ក្រុមអង្គការសង្គមស៊ីវិល បង្ហាញការព្រួយបារម្ភពីលំហសិទ្ធិទទួលបានព័ត៌មាន ខណៈសេចក្ដីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលបានតាក់តែងឡើងរយៈពេល៩ឆ្នាំមកហើយ នៅមិនទាន់ត្រូវបានរដ្ឋាភិបាលអនុម័ត។
នាយកប្រតិបត្តិអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ឡាំ សុជាតិ មានប្រសាសន៍នៅថ្ងៃអង្គារនេះថា គិតចាប់តាំងពីមានការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលចាប់ផ្តើមកាលពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន គឺមានរយៈពេល៩ឆ្នាំមកហើយ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះនៅមិនទាន់មានការអនុម័តដាក់ឱ្យប្រើប្រាស់នៅឡើយ។ ករណីនេះ លោកយល់ថា រដ្ឋាភិបាលហាក់មិនមានឆន្ទៈក្នុងការពន្លឿនការអនុម័ត និងការអនុវត្តសេចក្តីព្រាងច្បាប់នេះឱ្យបានឆាប់ឡើយ។
លោកថា៖ «នាយករដ្ឋមន្ត្រីបានជួបអ្នកកាសែតកាលពីឆ្នាំ២០២០ បានប្ដេជ្ញាចិត្តថានឹងអនុម័តច្បាប់ហ្នឹងឱ្យបានឆាប់ ប៉ុន្តែច្បាប់ហ្នឹងមកដល់ពេលនេះ មិនទាន់បានអនុម័ត ក៏ដូចជាអត់ទាន់មានសាររំឭកទាក់ទងច្បាប់ហ្នឹងបន្ថែមទៀត។ ប៉ុន្តែសង្គមស៊ីវិលព្យាយាមជំរុញច្បាប់សិទ្ធិទទួលព័ត៌មាន មកពិភាក្សា មកធ្វើបច្ចុប្បន្នភាព ហើយនឹងមកពន្លឿន»។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី មានប្រសាសន៍ថា កន្លងមកថ្មីៗនេះ ក្រសួងព័ត៌មាន បានបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» ទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលនេះបានបង្ហាញពីការវិវត្តថ្មីមួយជំហានទៀត។ តែយ៉ាងណា លោកថា ក្រុមអង្គការសង្គមស៊ីវិលនៅតែទទូចឱ្យទីស្ដីការគណៈរដ្ឋមន្ត្រី ពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់នេះតាមដែលអាចធ្វើបាន ដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅសភាបន្តទៀត។
លោកបញ្ជាក់ថា បើសិនមិនមានការអនុម័តសេចក្ដីព្រាងច្បាប់នេះឱ្យបានឆាប់ទេ វានឹងប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។
លោកថា៖ «ជារួម ទាំងអស់គ្នា ប្រជាពលរដ្ឋ ជាពិសេសអ្នកសារព័ត៌មាន គាត់មានការពិបាកនៅក្នុងការស្វែងរកព័ត៌មានពីស្ថាប័នសាធារណៈរបស់រដ្ឋអ៊ីចឹង។ តាមពិតទៅ រដ្ឋាភិបាល លោកគួរតែពន្លឿនសេចក្ដីព្រាង និងអនុម័តឱ្យបានឆាប់រហ័ស ពីព្រោះវាមានប្រយោជន៍ ដើម្បីជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ ហើយនឹងជំរុញឱ្យមានការបើកចំហព័ត៌មានសាធារណៈច្រើនតាមដែលអាចធ្វើទៅបាន» ។
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអះអាងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ថាសេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» បានបញ្ជូនទៅដល់ដៃគណៈរដ្ឋមន្ត្រីមួយរយៈហើយ ដោយរង់ចាំតែស្ថាប័ននេះប្រជុំពិនិត្យប៉ុណ្ណោះ។
ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់នេះកំពុងស្ថិតនៅក្នុងដំណាក់កាលក្រុមប្រឹក្សាអ្នកច្បាប់ពិនិត្យមើលឡើងវិញ ប៉ុន្តែការពិនិត្យត្រូវបញ្ចប់ពេលណានោះ លោកមិនបានដឹងឡើយ។ តែយ៉ាងណា លោកបានបង្វែរសំណួរឱ្យអ្នកសារព័ត៌មានសួរទៅអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយនៃសេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» នេះ។
លោកថា៖ «ដើម្បីលោកពិនិត្យសាជាថ្មីម្ដងទៀត តើវាមានការឆ្លើយតប និងមានសុគតភាពជាមួយនឹងច្បាប់ដទៃទេ។ អាហ្នឹង ខ្ញុំអត់ដឹង[ថា]តើការងារហ្នឹងវាដល់ណាហើយ ដើម្បីដាក់ចូលនៅពេលក្រុមប្រឹក្សាអ្នកច្បាប់ពិនិត្យ ហើយបន្ទាប់មកទៀតបានធ្លាក់មកខាងរដ្ឋបាល ហើយរដ្ឋបាលរៀបចំកាលវិភាគដើម្បីដាក់ចូលទៅក្នុងកិច្ចប្រជុំពេញអង្គ»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា សុំមិនធ្វើអត្ថាធិប្បាយ ដោយថា លោកមិនបានដឹងព័ត៌មាននេះ។
សេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ត្រូវបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សា និងពង្រាងជាច្រើនឆ្នាំមកហើយ ដោយមានការចូលរួមផ្តល់យោបល់ពីអង្គការយូណេស្កូ (UNESCO), វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការតម្លាភាពកម្ពុជា (TI) ជាដើម។
តែយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកធ្វើការលើវិស័យសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បានចេញលិខិតចំហរួមគ្នាមួយទាមទារឱ្យរដ្ឋាភិបាលលុបចោលចំណុច៧ មាត្រា២០ នៃច្បាប់នេះ ដោយថា ចំណុចនោះមានន័យទូលំទូលាយពេក និងខ្វះនូវភាពជាក់លាក់ក្នុងការលាតត្រដាងព័ត៌មានសាធារណៈ។
ចំណុច៧ មាត្រា២០ ក្នុងសេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ចែងថា «ព័ត៌មានសម្ងាត់ដទៃទៀតដែលស្ថិតក្នុងបទប្បញ្ញត្តិត្រូវហាមឃាត់» ដែលមានន័យថា ព័ត៌មានសម្ងាត់ដែលមានចែងក្នុងច្បាប់ផ្សេងៗត្រូវបានហាមឃាត់ក្នុងការបញ្ចេញទៅឱ្យអ្នកដែលស្នើសុំ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» បានអនុញ្ញាតឱ្យតាក់តែងនៅឆ្នាំ២០១៣ ដោយមានក្រសួងព័ត៌មានជាអ្នកទទួលបន្ទុក។ ច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» មាន១០ជំពូក និង៣៦មាត្រា។ ច្បាប់នេះមានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មានពីស្ថាប័នសាធារណៈ ដោយស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា៕