យោធាថៃបានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រ នៅថ្ងៃចន្ទនេះ ដើម្បីស្វែងរកទាហានជើងទឹកចំនួន ៣១នាក់ ដែលបាត់ខ្លួន បន្ទាប់ពីនាវាចម្បាំងមួយគ្រឿងបានលិចនៅក្នុងឈូងសមុទ្រថៃ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នេះ។
នាវាកងទ័ពជើងទឹកចំនួន ៣គ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿង ត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់ខ្លួននៅខេត្តប្រាជួបគិរីខ័ន (Prachuap Khiri Khan) ភាគខាងត្បូងនៃទីក្រុងបាងកក បន្ទាប់ពីនាវាចម្បាំង HTMS Sukhothai មានបញ្ហាម៉ាស៊ីន ហើយបានលិចនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទនេះ ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រពីឆ្នេរសមុទ្រ។
យោងតាមកងទ័ពជើងទឹក ខ្យល់បក់ខ្លាំង និងរលកបានបោកចូលនាវា ដែលបណ្តាលឱ្យខូចប្រព័ន្ធអគ្គិសនី និងថាមពលសំខាន់ៗ។
កងទ័ពជើងទឹក បានរាយការណ៍នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃចន្ទថា៖ «នៅពេលដែលម៉ាស៊ីនលែងដំណើរការ យើងមិនអាចគ្រប់គ្រងបានទេ។ ទឹកបានចាប់ផ្តើមចូលក្នុងនាវាយ៉ាងឆាប់រហ័ស និងធ្វើឱ្យនាវាផ្អៀង»។
កងទ័ពជើងទឹក បាននិយាយថា រហូតមកដល់ពេលនេះ មនុស្ស ៧៥នាក់ ត្រូវបានជួយសង្គ្រោះ ខណៈ៣១នាក់ផ្សេងទៀតបាត់ខ្លួន។
អ្នកនាំពាក្យកងទ័ពជើងទឹក ឧត្ដមនាវីឯក ប៉ូក្រុង ម៉ុនថាដផាលីន (Pogkrong Monthardpalin) បាននិយាយថា នាវាចម្បាំង Sukhothai ដែលផលិតនៅសហរដ្ឋអាមេរិក ហើយដែលកងទ័ពជើងទឹកថៃប្រើនាវានេះតាំងពីឆ្នាំ១៩៨៧ ត្រូវបានវាយប្រហារដោយរលកធំៗកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ និងផ្អៀងមុនពេលលិចទៅក្នុងសមុទ្រ៕