ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធម្សិលមិញ បានអំពាវនាវទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការដើម្បីបញ្ឈប់ការវាយប្រហារតាមដែនអាកាសរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ពន្ធសំខាន់ៗ ដែលបានធ្វើឱ្យទីក្រុងនានារបស់អ៊ុយក្រែនគ្មានអគ្គិសនីប្រើប្រាស់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះ។
ការអំពាវនាវនេះត្រូវបានធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានបាញ់មីស៊ីលចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ ដោយក្នុងនោះក៏បានសម្លាប់មនុស្ស ១០នាក់ ខណៈការផ្គត់ផ្គង់ទឹក និងអគ្គិសនី ក៏ត្រូវបានកាត់ផ្ដាច់នៅក្នុងទីតាំងជាច្រើនផងដែរ។
ថ្លែងតាមរយៈប្រព័ន្ធវីដេអូទៅកាន់សភានៅទីក្រុងញូវយ៉ក លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងថា៖ «ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែយើងទទួលបានការវាយប្រហារដោយកាំជ្រួចមីស៊ីលរហូតដល់ទៅ៧០គ្រាប់ លើមន្ទីរពេទ្យ សាលារៀន ហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូន និងតំបន់លំនៅដ្ឋាន ជាដើម។ វាគឺជាសកម្មភាពនៃភេរវកម្មរបស់រុស្ស៊ី»។
ទាក់ទិននឹងករណីនេះ លោកប្រធានាធិបតីអ៊ុយក្រែន បន្ថែមថា អ៊ុយក្រែន បច្ចុប្បន្នកំពុងតែរង់ចាំមើលប្រតិកម្មដ៏ខ្លាំងក្លាមួយពីពិភពលោក ចំពោះការវាយប្រហារតាមផ្លូវអាកាសដែលកើតឡើងកាលពីថ្ងៃពុធកន្លងទៅនេះ។
គួរបញ្ជាក់ថា ទីក្រុងកៀវ គឺជាគោលដៅដ៏សំខាន់មួយនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កាលពីថ្ងៃពុធ ខណៈអភិបាលនៃទីក្រុងមួយនេះបានឱ្យដឹងថា តំបន់ទាំងអស់ក្នុងទីក្រុង ដែលមានប្រជាជនរស់នៅជាង៣លាននាក់ ក៏គ្មានអគ្គិសនី និងទឹកសម្រាប់ប្រើប្រាស់ផងដែរ។
ទោះជាយ៉ាងណា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ថាមពល និងសេវាកម្មផ្សេងទៀត កំពុងតែត្រូវបានតភ្ជាប់ឡើងវិញហើយនៅក្នុងតំបន់ជាច្រើន ខណៈមន្រ្តីពាក់ព័ន្ធទាំងឡាយកំពុងតែខិតខំបំពេញការងារនេះទាំងយប់ទាំងថ្ងៃ។
រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនទៅលើអ៊ុយក្រែន តាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ កាលពីខែកុម្ភៈឆ្នាំនេះ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈលោក ហ្សេលេនស្គី ក៏ធ្លាប់បានចោទប្រទេសរុស្ស៊ីថាកំពុងតែព្យាយាមកម្ចាត់ប្រទេសរបស់លោកចេញពីពិភពលោកផងដែរ៕