សវនាការដែលប្រើពេលវេលាជាង១៣ម៉ោង ក្នុងការជំនុំជម្រះដើម្បីរកភាពត្រឹមត្រូវ សម្រាប់សំណុំរឿងព្រហ្មទណ្ឌក្រោមបទ«គប់គិតជាមួយរដ្ឋបរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល តាមររយៈបដិវត្តន៍ពណ៌នៅកម្ពុជា»នេះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការថ្នាក់ទាប សម្រេចនឹងចេញសាលក្រមនៅដើមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្រោយពីបញ្ចប់ភាពតានតឹងក្នុងហេតុផលការពារ និងដាក់បន្ទុក តាមរយៈសេចក្តីសន្និដ្ឋានរបស់គូភាគីនៅក្នុងសំណុំរឿង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញលោក កូយ សៅ បានសម្រេចភ្លាមៗថា សាលក្រមនៃរឿងក្ដីព្រហ្មទណ្ឌមួយនេះនឹងប្រកាសឱ្យដឹងសខ្មៅ នៅពេលព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
សវនាការដែលបិទបញ្ចប់ទៅហាក់មិនអស់ចិត្តទាំងសងខាងនេះ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ លើកឡើងថា បើទោះជាត្រូវតតាំងទៀតក៏មិនចប់ដែរ ហេតុនេះតុលាការសម្រេចឱ្យគូភាគីមានពេលវេលា ៥នាទីម្នាក់ទៀតបន្ថែមលើសេចក្តីសន្និដ្ឋាន ដើម្បីថ្លែងការពារពីការដោះបន្ទុកនៃការចោទប្រកាន់រៀងៗខ្លួន។
បើទោះបែបណា គេសង្កេតឃើញថា នេះអាចរាប់បានថា វាជាសវនាការលើកទី១ហើយ ដែលតុលាការត្រូវប្រើពេលក្នុងការកាត់ក្ដីរហូតដល់ម៉ោង៩និង១៣នាទីយប់ ទើបបិទបញ្ចប់ការជំនុំជម្រះ។ សម្រាប់សេចក្តីសន្និដ្ឋានរបស់សហមេធាវីការពារក្តីពីខាងរដ្ឋាភិបាល បានប្រើប្រាស់ពេលវេលារបស់ខ្លួនក្នុងការធ្វើសេចក្តីសន្និដ្ឋាន ទាំងទាញហេតុផលផ្ទាល់មាត់ និងនិក្ខេបបទផង ជិត៤ម៉ោង ខណៈមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានប្រើពេលជិត៥ម៉ោង។
បើគេពិនិត្យអំពីសេចក្តីសន្និដ្ឋាននេះ គឺសហមេធាវីការពារក្តីរបស់រដ្ឋាភិបាលដែលជាម្ចាស់បណ្ដឹង គឺធ្វើលើសពីការស្នើសុំពីចៅក្រម ដែលការស្នើសុំក្នុងការការពារនិក្ខេបបទនេះ គឺត្រូវប្រើពេលប្រមាណតែ១ម៉ោងនិង៣០នាទីទេ ស្របពេលដែលសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ស្នើសុំធ្វើសេចក្តីសន្និដ្ឋានរបស់ខ្លួនចំនួន៣ម៉ោង។
លោក គី តិច សហមេធាវីម្នាក់ក្នុងចំណោមមេធាវី៣រូបទៀត បានជម្រាបអង្គជំនុំជម្រះថា ក្នុងនាមជាមេធាវីរបស់រដ្ឋាភិបាល លោកស្នើសុំឱ្យតុលាការផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារឱ្យបានធ្ងន់ធ្ងរ ហើយសហមេធាវីការពារក្តីសម្រាប់ដើមបណ្ដឹង នឹងធ្វើបណ្ដឹងសំណងដាច់ដោយឡែកមួយទៀត ក្រោយសាលក្រមនេះចូលជាស្ថាពរ។ លោកបន្តថា ការទាមទារ ដោយសារជនជាប់ចោទបានប្រព្រឹត្តបទល្មើស ធ្វើឱ្យមានអំពើព្យសនកម្មកើតឡើង ដែលនាំទៅដល់ការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ បាត់បង់ទ្រព្យសម្បត្តិឯកជន និងស្លាប់មនុស្ស។
ក្រោយចេញពីបន្ទប់ជំនុំជម្រះ លោក គី តិច បានផ្តល់បទសម្ភាសឱ្យអ្នកកាសែត ដោយលោកបដិសេធថា ចំពោះសំណងទឹកប្រាក់ដែលត្រូវទាមទារនេះ មិនទាន់ដឹងថាត្រូវកម្រិតក្នុងទំហំប៉ុន្មានឱ្យពិតប្រាកដនៅឡើយទេ។
ដោយឡែក លោក ប្លង់ សុផល សហព្រះរាជអាជ្ញារង ដែលកាន់សំណុំរឿងនេះ ក៏បានលើកឡើងនៅក្នុងអង្គសវនាការដែរថា ចំពោះស្ថាប័នអយ្យការ ស្នើសុំឱ្យតុលាការផ្តន្ទាទោសប្រឆាំងលោក កឹម សុខា ឱ្យបានធ្ងន់ធ្ងរបំផុត ដកសិទ្ធិធ្វើនយោបាយស្ថាពរឬជារៀងរហូត និងចេញដីកាឱ្យចាប់ខ្លួនឡើងវិញ។
នៅក្នុងបន្ទប់សវនាការ ទាំងសហមេធាវីការពារក្តីឱ្យដើមបណ្តឹង និងសហព្រះរាអាជ្ញារង សម្រាប់សេចក្តីសន្និដ្ឋាន ពួកគេសុទ្ធតែបានចោទប្រកាន់លោក កឹម សុខា ថាពិតជាមានការគប់គិតជាមួយរដ្ឋបរទេស និងភ្នាក់ងារបរទេស ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងស្ថិតនៅក្នុងតំណែង។
តាមរយៈនិក្ខេបបទប្រមាណ ៨៦ទំព័រ ពីខាងមេធាវីរបស់រដ្ឋាភិបាល និង ២៥ទំព័រ ពីសហព្រះរាអាជ្ញារង បានបញ្ជាក់ថា ជនជាប់ចោទបានរៀបចំផែនការដោយសម្ងាត់ជាដំណាក់កាលៗ ចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៧ ដែលមានអង្គការបរទេស ភ្នាក់ងារបរទេស និងរដ្ឋជាបរទេស រៀបចំផែនការធ្វើបដិវត្តន៍ពណ៌មិនបានសម្រេចនៅកម្ពុជា។
នៅក្នុងបទសន្ទិដ្ឋិភាពនេះ ទាំងលោកមេធាវី គី តិច និងលោក ប្លង់សុផល ដែលជាតំណាងអយ្យការ លើកឡើងនៅក្នុងសេចក្តីសន្និដ្ឋានទាញហេតុផលផ្ទាល់មាត់ថា អំពើបាតុកម្មនៅផ្លូវវេងស្រេង នៅមុខវត្តស្ទឹងមានជ័យ នៅទីលានប្រជាធិបតេយ្យ នៅជិតគល់ស្ពានគីស៊ូណា និងនៅគល់ស្ពានព្រះមុនីវង្សក្បាលថ្នល់ រួមទាំងចលនាផ្កាឈូក ជាដើម គឺសុទ្ធតែផែនការបដិវត្តន៍ពណ៌ ដោយមានការជ្រោមជ្រែងពីស្ថាប័នអន្តរជាតិ ដូចជា អង្គការ IRI, NDI, USAID អង្គារ Canvas និងមន្រ្តីចារកម្មមួយចំនួនទៀតរបស់អាមេរិក និងអូស្រ្តាលី ព្រមទាំងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ គឺលោក ដូ ណាល់ត្រាំ ជាដើម។
បន្ថែមពីលើនេះទៀត បើគិតពីអង្គហេតុ តាំងពីឆ្នាំ១៩៩៣ រហូតបង្កើតបានជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មុននឹងក្លាយជាប្រធានគណបក្សសិទ្ធិមនុស្សនៅឆ្នាំ២០០៧ លោក កឹម សុខា រងការចោទប្រកាន់ថាបានសន្សំផែនការក្នុងការធ្វើបដិវត្តន៍ពណ៌នេះអស់រយៈពេល ២០ឆ្នាំមកហើយ។ ការចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះ ដោយម្ចាស់បណ្ដឹង គឺមេធាវីរបស់រដ្ឋាភិបាល យោងលើឃ្លីបវីដេអូជាង២នាទី ដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣។
ឃ្លីបវីដេអូដែលស្ថិតក្នុងភាពចម្រូងចម្រាសរវាងគូភាគីនៅក្នុងសំណុំរឿង ត្រូវបានចៅក្រមសម្រេចប្រើឃ្លីបវីដេអូដែលមានរយៈពេលជាង១ម៉ោងវិញ ក្រោយពីសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ អះអាងថា ភស្តុតាងដែលដាក់នៅក្នុងដីកាបញ្ជូនរឿងមកជំនុំជម្រះ ដែលមានរយៈពេលជាង២នាទីនោះ ជាវីដេអូកាត់ត ក្នុងន័យដើម្បីដាក់បន្ទុកប្រឆាំងជនជាប់ចោទ។
សវនាការដែលប្រើពេលរហូតដល់ម៉ោងជាង៩យប់ កាលពីថ្ងៃម្សិលមិញនេះ ក៏បានចោទប្រកាន់លោក កឹម សុខា ទៀតថា តាមការផ្តល់សក្ខីកម្មពីសាក្សីមួយចំនួន ដូចជា លោក ឈឹម ផលវរុណ, លោក គង់ គាំ, លោក គ្រី សុង និងយុវជនដែលធ្លាប់ទៅរៀននៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៦ គឺសុទ្ធតែបានផ្តល់ចម្លើយថា អ្វីដែលជនជាប់ចោទធ្វើ គឺស្ថិតនៅក្នុងផែនការបដិវត្តន៍ពណ៌ ចង់ផ្តួលរំលំរដ្ឋាភិបាល ក្រោមហេតុផលលើកស្ទួយសិទ្ធិមនុស្ស និងទាមទារដំឡើងប្រាក់ខែគ្រូបង្រៀន និងមន្រ្តីរាជការ។
មិនតែប៉ុណ្ណោះ តាមរយៈការទាញហេតុផលផ្ទាល់មាត់នៅក្នុងសេចក្តីសន្និដ្ឋាននេះដែរ សហមេធាវីការពារក្តីរបស់រដ្ឋាភិបាល គឺលោក ចេង ប៉េងហាប់ ចោទប្រកាន់ថា លោក កឹម សុខា ពិតជាមេគំនិតដែលនាំឱ្យមានអំពើប្រទូសរ៉ាយកើតឡើង។ លោកបន្តថា ដោយផែនការមិនបានសម្រេចកាលពីជិត១០ឆ្នាំមុន ជនជាប់ចោទក៏បានរៀបចំយុទ្ធសាស្រ្តថ្មីទៀត គឺជាយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅវិញម្តង ដែលមានវិទ្យុ វីអូឌី ជួយបន្ទរសំឡេងពីផែនការបដិវត្តន៍ពណ៌ក្នុងជំហានបន្ទាប់ទៀតនេះ។
លោកបន្តថា៖ «ក្រោយបរាជ័យបដិវត្តន៍ពណ៌ នៅឆ្នាំ២០១៣ និងឆ្នាំ២០១៤ លោក កឹម សុខា បានរៀបចំផែនការជាបន្តបន្ទាប់ទៀត មានផែនការ “ថ្ងៃចន្ទពណ៌ខ្មៅ”។ យុទ្ធនាការនេះបានបង្កប់អត្ថន័យក្នុងការកៀរគរសាកល្បងផែនការថ្មីមួយទៀត។ វិទ្យុ វីអូឌី បានផ្សព្វផ្សាយដោយចំហនៃផែនការបដិវត្តន៍ពណ៌នេះ ដោយលោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមានអតីតបក្សសង្រ្គោះជាតិនៅពីក្រោយខ្នង»។
ចំណែកសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានថ្លែងការពារនៅក្នុងអង្គជំនុំជម្រះថា កូនក្តីរបស់ខ្លួនមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។
លោក អាង ឧត្ដម សហមេធាវីម្នាក់ក្នុងចំណោមមេធាវី៣រូបផ្សេងទៀត បានហៅភស្តុតាងដាក់បន្ទុក ក្នុងដំណាក់កាលនៃសេចក្តីសន្និដ្ឋានរបស់សហមេធាវីការពារឱ្យដើមបណ្តឹង និងសហព្រះរាអាជ្ញារងនេះ ថាជាឯកសារបន្លំ និងមិនឆ្លុះបញ្ចាំងពីការពិត។ ម្យ៉ាងវិញទៀត ការចាប់ខ្លួនក្តីរបស់លោក គឺអនុវត្តផ្ទុយពីច្បាប់ ហើយវត្ថុតាងដែលយកមកដាក់បន្ទុកនោះទៀតសោតក៏គ្មានភាពរឹងមាំតាមផ្លូវច្បាប់ទៀតផង។ មិនតែប៉ុណ្ណោះ ដោយសារភស្តុតាងមិនអាចឆ្លុះបញ្ចាំងទៅនឹងបទចោទបាន ទើបបង្ខំឱ្យតុលាការត្រូវបើកការស៊ើបអង្កេតដល់ទៅជាង២ឆ្នាំ មុននឹងបញ្ជូនរឿងទៅជំនុំជម្រះ។
លោកបន្តថា៖ «ការចោទប្រកាន់ហ្នឹង គឺបំផ្លើស និយាយបំភ័ន្ត ហើយភស្តុតាងអត់មាននៅក្នុងសំណុំរឿងទេ។ ការចោទប្រកាន់ និងការចាប់ខ្លួន គឺខុសច្បាប់ និងរំលោភនីតិវិធី។ ដើមខែកញ្ញា ឆ្នាំ២០១៧ ចាប់ខ្លួន ហើយទើបតែថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៩ ទើបតុលាការកែប្រែលក្ខខណ្ឌនៃការឃុំខ្លួន។ ការចាប់ខ្លួន គឺផ្អែកតែទៅលើនគរបាលប្រឆាំងភេរវកម្ម និងបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ និងគេហទំព័រ CBN។ ឃ្លីបវីដេអូយកចេញពីហ្វេសប៊ុកអនាមិក និងមានការកាត់ត ហើយចោទថាមានបទល្មើស។ តុលាការស៊ើបអង្កេតដោយប្រើពេល២ឆ្នាំ ៣ខែ»។
ជាមួយគ្នានេះ លោកស្រី ម៉េង សុភារី សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ថ្លែងការពារដែរថា តាមពិត កូនក្តីរបស់ខ្លួនគ្មានសកម្មភាពមួយណាដែលបង្ហាញពីភាពសម្ងាត់ម្តងណានោះទេ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៧។
ក្នុងនាមជាអង្គការដែលទទួលជំនួយពីអង្គការដៃគូ និងម្ចាស់ជំនួយ លោកស្រីបញ្ជាក់ថា គឺតែងធ្វើកិច្ចការ និងមានទំនាក់ទំនងជាមួយគ្នាជាធម្មតា។ ក្រៅពីនេះ កិច្ចសហការនេះមិនមែនតែលោក កឹម សុខា ទេដែលមានសម្ពន្ធភាពជាមួយអង្គការបរទេស ដូចជា អង្គការ IRI និងអង្គការ NDI ជាដើម សូម្បីមន្រ្តីរដ្ឋាភិបាលក៏មានទំនាក់ទំនងនិងទទួលបានសេវាបច្ចេកទេស ការបណ្តុះបណ្តាល និងផែនការយុទ្ធសាស្រ្តពីស្ថាប័នបរទេសទាំងនោះដែរ។
បើតាមលោកស្រី ម៉េង សុភារី ចំពោះយុវជនដែលបានរៀននៅប្រទេសឥណ្ឌូនេស៊ី សុទ្ធតែបានបញ្ជាក់ច្បាស់ហើយក្នុងពេលផ្តល់សក្ខីកម្ម គឺមិនមានការចាត់តាំងពីលោក កឹម សុខា ទេ។ ចំណែក “ថ្ងៃចន្ទពណ៌ខ្មៅ” វិញ អ្នកស្រី ស ស៊ន តំណាងសហគមន៍បុរីកីឡា ក៏បានផ្តល់ចម្លើយដែរថា គឺមិនមានជាប់ទាក់ទងគ្នាទាល់តែសោះជាមួយគណបក្សសង្រ្គោះជាតិ ហើយសកម្មភាពរបស់សហគមន៍ធ្វើមុនយុទ្ធនាការលោកស្រី មូរ សុខហួរ និងលោក សម រង្ស៊ី ចូលរួមទៅទៀត។
ប្រភពបន្តថា ចំពោះសាក្សី ឈឹម ផលវរុណ និងលោក គង់ គាំ សុទ្ធតែបានបញ្ជាក់ដោយប្រើពាក្យថា “ប្រហែល” និង “អាច” ជាដើម។ ក្នុងន័យនេះ លោកស្រីថា នេះជាភាពមិនប្រាកដប្រជា និងមិនច្បាស់លាស់រួចទៅហើយ ក្នុងការផ្តល់សក្ខីកម្មនៅចំពោះមុខតុលាការរបស់សាក្សី។
ថ្លែងនៅខាងមុខបរិវេណតុលាការ ក្រោយបិទការជំនុំជម្រះ លោកមេធាវី ផែង ហេង មានសុទិដ្ឋិនិយមថា កូនក្តីរបស់ខ្លួននឹងរួចផុតពីការចោទប្រកាន់។ លោកបន្តថា គ្រប់ដំណាក់កាលនៃនីតិវិធីជំនុំជម្រះ គឺគ្មានវត្ថុតាងណាមួយដែលរកឃើញក្នុងការដាក់បន្ទុកប្រឆាំងជនជាប់ចោទឡើយ។ ជាងនេះទៀត ប្រសិនបើការវិនិច្ឆយដោយឈរលើគោលការណ៍យុត្តិធម៌ពិតមែន នោះលោក កឹម សុខា ប្រាកដណាស់គ្មានពិរុទ្ធភាពតាមផ្លូវតុលាការទេ។
លោកបន្តថា៖ «សម្រាប់យើង យើងមានជំនឿមុតមាំ យើងបានដាក់សេចក្តីសន្និដ្ឋានទាំង៧ចំណុច។ អ៊ីចឹងទី១ វាអត់មានអង្គហេតុទេ ទី២ វាអត់មានបទល្មើសជាក់ស្តែងទេ ទី៣ វត្ថុចាប់តាំង ដូចលោកស្រី ម៉េង សុភារី និយាយ កៅអីដាក់វត្ថុតាងមានស្អី? គឺមានតែកៅអីទទេហ្នឹង! មួយទៀត នីតិវិធីនៃការចាប់ខ្លួនក្ដី ការឃុំខ្លួនក្ដី រំលោភទៅលើច្បាប់ ហើយការបកស្រាយរំលោភទៅលើមាត្រានៃក្រមព្រហ្មទណ្ឌដែលគេហាមឃាត់បកស្រាយត្រូវតែតឹងរ៉ឹង។ ដូច្នេះហើយយោងទៅតាមការសន្និដ្ឋានរបស់មេធាវី និងអង្គហេតុ ចេះតែយកសម្ដីគាត់មកធ្វើជាអង្គហេតុហ្នឹង គឺមិនមែនជាអង្គហេតុនៃសន្ទិដ្ឋិភាពជាមួយបរទេសទេ។ អ៊ីចឹងការសន្និដ្ឋានរបស់យើង និងជំនឿមុតមាំរបស់យើង គឺថាកូនក្តីយើងអត់មានបទល្មើសទេ»។
មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ក៏ឯកភាពដែរថា បើពិនិត្យទៅលើអង្គហេតុ និងភស្តុតាងដាក់បន្ទុកប្រឆាំងលោក កឹម សុខា វាហាក់មិនស៊ីគ្នាទៅនឹងចោទនោះទេ។ ក្រៅពីនេះទៀត អ្នកការពារសិទ្ធិមនុស្សរូបនេះហៅសំណុំរឿងនេះថាជារឿងក្តីនយោបាយ ហេតុនេះប្រសិនបើដោះស្រាយតាមបច្ចេកទេសតុលាការ ក៏មិនអាចស្វែងរកយុត្តិធម៌សម្រាប់ជនជាប់ចោទបានដែរ។
លោកបន្តថា៖ «សំណុំរឿងនេះ ខាងសង្គមស៊ីវិលយើងចាត់ទុកថា វាជាសំណុំរឿងនយោបាយ។ ហើយយើងយល់ថា ការដែលប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការកាត់សេចក្តីទៅលើអ្នកនយោបាយ និងសំណុំរឿងនយោបាយទាំងអស់នេះ វាជាការព្រួយបារម្ភថា ការកាត់ក្ដីហ្នឹង វាមិនផ្តល់យុត្តិធម៌ដល់ភាគីដែលជាអ្នកដឹកនាំនយោបាយ ជាពិសេសលោក កឹម សុខា នេះឯង»។
បើទោះបែបណា សម្រាប់លោក ស៊ឹង សែនករុណា គ្មានជំនឿទាល់តែសោះថា តុលាការនឹងផ្តល់ភាពយុត្តិធម៌សម្រាប់ជនជាប់ចោទ ព្រោះតុលាការរងសម្ពាធពីអ្នកនយោបាយ។ចំណែកលោក កឹម សុខា ដែលអង្គុយនៅក្នុងរង្វង់ក្រចកសេះ បានឡើងសំណូមពរដោយលើកដៃទាំងពីរប្រណមថា លោកស្នើសុំឱ្យតុលាការទម្លាក់ចោលរាល់បទចោទប្រឆាំងរូបលោក ដើម្បីឱ្យលោកបានវិលចូលទៅបម្រើប្រទេសជាតិវិញ៕