យុវជនមួយក្រុមក្នុងរាជធានីភ្នំពេញ ចំនួន៣០០នាក់ ដែលមានការមិនសប្បាយចិត្តនឹងសំរាមនៅតាមច្រាំងទន្លេមេគង្គ កំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីកៀរគរឱ្យមានការចូលរួមសម្អាត ខណៈមានកិច្ចខិតខំប្រឹងប្រែងមួយផ្សេងទៀតក្នុងការប្រមូលសំរាមដោយប្រើទូក។
លោក ហែម សុភេម អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានភាសាបរទេស បានចាប់ផ្តើមរើសសំរាមនៅតាមច្រាំងទន្លេមេគង្គ ហើយបង្ហោះវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង TikTok កាលពីខែមិថុនា។
នៅក្នុងវីដេអូថ្មីមួយដែលបានបង្ហោះលើទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «និស្សិតប្លាស្ទិច Nisset Plastic» លោក សុភេម គ្រវីក្បាលនៅកន្លែងចោលសំរាម ពាក់ស្រោមដៃប្លាស្ទិក និងលើកដៃត្រដាងឡើងមុនពេលច្របាច់ដបប្លាស្ទិក និងប្រអប់ដាក់អាហារចូលទៅក្នុងថង់ពណ៌បៃតង បន្ទាប់មកលោកជាន់ថង់នោះឱ្យណែន។ ចំណងជើងនៅលើទំព័រហ្វេសប៊ុកសរសេរថា «ពូប្លាស្ទិចទៅហែលទឹកស្ទឹងថ្ងៃនេះ»។
លោកបាននិយាយក្នុងបទសម្ភាសមួយថា៖ «ខ្ញុំចូលចិត្តរើសសំរាមនៅពេលដែលមនុស្សកំពុងបរិភោគ។ ខ្ញុំចង់បង្ហាញពីសកម្មភាព។ នៅពេលដែលមនុស្សឃើញសកម្មភាពរបស់យើង ពួកគេមានអារម្មណ៍ថាមានកំហុស»។
លោកបាននិយាយថា ចាប់តាំងពីខែមិថុនាមក ទំព័រហ្វេសប៊ុកនេះ [និស្សិតប្លាស្ទិច Nisset Plastic] បានជួយទាក់ទាញមនុស្សប្រហែល៣០០នាក់ឱ្យចូលរួមក្នុងក្រុមតេឡេក្រាមរៀបចំការសម្អាត ដែលលោកដឹកនាំយុវជនផ្សេងទៀតក្នុងការរើសសំរាមពីម៉ោង៤ ដល់ម៉ោង៥និង៣០នាទីល្ងាច នៅថ្ងៃចុងសប្ដាហ៍។ ដើម្បីស្វែងរកកន្លែងសម្អាត លោក សុភេម ធ្វើដំណើរជុំវិញទីក្រុង ស្វែងរកកន្លែងដែលមានសំរាមច្រើន។
លោកបាននិយាយថា នៅពេលដែលទំព័រហ្វេសប៊ុករបស់លោកដែលមានឈ្មោះថា «និស្សិតប្លាស្ទិច Nisset Plastic» ទទួលបានការចាប់អារម្មណ៍ មានមនុស្សកាន់តែច្រើនឡើងស្នើសុំចូលរួម។ ទំព័រហ្វេសប៊ុកនេះមានអ្នកតាមដាន (followers) ប្រហែល១៨ ០០០នាក់ ហើយវីដេអូដែលបានបង្ហោះថ្មីៗនេះមានអ្នកចូលចិត្ត (Like) ជិត៤០ ០០០នាក់។
លោកបាននិយាយថា៖ «ដំបូង ខ្ញុំរើស[សំរាម] តែម្នាក់ឯង។ មួយរយៈក្រោយមក មានមនុស្សពីរនាក់ទៀត»។
លោកបានបន្ថែមថា៖ «ខ្ញុំចង់ឱ្យមនុស្សផ្លាស់ប្តូរឥរិយាបថ។ មានប្លាស្ទិករាប់លាននៅលើផ្លូវ។ មធ្យោបាយតែមួយគត់ គឺផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្ស ដោយការបង្ហោះវីដេអូនៅលើបណ្តាញសង្គម»។
លោកបានបន្តថា នៅកន្លែងដែលលោក និងក្រុមរបស់លោកបានសម្អាតរួចហើយ សំរាមបានចាប់ផ្ដើមគរឡើងវិញក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។ ថ្មីៗនេះ ក្រសួងបរិស្ថានបានចាប់ផ្ដើមបញ្ជូនរថយន្តប្រមូលសំរាមដែលក្រុមរបស់លោកបានប្រមូល។
ទន្ទឹមនឹងនោះមានកិច្ចខិតខំប្រឹងប្រែងប្រមូលសំរាមមួយផ្សេងទៀតនៅតាមដងទន្លេមេគង្គចាប់តាំងពីខែមីនា ដោយមានទូកប្រមូលសំរាមសរុបពី ២ ទៅ ៣ តោន ក្នុងមួយថ្ងៃ នៅតាមទន្លេ និងច្រាំងទន្លេ។
លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការសម្អាតទន្លេ សមុទ្រ (River Ocean Cleanup) មានប្រសាសន៍ថា ក្នុងមួយទូកមានមនុស្សពីរនាក់បើក ដោយមានរ៉ឺម៉កកង់បីរង់ចាំនៅលើច្រាំងដើម្បីដឹកសំរាម។ មនុស្សចំនួន១៤នាក់ធ្វើការរៀងរាល់ថ្ងៃដើម្បីបែងចែកសំរាមបន្ទាប់ពីប្រមូលពីទន្លេ។
លោក នូ សុវណ្ណ បាននិយាយថា មនុស្សបោះចោល «អ្វីៗជាច្រើន» ទៅក្នុងទន្លេ ដែលបំពុលទឹក និងប៉ះពាល់ដល់បរិស្ថាន។
លោកបន្តថា៖ «ខ្ញុំរស់នៅបឹងត្របែក ហើយទឹកមានសារៈសំខាន់ណាស់។ ម្តាយនិងក្រុមគ្រួសាររបស់ខ្ញុំពឹងផ្អែកលើទឹក។ ដូច្នេះ នោះហើយជារបៀបដែលខ្ញុំភ្ជាប់ខ្លួនឯងទៅនឹងទឹក។ ខ្ញុំបានឃើញសំរាមតាំងពីក្មេងនៅបឹងត្របែក ហើយមានសំរាមច្រើននៅទីនោះ»។
លោកបន្តថា៖ «ពេលខ្លះ យើងមិនគិតថាមានសំរាមច្រើនបែបនេះទេ។ មនុស្សនៅតែបំពុល ហើយ [មិន] ផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេ។ ពួកគេគួរតែសម្អាតសំរាមដែលមាននៅក្នុងទន្លេ»។
អង្គការរបស់លោក នូ សុវណ្ណ ធ្វើការជាមួយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងបរិស្ថាន។ គោលដៅរបស់ស្ថាប័នទាំងនេះ គឺដើម្បីប្រើប្រាស់ថវិកាសរុបប្រហែល ៦លានដុល្លារ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ តាមរយៈការបរិច្ចាគឯកជន។ បច្ចុប្បន្ន លោក នូ សុវណ្ណ កំពុងផ្តល់មូលនិធិដល់ប្រតិបត្តិការរបស់អង្គការសម្អាតទន្លេ សមុទ្រ [River Ocean Cleanup] ដោយប្រាក់ផ្ទាល់ខ្លួនរបស់លោក និងប្រាក់មួយចំនួនដែលទទួលបានពីការបរិច្ចាគ។
លោក នូ សុវណ្ណ មានប្រសាសន៍ថា៖ «បេសកកម្មនេះអាស្រ័យលើមនុស្សគ្រប់រូប ទាំងរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ប្រជាជនកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យការសម្អាតទន្លេនេះទទួលបានជោគជ័យក្នុងរយៈពេលវែង ឆ្ពោះទៅកាន់ទន្លេដែលគ្មានកាកសំណល់ក្នុងរយៈពេលប្រាំឆ្នាំ»។
ក្រៅពីការប្រមូលសំរាមដោយប្រើទូក អង្គការក៏ពឹងផ្អែកលើបណ្ដាញប្រជាពលរដ្ឋដែលប្រមូលសំរាមតាមមាត់ទន្លេ ដោយផ្តល់ប្រាក់៣០០រៀលក្នុងសំរាមមួយគីឡូក្រាម។
សំរាមប្រហែល ១៥០តោន ស្ថិតនៅក្នុងឃ្លាំងរបស់អង្គការ ដែលត្រូវបានបែងចែករវាងវត្ថុដែលអាចកែច្នៃឡើងវិញបាន និងមិនអាចកែច្នៃឡើងវិញបាន និងបញ្ជូនទៅកន្លែងគ្រប់គ្រងសំណល់របស់ក្រុមហ៊ុន ជីប ម៉ុង ដោយមានប្រហែលពី ៥ ទៅ ១០តោន ត្រូវបានយកចេញពីឃ្លាំងក្នុងមួយសប្តាហ៍។
លោក នូ សុវណ្ណ បាននិយាយថា គោលដៅរបស់អង្គការ គឺប្រមូលសំរាមឱ្យបាន ៥ ០០០ តោនពីទន្លេមេគង្គ ក្នុងរយៈពេល៥ឆ្នាំ។ លោកបានបន្ថែមថា មានសំរាមច្រើនទៀតនៅក្រោមទឹក ដែលមនុស្សមើលមិនឃើញ។
លោកបានថ្លែងថា៖ «រដ្ឋាភិបាលរីករាយដែលយើងធ្វើយុទ្ធនាការនេះ។ ទោះយ៉ាងណា អ្វីដែលយើងចង់បាន គឺជួយអប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យចេះគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ»។
លោកបន្ថែមថា៖ «យើងចង់បង្ហាញឱ្យសង្គមឃើញពីការទទួលខុសត្រូវរបស់យើងពី “ក” ដល់ “អ” ដើម្បីសម្រេចបាននូវ “កាកសំណល់សូន្យ”»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ With TikTok and Trash Boats, Cleanup Efforts Target Mekong