លោក ហ៊ុន ម៉ានិត កូនប្រុស​របស់​លោក ហ៊ុន សែន ត្រូវបាន​ដំឡើង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី

លោក ហ៊ុន ម៉ានិត ថ្លែងក្នុងវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស ជំនាន់ទី១ ដល់មន្ត្រីត្រួតពិនិត្យគណបក្សប្រជាជនកម្ពុជា មកពីបណ្តាក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Hun Manith ហ៊ុន ម៉ានិត)

លោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានដំឡើងឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើតួនាទីបច្ចុប្បន្នជា​​អគ្គនាយកនៃនាយក​ដ្ឋានស្រាវជ្រាវ​ចារ​កម្ម​នៃក្រ​សួងការពារជាតិ។

លោក ហ៊ុន ម៉ានិត ត្រូវ​បាន​ផ្ដល់​ឋានន្តរសក្តិ​ជា​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​ ព្រះបាទ សម្ដេចព្រះនរោត្ដម សីហមុនី កាល​ពី​ថ្ងៃ​អង្គារ រួម​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ចំនួន៤​រូប​ទៀត។ លោក ហ៊ុន ម៉ានិត ក៏​ជា​អនុប្រធាន​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហើយលោកនៅតែកាន់តំណែងចាស់របស់លោកដដែល។ នេះ​បើ​យោងតាម​ឯកសារ​ផ្លូវការ។

បុគ្គល​​៤រូបផ្សេងទៀត​ដែលត្រូវបានដំឡើងឋានៈស្មើរដ្ឋមន្ត្រី ​រួមមាន លោក ប៉ាន់ខែម ប៊ុនថន នាយរង​ខុទ្ទកាល័យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោក ឈីវ យីស៊ាង ជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, និងលោក ស្លាត សុភាព និងលោក ហាក់ សុខហៃ ដែល​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន​។

អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទ លោក ថោង សូលីម៉ូ បដិសេធ​ធ្វើអត្ថាធិប្បាយលើការដំឡើងឋានៈរបស់លោក ហ៊ុន ម៉ានិត និងមន្ត្រីផ្សេងទៀត ខណៈលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ មិនអាចទាក់ទងបានទេកាលពីល្ងាចថ្ងៃអង្គារ។

លោក ហ៊ុន ម៉ាណែត បងប្រុសរបស់លោក ហ៊ុន ម៉ានិត គឺជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ហើយត្រូវបានគណបក្សប្រជាជនកម្ពុជាបោះឆ្នោតគាំទ្រឱ្យក្លាយជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រី បន្តតំណែងពីឪពុករបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន នៅ​មិន​ទាន់​កំណត់​ពេល​វេលា​ថាតើ​ពេល​ណា​ដែល​លោក​នឹង​ចុះចេញ​ពី​តំណែង និង​​ឱ្យ​កូន​ប្រុស​របស់លោក​ គឺលោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រីបន្តពេលណានោះឡើយ។

ប្អូនប្រុសរបស់លោក ហ៊ុន ម៉ានិត គឺលោក ហ៊ុន ម៉ានី ជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានអង្គការយុវជនមួយឈ្មោះថា សហភាពសហព័ន្ធយុវជនកម្ពុជា ខណៈបងស្រីរបស់លោក  ហ៊ុន ម៉ានិត គឺលោកស្រី ហ៊ុន ម៉ាណា និងប្អូនស្រីរបស់លោក គឺលោកស្រី ហ៊ុន ម៉ាលី គឺជាពាណិជ្ជករ និងពាក់ព័ន្ធក្នុងវិស័យជាច្រើននៃសេដ្ឋកិច្ច ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ឆ្នាំ២០១៦ របស់អង្គការឃ្លាំមើលអន្តរជាតិ (Global Witness) ដែលមានចំណងជើងថា «អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​ត្រកូល ហ៊ុន (Hostile Takeover)» ដែលបង្ហាញថា ក្រុមហ៊ុនមួយចំនួនគ្រប់គ្រងដោយគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតម្លៃជាង ២០០លានដុល្លារ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Hun Sen’s Son Promoted to Rank of Minister

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ