បក្សសាធារណរដ្ឋ នៅថ្ងៃនេះ បានចេញមុខបដិសេធទៅនឹងរបាយការណ៍វាយតម្លៃមួយរបស់ទីភ្នាក់ងារចារកម្មអាមេរិក ដែលបានរកឃើញថា រុស្ស៊ីព្យាយាមលូកលាន់ក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយគាំទ្រលោក ដូណាល់ ត្រាំ ខណៈដែលមេដឹកនាំព្រឹទ្ធសភាមកពីបក្សប្រជាធិបតេយ្យ បានអំពាវនាវឲ្យស៊ើបអង្កេតករណីនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរបស់បក្សសាធារណរដ្ឋ លោក Sean Spicer បានប្រាប់ទូរទស្សន៍ CNN ថា ការវាយតម្លៃរបស់ទីភ្នាក់ងារចារកម្ម CIA មិនត្រឹមត្រូវនោះឡើយ ហើយរឿងបែបនោះក៏មិនបានកើតឡើងដែរ។
លោកថ្លែងសំដៅទៅសេចក្ដីរាយការណ៍របស់កាសែត New York Times ដែលបានចុះផ្សាយថា ទីភ្នាក់ងារសម្ងាត់អាមេរិក ជឿជាក់យ៉ាងខ្លាំងថា ក្រុមចោរប្លន់តាមអ៊ីនធឺណិតរបស់រុស្ស៊ី បានវាយលុកចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់គណៈកម្មាធិការជាតិបក្សសាធារណរដ្ឋ ព្រមទាំងប្រព័ន្ធកុំព្យូទ័ររបស់បក្សប្រជាធិបតេយ្យផងដែរ ប៉ុន្តែ មិនបានបញ្ចេញព័ត៌មានដែលលួចបានពីបក្សប្រជាធិបតេយ្យនោះឡើយ។
ដំណឹងស្ដីពីរបាយការណ៍របស់ CIA អាមេរិក ដំបូងឡើងចុះផ្សាយដោយកាសែត The Washington Post កាលពីថ្ងៃសុក្រកន្លងមក ហើយបង្កឲ្យក្រុមរបស់ប្រធានាធិបតីជាប់ឆ្នោត ខឹងសម្បារយ៉ាងខ្លាំង។
ក្រុមការងាររបស់លោក ត្រាំ បានថ្លែងថា នោះគឺជាក្រុមមនុស្សតែមួយ ដែលនិយាយថា លោក សាដាម ហ៊ូសេន មានអាវុធមហាប្រល័យ។
លោក ត្រាំ បានថ្លែងថា ការបោះឆ្នោត បានបញ្ចប់ទៅហើយ ហើយនេះគឺជាពេលដែលធ្វើដំណើរទៅមុខ និងធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀត៕