រដ្ឋបាលលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃអង្គារ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនសម្រាប់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បន្ទាប់ពីប្រទេសហ្វាំងឡង់ បានលើកឡើងថា ចាំបាច់ត្រូវផ្អាកកិច្ចចរចាត្រីភាគីជាមួយតួកគី ចំពោះការស្នើសុំចូលជាសមាជិក NATO។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ CNA នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) ត្រូវបានចោទសួរម្តងហើយម្តងទៀត ថាតើទីក្រុងវ៉ាស៊ីនតោននឹងបន្តគាំទ្រការចូលជាសមាជិករបស់ហ្វាំងឡង់ ដោយគ្មានប្រទេសស៊ុយអែត ឬយ៉ាងណា? ប៉ុន្តែលោកបានបដិសេធធ្វើអត្ថាធិប្បាយ ដោយចាត់ទុកថាជា «វាជាការរំពឹងទុក និងមិនមែនជាសំណួរដែលត្រូវសួរនៅពេលនេះទេ»។
លោកបន្ថែមថា៖ «ទាំងអស់នេះ គឺជាកិច្ចពិភាក្សាអំពីហ្វាំងឡង់ និងស៊ុយអែត […] [អំពី]ការផ្លាស់ប្តូរពីសម្ពន្ធមិត្ត ២៨ប្រទេស ទៅជា ៣០ប្រទេស។ នេះជាអ្វីដែលយើងចង់ឃើញកើតឡើង»។
លោកបន្តថា៖ «ប្រទេសហ្វាំងឡង់ នឹងចូលជាសមាជិក NATO ដាច់ដោយឡែក។ យើងមិនទាន់អាចឆ្លើយបានទេ»។
គួរបញ្ជាក់ថា ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គែន (Tayyip Erdogan) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ុយអែត មិនគួររំពឹងថានឹងទទួលបានការគាំទ្រពីប្រទេសតួកគី សម្រាប់សមាជិកភាពរបស់ខ្លួនក្នុងអង្គការ NATO នោះឡើយ បន្ទាប់ពីមានការតវ៉ានៅជិតស្ថានទូតតួកគី ក្នុងទីក្រុងស្តុកហូម (Stockholm) រួមទាំងការដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ាន៕