សហជីពសាកលវិទ្យាល័យ និងមហាវិទ្យាល័យ (UCU) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិកជាង៧០ ០០០នាក់ មកពីសាកលវិទ្យាល័យចំនួន១៥០ នៅទូទាំងប្រទេសអង់គ្លេស នឹងធ្វើកូដកម្មរយៈពេល១៨ថ្ងៃ នៅចន្លោះខែកុម្ភៈ និងខែមីនា ខាងមុខនេះ ជុំវិញប្រាក់ឈ្នួល លក្ខខណ្ឌការងារ និងប្រាក់សោធននិវត្តន៍។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ។
អគ្គលេខាធិការសហជីពសាកលវិទ្យាល័យ និងមហាវិទ្យាល័យ (UCU) លោកស្រី ចូ ហ្គ្រាឌី (Jo Grady) បាននិយាយថា៖ «ពេលវេលាកំពុងខិតជិតមកដល់ ដើម្បីឱ្យបណ្ដាសាកលវិទ្យាល័យបង្កើតកិច្ចព្រមព្រៀងមួយ បើមិនដូច្នេះទេ នឹងមានវិវាទពេញមួយនិទាឃរដូវនេះ»។
សហជីពដែលតំណាងឱ្យសាស្ត្រាចារ្យ គ្រូបណ្តុះបណ្តាល បណ្ណារក្ស និងបុគ្គលិកវិជ្ជាជីវៈ នៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ បាននិយាយថា ខ្លួនកំពុងទាមទារប្រាក់ឈ្នួលសមរម្យ បន្ទាប់ពីនិយោជកបានកំណត់ការដំឡើងប្រាក់ឈ្នួល ៣% ក្រោយទទួលបានប្រាក់ឈ្នួលក្រោមអតិផរណាជាងមួយទសវត្សរ៍។
ខណៈអង់គ្លេសប្រឈមនឹងអតិផរណាខ្ពស់ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីឈី ស៊ូណាក់ (Rishi Sunak) ស្ថិតនៅក្រោមសម្ពាធ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលបានកើតឡើងក្នុងប្រទេសនេះតាំងពីឆ្នាំមុន។
កូដកម្មនេះនឹងមានការរំខានដល់សេវាសំខាន់ៗ ដូចជា ការថែទាំសុខភាព និងការដឹកជញ្ជូនតាមផ្លូវដែក៕