រដ្ឋាភិបាលរបស់របបយោធាមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសចំនួន៧ ០១២នាក់ ក្រោមការលើកលែងទោស ដើម្បីប្រារព្ធទិវាឯករាជ្យជាតិរបស់ខ្លួន ខណៈប្រមុខរបបយោធាក៏បានថ្លែងកោតសរសើរប្រទេសមួយចំនួនសម្រាប់ការរក្សាការគាំទ្រសម្រាប់ប្រទេសរបស់លោកផងដែរ។ នេះបើតាមការរាយការណ៍ដោយទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV នៅថ្ងៃពុធនេះ ដែលត្រូវបានយកមកចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងសុន្ទរកថាក្នុងឱកាសអបអរសាទរខួបលើកទី៧៥ នៃទិវាបុណ្យឯករាជ្យជាតិ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានឱ្យដឹងថា៖ «ខ្ញុំចង់ធ្វើការថ្លែងអំណរគុណចំពោះប្រទេស អង្គការក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដែលបានចូលរួមសហការដោយវិជ្ជមានជាមួយយើង បើទោះបីជាយើងបានរងនូវសម្ពាធ ការរិះគន់ និងការវាយប្រហារនានាយ៉ាងណាក្ដី»។
មេដឹកនាំរូបនេះបន្តថា៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង ដែលមានដូចជាប្រទេសចិន ឥណ្ឌា ថៃ ឡាវ និងបង់ក្លាដែស។ យើងនឹងធ្វើការរួមគ្នា ដើម្បីស្ថិរភាព និងការអភិវឌ្ឍព្រំដែន»។
ទោះជាយ៉ាងណា យោងតាមទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV ការលើកលែងទោសចុងក្រោយនេះ គឺនឹងមិនរាប់បញ្ចូលអ្នកដែលត្រូវបានកាត់ទោសពីបទឃាតកម្ម ចាប់រំលោភ ឬអ្នកដែលជាប់ពន្ធនាគារពីបទចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងផ្ទុះ សមាគមខុសច្បាប់ អាវុធ គ្រឿងញៀន ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងអំពើពុករលួយនោះទេ ហើយក្នុងនោះក៏មិនទាន់មានការបញ្ជាក់ច្បាស់លាស់ថាតើមានអ្នកទោសនយោបាយណាមួយនឹងត្រូវបានដោះលែងក្នុងអំឡុងពេលនេះ ឬយ៉ាងណាផងដែរ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្តើមយកអំណាចមកគ្រប់គ្រងកាលពីខែកុម្ភៈ ឆ្នាំ២០២១ និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស។
ទាក់ទិននឹងករណីនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ ក៏បានអនុម័តលើសេចក្ដីសម្រេចលើកដំបូងមួយរបស់ខ្លួន ទាក់ទងនឹងប្រទេសមួយនេះ ដើម្បីទាមទារឱ្យមានការបញ្ចប់អំពើហិង្សា និងជំរុញឱ្យរបបយោធាដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ៕