មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានផ្នែកកិច្ចការជំនួយរបស់អង្គការសហប្រជាជាតិ លោក ម៉ាទីន ហ្គ្រីហ្វីត (Martin Griffiths) នឹងបំពេញទស្សនកិច្ចនៅប្រទេសអាហ្វហ្កានីស្ថាន ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ និងជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលដឹកនាំដោយតាលីបង់ បន្ទាប់ពីបានហាមឃាត់ស្រ្តីមិនឱ្យធ្វើការនៅក្នុងវិស័យជំនួយ ឬអង្គការក្រៅរដ្ឋាភិបាល (NGO)។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ។
លោក រ៉ាមីហ្ស អាឡាក់បារ៉ូវ (Ramiz Alakbarov) អ្នកសម្របសម្រួលកិច្ចការជំនួយរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្កានីស្ថាន បាននិយាយថា «យើងមានការសោកស្តាយដែលការសម្រេចចិត្តនេះមានផលប៉ះពាល់លើកម្មវិធីរបស់យើង»។
ការលើកឡើងនេះ គឺបន្ទាប់ពីកម្មវិធីមួយចំនួនត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ហើយសកម្មភាពផ្សេងទៀតក៏នឹងត្រូវផ្អាក។
លោកបន្តថា ស្ត្រីមានប្រមាណជា ៣០% នៃបុគ្គលិកបម្រើការក្នុងវិស័យជំនួយ។
លោក Alakbarov ក៏បាននិយាយផងដែរថា «តម្រូវការមនុស្សធម៌របស់ប្រជាជន គឺពិតជាធំធេងណាស់ ហើយជាការសំខាន់ណាស់ដែលយើងត្រូវបន្តស្នាក់នៅក្នុងប្រទេសនេះ និងផ្តល់ជំនួយមនុស្សធម៌»។
អង្គការសហប្រជាជាតិ បាននិយាយថា ៩៧% នៃប្រជាជនអាហ្វហ្កានីស្ថានរស់នៅក្នុងភាពក្រីក្រ ខណៈ ២/៣ នៃប្រជាជនសរុបត្រូវការជំនួយដើម្បីរស់ ហើយប្រជាជន ២០លាននាក់ប្រឈមនឹងភាពអត់ឃ្លានស្រួចស្រាល់។
លោក Alakbarov បន្តថា ៧០% នៃកម្មវិធីរបស់អង្គការសហប្រជាជាតិ ត្រូវបានអនុវត្តដោយសហការជាមួយអង្គការជំនួយផ្សេងទៀត។
អង្គការធំៗចំនួន៤ បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានផ្អាកប្រតិបត្តិការ ដោយសារតែមិនអាចដំណើរការកម្មវិធីបានដោយគ្មានបុគ្គលិកស្រ្តី។ អង្គការផ្សេងទៀតក៏ចាប់ផ្តើមផ្អាកប្រតិបត្តិការផងដែរ។
ការហាមប្រាមស្រ្តីមិនឱ្យធ្វើការក្នុងអង្គការក្រៅរដ្ឋាភិបាល ត្រូវបានប្រកាសដោយរដ្ឋបាលដឹកនាំដោយក្រុមតាលីបង់អ៊ីស្លាមកាលពីថ្ងៃសៅរ៍ [ទី២៤ ខែធ្នូ ឆ្នាំ២០២២]។ លើសពីនេះ ក្រុមតាលីបង់ក៏ហាមស្ត្រី និងកុមារី មិនឱ្យចូលរៀននៅសាកលវិទ្យាល័យ និងនៅវិទ្យាល័យផងដែរ។
ក្រុមតាលីបង់ បានដណ្តើមអំណាចកាលពីខែសីហា ឆ្នាំមុន។ ចាប់តាំងពីឡើងកាន់អំណាច ពួកគេចាប់ផ្តើមរឹតត្បិតការអប់រំសម្រាប់ស្រ្តី និងកុមារី ដោយមិនឱ្យរៀនបានខ្ពង់ខ្ពស់ឡើយ។ ការណ៍ទាំងនេះធ្វើឱ្យរដ្ឋបាលដឹកនាំដោយតាលីបង់ មិនត្រូវបានអន្តរជាតិទទួលស្គាល់ឡើយ។
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យក្រុមតាលីបង់ផ្លាស់ប្ដូរគោលនយោបាយដែលផ្ដោតលើស្ត្រី និងកុមារី នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដោយព្រមានចំពោះការរំលោភសិទ្ធិមនុស្សកាន់តែអាក្រក់នៅក្នុងប្រទេសនេះ៕