចឹងការចូលរួមពីពលរដ្ឋ គឺសំខាន់ណាស់ក្នុងការទាញឱ្យមានគណនេយ្យភាពនៅក្នុងសង្គម គណនេយ្យភាពពីរដ្ឋាភិបាល»។
ជាមួយគ្នានេះដែរ លោកស្រី ចក់ សុភាព មើលឃើញថា បើទោះរដ្ឋាភិបាលកម្ពុជាអះអាងថាកំពុងប្រកាន់នូវរបបលទ្ធិប្រជាធិបតេយ្យ តែស្ថានភាពលំហសង្គមនៅតែមានការប្រឈម ដោយសារគេសង្កេតឃើញនៅមានការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ការគំរាមកំហែង និងការចាប់ខ្លួនសកម្មជនបក្សនយោបាយ សកម្មជនបរិស្ថាន និងសកម្មជនដីធ្លី ជាដើម។
យ៉ាងណា លោកស្រីចង់ឃើញរដ្ឋាភិបាលកម្ពុជាធានានូវលំហសង្គមស៊ីវិល ស្ថានភាពនយោបាយ និងស្ថានភាពសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ពលរដ្ឋខ្មែរក្រោមមួយរូបដែលចូលរួមក្នុងវេទិកានោះដែរ លោក ថើស ចន្ទ្រា លើកឡើងថា ការបើកលំហពលរដ្ឋមានសារៈសំខាន់ ព្រោះជាការផ្តល់ឱកាសឱ្យពលរដ្ឋបានលើកឡើងនូវបញ្ហា កង្វល់ និងសំណូមពររបស់ពួកគេ។ លោកថា បើលំហពលរដ្ឋត្រូវបានរឹតត្បិត នោះសង្គមនឹងច្របូកច្របល់ ព្រោះមានតែជនមានអំណាចប៉ុណ្ណោះដែលត្រូវបានគេស្តាប់យោបល់ ខណៈជនតូចតាចត្រូវគេមើលរំលង។
លោក ថើស ចន្ទ្រា បានថ្លែងថា៖ «ហើយបើសិនណាជាវាអត់មានអាហ្នឹង វាមានវិបត្តិផ្សេងៗ ឧទាហរណ៍ថា ជនជាតិដើមភាគតិច ក៏គាត់មានវិបត្តិ។ អ្នកដែលរងគ្រោះ វាកាន់តែរងគ្រោះទៀត! ភាពក្រីក្រ វាកាន់តែក្រីក្រទៅ! ហើយការរំលោភបំពានពីសំណាក់អ្នកដឹកនាំ មន្ត្រីរាជការអីផ្សេងៗ វាកាន់តែមានទៅៗ អ៊ីចឹងវាធ្វើឱ្យសង្គមហ្នឹងជារួមគឺច្របូកច្របល់ ហើយវាវិវត្តទៅរកផ្តាច់ការ»។
ពលរដ្ឋមួយរូបទៀតជាជនជាតិដើមភាគតិចចារ៉ាយ មកពីខេត្តរតនគិរី កញ្ញា ក្លាន សារិត បានលើកឡើងដែរថា ការរឹតត្បិតនៅតែបន្តកើតមាននៅកម្ពុជា ពោលនៅពេលដែលពលរដ្ឋលើកឡើងពីបញ្ហាណាមួយ ពួកគេអាចរងនូវការវាយប្រហារថាផ្សព្វផ្សាយព័ត៌មានមិនពិត ខណៈពលរដ្ឋជាជនគ្មានឥទ្ធិពល។
កញ្ញាថា៖ «រាល់ថ្ងៃនេះ យើងឃើញថាការផ្សព្វផ្សាយចេញ យើងឃើញថានៅមានសេរីភាព ប៉ុន្តែបើយើងគិតពីគុណភាពនៃការផ្សព្វផ្សាយចេញ វាអត់ទាន់មានភាពទូលំទូលាយ។ ពេលខ្លះ យើងអាចនិយាយបាន ប៉ុន្តែខ្លះទៀតនៅតែមានការរឹតត្បិត ឬក៏នៅពេលដែលយើងយកព័ត៌មានហ្នឹងចេញ គេមានការចោទប្រកាន់ថាជារឿងមិនពិតអ៊ីចឹង។ នៅតែមាន [ការរឹតត្បិត] យើងមិនអាចនិយាយថាវាទូលំទូលាយទាំងស្រុងទេ»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា លោក កត្តា អន យល់ថា អ្វីដែលសង្គមស៊ីវិលលើកឡើង គឺគ្រាន់តែជាការសម្លឹងមើលតែមួយជ្រុងតូច បំពុលបរិយាកាសសង្គម និងបំផ្លាញកិត្តិយសកម្ពុជាតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «លំហពលរដ្ឋ លំហប្រជាធិបតេយ្យនៅកម្ពុជាយើងប្រព្រឹត្តទៅល្អ យើងមានការអនុលោមទៅកាន់ច្បាប់ត្រឹមត្រូវណាស់។ ប៉ុន្តែជាការគួរឱ្យសោកស្តាយ មានពលរដ្ឋមួយចំនួន ជាពិសេសយើងសម្គាល់ឃើញថា មួយចំនួននោះច្រើនតែជាអ្នកដែលជាសកម្មជនបក្សប្រឆាំង ឬមួយក៏ជាសកម្មជនបរិស្ថាន ឬក៏សកម្មជនអង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលពួកគាត់ប្រើប្រាស់សេរីភាពនិងសិទ្ធិរបស់ខ្លួនហួសព្រំដែនកំណត់នៃច្បាប់»។
គួរបញ្ជាក់ថា វេទិកាពលរដ្ឋអាស៊ាន២០២២នេះ មានគោលបំណងពង្រឹងភាពប្រសព្វនៃសាមគ្គីភាព និងចលនាពាក់ព័ន្ធនានា ក្នុងចំណោមសង្គមស៊ីវិលអាស៊ាន តាមរយៈការបន្លឺសំឡេងរបស់ពលរដ្ឋលើបញ្ហាសិទ្ធិមនុស្ស និងការវាយប្រហារលើអង្គការសង្គមស៊ីវិល ក្រុមងាយរងគ្រោះ និងអ្នកការពារសិទ្ធិមនុស្សនៅអាស៊ីអាគ្នេយ៍។
វេទិកានេះក៏ផ្តល់នូវលំហសុវត្ថិភាពក្នុងការបញ្ចេញសំឡេងពលរដ្ឋមូលដ្ឋាន និងក្រុមងាយរងគ្រោះ នូវការចែករំលែក ការសិក្សារៀនសូត្រពីបណ្តាប្រទេសដែលតស៊ូព្យាយាម និងការកសាងសាមគ្គីភាព ខណៈរបបអាជ្ញាធរនិយម និងការថមថយនូវលទ្ធិប្រជាធិបតេយ្យកើនឡើង។
ក្រៅពីនោះ វេទិកានេះក៏ជាការជំរុញឱ្យអាស៊ាន និងរដ្ឋសមាជិកអាស៊ាន ដោះស្រាយបញ្ហាសិទ្ធិមនុស្សឱ្យកាន់តែប្រសើរឡើង ដែលកើតចេញពីការរីករាលដាលនៃកូវីដ-១៩ វិបត្តិមីយ៉ាន់ម៉ា និងការគំរាមកំហែងផ្សេងៗទៀតចំពោះសិទ្ធិមនុស្ស និងស្ថិរភាពក្នុងតំបន់ជាដើម៕