អាជ្ញាធរខេត្តបន្ទាយមានជ័យ បដិសេធថា មិនពាក់ព័ន្ធក្នុងការផ្តល់សំណងទៅដល់អ្នករងគ្រោះក្នុងហេតុការណ៍ឆេះអាគារកាស៊ីណូដ៏ធំមួយនៅជាប់ព្រំដែនកម្ពុជា-ថៃ ខណៈដែលសាច់ញាតិរបស់ជនរងគ្រោះដែលអះអាងពីការបាត់ខ្លួនក្នុងពេលភ្លើងឆេះនោះ កំពុងបន្តស្វែងរកក្រុមគ្រួសាររបស់ពួកគេនៅឡើយ។
ប្រាប់ វីអូឌី នៅថ្ងៃនេះ ស្នងការខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ បញ្ជាក់ថា ក្នុងនាមស្នងការខេត្តមិនមានគោលការណ៍ផ្តល់សំណងសម្រាប់ជនរងគ្រោះទេ។ លោកបន្តថា នីតិវិធីនៃការផ្តល់សំណងទៅឱ្យជនរងគ្រោះនេះ គឺហួសពីកិច្ចការដែលសមត្ថកិច្ចត្រូវទទួលខុសត្រូវហើយ។
លោកបន្តថា៖ «អូ! អាហ្នឹងខ្ញុំសូមមិនដឹងទេ។ រឿងសមត្ថភាព វាមិនមែនជាសមត្ថភាពរបស់ខ្ញុំទេ»។
មិនខុសគ្នាទេ ប្រធានមន្ទីរព័ត៌មានខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក សេក សុខុម បដិសេធដែរថា ក្នុងនាមអាជ្ញាធរខេត្ត គ្មានគោលការណ៍ទូរទាត់ថ្លៃសំណងសម្រាប់ជនរងគ្រោះដោយការឆេះអាគារកាស៊ីណូនេះទេ។ ក៏ប៉ុន្តែនៅចំពោះមុខនេះ លោកថា ផ្នែកពាក់ព័ន្ធផ្សេងទៀតដូចជាភាគីក្រុមហ៊ុន ជាដើម កំពុងពិនិត្យចំពោះករណីនេះនៅឡើយ ហើយថាតើត្រូវរកច្រកចេញដោយរបៀបណាបន្តទៀត។
លោកបន្តថា៖ «អត់ទាន់ដឹងថាគេដោះស្រាយរបៀបម៉េចទេ រឿងហ្នឹង! ក្រុមហ៊ុនជាមួយនឹងគណៈកម្មការចម្រុះអន្តរក្រសួង គេកំពុងតែសិក្សាស្រាវជ្រាវតាមទិដ្ឋភាពច្បាប់ ត្រូវធ្វើយ៉ាងម៉េចយ៉ាងម៉ាបន្ត»។
កាលពីពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ អាគារកាស៊ីណូ«ហ្រ្គេនដាយមិន» ចំនួន៣អាគារ ត្រូវបានភ្លើងឆាបឆេះស្ទើរទាំងស្រុង។ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ បញ្ជាក់ថា មូលហេតុដែលនាំឱ្យភ្លើងឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅលើពិដាននៅជាន់ទី២។
គណៈកម្មការចម្រុះ ដែលសិក្សាជ្រាវជ្រាវក្នុងឧបទ្ទវហេតុនេះ បានបិទការរុករកអ្នកបាត់ខ្លួនហើយកាលពីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ របាយការណ៍ដែលចេញដោយស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា គ្រោះអគ្គិភ័យនេះមានមនុស្សចំនួន២៦នាក់ស្លាប់ ក្នុងនោះ ១៦នាក់ជាជនជាតិថៃ និងមានអ្នករងរបួសធ្ងន់ស្រាលចំនួន៥៧នាក់។
ប៉ុន្តែលោក ថាវ៉ាត់ឆៃ (Thawatchai Boonsang) អភិបាលរងស្រុកអារ៉ាញ់ប្រាថេត និងជានាយកស្តីទីនៃមជ្ឈមណ្ឌលប្រតិបត្តិការជួយសង្រ្គោះជនជាតិថៃ ត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់សម្ដីមកចុះផ្សាយ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ថាជនជាតិថៃដែលបានស្លាប់ក្នុងហេតុការណ៍ឆេះអគារកាស៊ីណូនោះ មានចំនួន១៩នាក់ ហើយសាកសពត្រូវបានបញ្ជូនទៅឱ្យក្រុមគ្រួសារនិងសាច់ញាតិធ្វើបុណ្យនៅក្នុងប្រទេសថៃអស់ហើយ។ ក៏ប៉ុន្តែគិតមកដល់ថ្ងៃទី៣ ខែមករានោះ លោកថានៅមានមនុស្ស៩នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។
ចំណែកលោក សុទ្ធិពល (Suthipol) អគ្គលេខាធិការ នៃការិយាល័យគណៈកម្មការធានារ៉ាប់រង ដែលហៅកាត់ថា OIC ត្រូវបានកាសែតបាងកកប៉ុស្តិ៍ដដែលស្រង់សម្ដីមកចុះផ្សាយថា ក្នុងនាមស្ថាប័នដែលផ្តល់សេវាកម្មសម្រាប់ធានារ៉ាប់រង នឹងដោះស្រាយចំពោះបញ្ហានេះជាមួយក្រុមគ្រួសារ។ បើតាមលោក សុទ្ធិពល ក្នុងចំណោមអ្នកស្លាប់ដែលជាជនជាតិថៃ គឺមាន២នាក់បានទិញធានារ៉ាប់រងអាយុជីវិត ២សែនបាត និង១ម៉ឺនបាតទៀតសម្រាប់ថ្លៃព្យាបាល។
ប្រភពបន្តថា ចំណែកជនរងគ្រោះ១០នាក់ផ្សេងទៀតទទួលបានគោលការណ៍ផ្តល់សំណងពីក្រុមហ៊ុនចំនួន៣ ក្នុងទឹកប្រាក់សរុប ១លាន ៣៣ម៉ឺនបាត ក្នុងនោះ ១លានបាតសម្រាប់ធានារ៉ាប់រងអាយុជីវិត និង ២ពាន់បាតទៀតជាសំណងប្រចាំខែ។
ស្របពេលជនរងគ្រោះ និងអ្នកបាត់បង់ជីវិតខាងភាគីថៃ ទទួលបានសំណងដោយគ្រោះថ្នាក់ការងារ សម្រាប់អាជ្ញាធរកម្ពុជាបានបដិសេធពីផែនការនៃការទូរទាត់ទៅលើថ្លៃសំណងសម្រាប់អ្នកបម្រើការងារជាជនជាតិខ្មែរនៅក្នុងកាស៊ីណូហ្រ្គេនដាយមិននេះ។
មន្រ្តីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា នៅចំពោះមុខនេះ ភាគីដែលពាក់ព័ន្ធ រួមមានទាំងក្រុមហ៊ុន និងគណៈកម្មការចម្រុះ កំពុងតែសិក្សាពីផលប៉ះពាល់នេះនៅឡើយ។
យ៉ាងនេះក្តី សម្រាប់លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា ថ្លែងថា ជាចាំបាច់ ជនរងគ្រោះត្រូវតែទទួលបានសំណង ទោះស្ថិតនៅក្នុងលក្ខខណ្ឌបែបណាក៏ដោយ។ លោកបន្តថា ប្រសិនបើនិយោជិតមិនបានបំពេញកាតព្វកិច្ចក្នុងការទិញធានារ៉ាប់រងអាយុជីវិតទេ នោះជាបន្ទុកទាំងស្រុងរបស់ថៅកែ។
លោកបន្តថា៖ «បើយើងនិយាយអំពីផ្លូវច្បាប់ ការធ្វេសប្រហែសរបស់និយោជក[ថៅកែ] បណ្តាលឱ្យមានមនុស្សស្លាប់អីហ្នឹង គឺវាមាននៅក្នុងក្រមព្រហ្មទណ្ឌបានចែង ដែលនិយោជកជាអ្នកទទួលខុសត្រូវលើសំណង។ ហើយមួយទៀត យើងយោងទៅលើច្បាប់ស្តីពីការងារ គឺគ្រោះថ្នាក់ការងារជាបន្ទុករបស់ ប.ស.ស ជាអ្នកចំណាយទៅលើបុណ្យសព និងបង់តាវកាលិក បានន័យថា ប្រាក់សម្រាប់សាច់ញាតិជនរងគ្រោះដែលត្រូវទទួលបន្តពីជនរងគ្រោះដែលបានបាត់បង់ជីវិតហ្នឹង។ ប្រសិនបើក្រុមហ៊ុនអត់បានចុះបញ្ជីបុគ្គលិករបស់ខ្លួននៅក្នុង ប.ស.ស ទេ បានន័យថា បន្ទុកគឺជានិយោជកជាអ្នករ៉ាប់រងបន្ទុកទាំងស្រុងតែម្ដង»។
នាយកប្រតិបត្តិកាស៊ីណូហ្គ្រេនដាយមិន ខាងភាគីកម្ពុជា លោក សឿ សាអ៊ីម បានបដិសេធក្នុងការផ្តល់សម្ភាសនៅថ្ងៃនេះ ដោយលោកអះអាងថា លោកកំពុងមានបេសកកម្មនៅក្រៅប្រទេសនៅឡើយ។
ច្បាប់ស្តីពីការងារ បញ្ញត្តិមាត្រា២៤៨ ចែងថា ដែលចាត់ទុកថាជាគ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់នោះកើតឡើងដោយធ្វើការ ឬក្នុងពេលធ្វើការ ដោយហេតុណាក៏ដោយ ទោះមានឈ្នួលក្តី ឥតឈ្នួលក្តី និងកាន់មុខងារអ្វី នៅទីកន្លែងណាក៏ដោយ។ មួយវិញទៀត ដែលចាត់ទុកថាគ្រោះថ្នាក់ការងារដែរ គឺគ្រោះថ្នាក់នោះកើតឡើងពេលធ្វើដំណើរពីលំនៅឋានទៅកន្លែងការងារ និងដោយជំងឺជាដើម។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍កាលពីចុងខែធ្នូ ឆ្នាំ២០២២ ថា ម្ចាស់កាស៊ីណូហ្រ្គេនដាយមិន និងកាស៊ីណូប៉ោយប៉ែតរីសតនេះ មានឈ្មោះ វឌ្ឍនា អៈស្វាហំ(Vatana Asavahame) ជាជនជាតិថៃ។ ប្រភពដដែលបន្តថា ម្ចាស់កាស៊ីណូរូបនេះ គឺជាអតីតមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃថៃ មានវ័យជាង៨០ឆ្នាំ កំពុងរស់នៅដោយនិរទេសខ្លួន មុនតុលាការថៃផ្តន្ទាទោសពីបទប្រព្រឹត្តអំពើពុករលួយ។ បច្ចុប្បន្ន អ្នកគ្រប់គ្រងកាស៊ីណូនេះ គឺជាកូនប្រុសទី២របស់លោក វឌ្ឍនា អៈស្វាហំ ឈ្មោះ ឃុន ចាវ ក្រោយពីអ្នកគ្រប់គ្រងទី១ ដែលជាកូនប្រុសរបស់លោកដែរឈ្មោះ ឃុន អ៊យ បានទទួលមរណភាពទៅ។
បើទោះជាបែបណា មកដល់ពេលនេះ មន្រ្តីនាំពាក្យរដ្ឋបាលខេត្ត និងស្នងការនគរបាលខេត្តបន្ទាយមានជ័យ សុទ្ធតែបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍នោះ គឺមិនមានជនជាតិខ្មែរទេ ភាគច្រើនគឺជនជាតិថៃ។
យ៉ាងនេះក្តី សម្រាប់អ្នកដែលបាត់បង់សមាជិកគ្រួសារជាជនជាតិខ្មែរ ដែលបម្រើការងារនៅក្នុងកាស៊ីណូ ហ្គ្រេនដាយមិន និងកាស៊ីណូប៉ោយប៉ែតរីសតនេះ លើកឡើងថា សាច់ញាតិរបស់ពួកគេបន្តបាត់ខ្លួននៅឡើយ ក្រោយហេតុការណ៍នេះកើតឡើង។
លោក ហួត ហឿន ដែលអះអាងថាត្រូវជាបងថ្លៃរបស់ឈ្មោះ អ្នកស្រី សំ ស្រីមុំ បានលើកឡើងពីការបាត់សមាជិករបស់ខ្លួនដែលកំពុងបម្រើការងារនៅក្នុងកាស៊ីណូនេះ។ លោកបន្តថា នៅថ្ងៃកើតហេតុ ប្អូនថ្លៃរបស់លោកបានទៅធ្វើការវេនយប់ នៅជាន់ទី៣។ លោកបន្តថា មកដល់ពេលនេះ ក្រុមគ្រួសារបានបាត់ដំណឹងរហូត ដោយមិនដឹងមូលហេតុ។
លោកបន្តថា៖ «យើងអត់ទាន់បានដឹងដំណឹងអីទេបង! និយាយរួមទៅ យើងនៅចាំតែខាងស្រះកែវមួយទៀតទេ ហើយប្អូនខ្ញុំគាត់ធ្វើលិខិតឆ្លងដែន[Border Pass] ប្រហែលជាស្អែក វាចូលទៅអារ៉ាញ់ ហើយដើររកតាមពេទ្យ។ បើនៅនេះ យើងអត់បានទទួលដំណឹងអីបានទេ»។
ទាំងស្នងការនគរបាលខេត្ត និងសាលាខេត្តបន្ទាយមានជ័យ បានបដិសេធថា ពួកគេមិនបានទទួលដំណឹងពីការបាត់ខ្លួនរបស់សមាជិកគ្រួសារនៅឡើយទេ។ តែយ៉ាងណា អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏មិនជំទាស់ដែរថាអាចនឹងមិនមានអ្នកដែលបាត់ខ្លួននៅក្នុងហេតុការណ៍ឆេះអាគារនោះ។
លោក ស៊ុំ ចន្ទគា មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លើកឡើងថា ក្នុងនាមអង្គការមិនមែនរដ្ឋាភិបាល ស្នើឱ្យអ្នកបាត់សមាជិកក្នុងគ្រួសារ គួរដាក់បណ្តឹងទៅស្នងការនគរបាលខេត្ត ឬអាចស្នើសុំការពិគ្រោះយោបល់ផ្នែកច្បាប់ពីសមាគមអាដហុកបាន។ លោកបន្តថា ការធ្វើដូច្នេះ គឺងាយស្រួលតាមដាន និងស៊ើបអង្កេតរកការពិត ប្រសើរជាជាងការដែលលើកឡើងពីការបាត់សមាជិក តែមិនមានភស្តុតាងរឹងមាំ។
លោកបន្តថា៖ «គាត់ដាក់ពាក្យទៅខាងអាជ្ញាធរ ឱ្យមានលាយលក្ខណ៍អក្សរគ្រប់គ្រាន់ទៅ ថាទៅពួកគាត់ដែលបាត់ខ្លួនបាត់អីហ្នឹង នៅក្នុងកាស៊ីណូហ្នឹង ឬនៅកន្លែងផ្សែង ហើយអាជ្ញាធរគួរតែពិនិត្យថាតើនៅក្នុងហ្នឹងមានបញ្ជីឈ្មោះអ្នកដែលចូលនៅក្នុងហ្នឹង ហើយពិតជាមានបាត់ខ្លួនមែនដែរទេ»។
គិតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍ណាមួយដែលបានបង្ហាញពីទំហំនៃការខូចខាតអាគារកាស៊ីណូនេះនៅឡើយទេ។ អាគារកាស៊ីណូ ដែលមានទាំងសណ្ឋាគារ និងកន្លែងលេងល្បែងផងនេះ បានដំណើរការអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ២០០១មក និងមានបុគ្គលិកបម្រើការងារប្រមាណ ២ ០០០នាក់។
បើទោះបែបណា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា បច្ចុប្បន្ននេះនៅមានសាកសពចំនួន ៦នាក់ទៀតដែលមិនដឹងអត្តសញ្ញាណ ហើយកំពុងតម្កល់ទុកនៅក្នុងទូត្រជាក់នៅឡើយ ដើម្បីធ្វើកោសលវិច័យ៕