អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុមទាហាន​ស៊ីឈ្នួល​រុស្ស៊ីឈ្មោះ Wagner Group

បុរស​ម្នាក់​ពាក់​ឯកសណ្ឋាន​ក្លែង​ក្លាយ​ដើរ​ចេញ​ពី​មជ្ឈមណ្ឌល PMC Wagner ដែល​ជា​គម្រោង​អនុវត្ត​ដោយ​ពាណិជ្ជករ និង​ជា​ស្ថាបនិក​នៃ​ក្រុម​យោធា​ឯកជន Wagner លោក Yevgeny Prigozhin ក្នុង​អំឡុង​ពេល​បើក​ជា​ផ្លូវ​ការ​នៃ​ប្លុក​ការិយាល័យ​ក្នុង​ក្រុង Saint Petersburg ប្រទេស​រុស្សី ថ្ងៃទី០៤ ខែ​វិច្ឆិកា ឆ្នាំ២០២២។ (REUTERS/Igor Russak)

សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានដា​ក់​ទណ្ឌ​កម្ម​បន្ថែម​លើ​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​ឈ្មោះ Wagner Group ដែល​កំពុងប្រយុទ្ធនៅអ៊ុយក្រែន ដោយកំណត់ថា​ជាអ​ង្គការឧក្រិដ្ឋកម្មឆ្លងដែន ដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នេះ។

Wagner Group បានប្រយុទ្ធដើម្បីដណ្តើមយកទីក្រុងបាមុត (Bakhmut) និងសូលីដា (Soledar) ក្នុងតំបន់ដូណេតស៍ (Donetsk) ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលមន្ត្រីលោកខាងលិច និងអ៊ុយក្រែន បាននិយាយថា រុស្ស៊ីកំពុងប្រើប្រាស់អ្នកទោសជា​ទាហានស៊ីឈ្នួល។

ទាក់ទិននឹងករណីនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ខ្លួន​បាន​កំណត់​ក្រុម Wagner Group ថាជា «អង្គការឧក្រិដ្ឋកម្មឆ្លងដែន»។

ក្រសួងនេះបានលើកឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បុគ្គលិករបស់ Wagner Group បានចូល​រួម​សកម្មភាពឧក្រិដ្ឋកម្មធ្ងន់ធ្ងរ រួមទាំងការសម្លាប់រង្គាល ការរំលោភសេពសន្ថវៈ ការចាប់ពង្រាត់កុមារ និងការរំលោភបំពានលើរាងកាយនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល [CAR] និងប្រទេសម៉ាលី»។

ពាក់ព័ន្ធនឹងករណីនេះ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីន​តោន មិន​បាន​ឆ្លើយ​តប​ចំពោះសំណើសុំការអត្ថាធិប្បាយឡើយ។

ទីក្រុងវ៉ាស៊ីនតោន ក៏បានដាក់ទណ្ឌកម្មលើអង្គភាពផ្សេងទៀត ដែលខ្លួនបានចោទប្រកាន់ថាបាន​ផ្គត់ផ្គង់ដល់ប្រតិបត្តិការយោធារបស់ Wagner Group រួមមាន ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅរុស្ស៊ីឈ្មោះ Joint Stock Company Terra Tech (Terra Tech) រួមទាំងឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីផងដែរ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី ចាណែត យ៉េឡែន (Janet Yellen) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ទណ្ឌកម្មបន្ថែមលើ Wagner នៅថ្ងៃនេះ […] នឹងរារាំងបន្ថែមទៀតចំពោះសមត្ថភាពរបស់លោក ពូទីន ការពាក់អាវុធសម្រាប់ធ្វើសង្គ្រាម»។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក ចន ឃឺប៊ី (John Kirby) កាលពីសប្តាហ៍មុន បាននិយាយថា លោក Putin បាននិងកំពុងងាកទៅរក Wagner Group កាន់តែខ្លាំងឡើងសម្រាប់ការគាំទ្រផ្នែកយោធា ដែលបណ្តាលឱ្យមានភាពតានតឹងមួយចំនួននៅក្នុងទីក្រុងម៉ូស្គូ។

ក្រៅពីនេះ ក្រសួងការបរទេសអាមេរិក ក៏បានដាក់ទណ្ឌកម្មលើអង្គភាព និងបុគ្គល​ដែល​មានទំនាក់​ទំនង​​ជាមួយ Wagner Group និងមេដឹកនាំរបស់ក្រុមនេះឈ្មោះ យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin)

កាលពីខែមុន សេតវិមានបាននិយាយថា Wagner Group បានទទួលអាវុធពីកូរ៉េខាងជើង ដើម្បីជួយដល់កងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលជាសញ្ញានៃការពង្រីកតួនាទីរបស់ក្រុមនេះនៅក្នុងសង្គ្រាមអ៊ុយក្រែន។

ក្រសួងការបរទេសកូរ៉េខាងជើង បានហៅរបាយការណ៍នេះថាគ្មានមូលដ្ឋាន ខណៈ​មេដឹកនាំក្រុម Wagner Group លោក Yevgeny Prigozhin បានបដិសេធមិនទទួលអាវុធពីកូរ៉េខាងជើងឡើយ។

សហរដ្ឋអាមេរិក ប៉ាន់ប្រមាណថា Wagner Group មានបុគ្គលិកប្រហែល ៥០ ០០០នាក់ ត្រូវបាន​ដាក់​ពង្រាយ​នៅអ៊ុយក្រែន ក្នុងនោះមានអ្នកទោសចំនួន ៤០ ០០០នាក់ ដែល​ត្រូវ​បានជ្រើសរើសពីពន្ធនាគាររុស្ស៊ី។

ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គឺជាទណ្ឌកម្មចុង​ក្រោយលើរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និង​របួស និងធ្វើឱ្យទីក្រុងនានាក្លាយទៅជាគំនរបាក់បែក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ