ធនាគារជាតិនៃកម្ពុជា និងសមត្ថកិច្ច នឹងចាត់វិធានការច្បាប់លើបុគ្គលឬស្ថាប័នដែលផ្ដល់ប្រាក់កម្ចីខុសច្បាប់

ធនាគារជាតិកម្ពុជា

ធនាគារជាតិនៃកម្ពុជា និង​សមត្ថកិច្ច ប្រកាសចា​ត់​វិធានការច្បាប់ទៅលើ​អ្នកផ្ដល់កម្ចី​ខុសច្បាប់ដែលយកអត្រាការប្រាក់ខ្ពស់​ និងការផ្សព្វផ្សាយនានាពាក់ព័ន្ធនឹងការ​ផ្តល់សេវាហិរញ្ញវត្ថុ​ដោយ​គ្មានច្បាប់អនុញ្ញាត។

​សេចក្តីថ្លែងការណ៍រួមរវាង​ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅ​ថ្ងៃទី​​២៧ ខែ​មករា​ ឆ្នាំ​​២០២៣​ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ​នេះ បាន​លើកឡើង​ថា នាពេលថ្មីៗនេះ មានសកម្ម​ភាពផ្សព្វផ្សាយ​ និង​ផ្តល់សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ ជាពិសេស​សេវា​ឥណទាន​តាម​រយៈទូរសព្ទ បណ្ដាញសង្គម និងអនឡាញ​ យ៉ាងអនាធិបតេយ្យដោយ​គ្មាន​​ច្បាប់​​អនុញ្ញាត​ត្រឹម​ត្រូវពីធនាគារ​ជាតិ​នៃកម្ពុជា ដែលបានធ្វើឱ្យ​សាធារណជន​មាន​ការ​ភ័ន្ត​ច្រឡំ។

សេចក្តីថ្លែងការណ៍ដដែល​បន្តថា ករណីនេះក៏បាន​​បង្ក​ផលវិបាក​ជា​ច្រើន​ទៅលើ​សេដ្ឋ​​កិច្ច និង​សង្គម ដោយសារតែជន​​ទាំងនោះបាន​យកអត្រាការប្រាក់​ខ្ពស់ហួស​ហេតុ​ ការ​គំរាម​កំហែង​បំភិតបំភ័យ ការអនុវត្តកិច្ចសន្យា​មិន​សុចរិតដោយ​បង្កប់នូវការ​កេង​ចំណេញហួសហេតុ​ពី​អ្នក​ខ្ចី​ប្រាក់ ដែល​បណ្តាល​ឱ្យ​​ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យ​ធ្លាក់​ក្នុង​​បំណុល​ច្រើន​លើសលុប និង​បាត់បង់ទំនុកចិត្ត​លើ​ស្ថាប័នធនាគារ​នៅកម្ពុជា​ផង​ដែរ។ ​

ករណីនេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាស​ថា​នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។

សេចក្តីថ្លែងការណ៍រួម បានលើកឡើង​​ថា៖ «ធនាគារ​ជាតិនៃកម្ពុជា និង​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ សូមសំណូមពរ​ដល់ប្រជាពលរដ្ឋ ត្រូវ​ចៀសវាង​ដាច់ខាតចំពោះ​ការ​ខ្ចីប្រាក់​ពី​អ្នក​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ ដែល​ពុំមានការអនុញ្ញាត​ពីធនាគារជាតិនៃកម្ពុជា»។

ធនាគារ​ជាតិនៃកម្ពុជា និងអគ្គស្នងការ​ដ្ឋាននគរបាលជាតិ ក៏បានស្នើដល់​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវ​ការដែលផ្ដល់ដោយគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​ដែលទទួល​បាន​អាជ្ញាបណ្ណ​ប្រកបអាជីវកម្មពីធនាគារ​ជាតិនៃកម្ពុជា​ផងដែរ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានលើកឡើងថា ​​កន្លងមក ​សមត្ថកិច្ច​​បាន​ចាត់​វិធាន​ការ​តាមផ្លូវចាប់​លើ​អ្នកផ្ដល់ប្រាក់កម្ចីខុសច្បាប់នោះ​ តែក្រោយពីមានការកើនឡើងពី​សកម្ម​ភាព​​ផ្ដល់ប្រាក់កម្ចីខុសច្បាប់នេះ​ សមត្ថកិច្ច​​នឹង​បន្តចាត់វិធាន​ការ​បន្ថែម​ទៀត​។

លោកថា៖ ​«មិនមែនទើបពេលនេះ​ទេ ​មានយូរហើយ​ នេះគ្រាន់តែជាការចេញ[សេចក្តីថ្លែងការណ៍​]រួមមួយ​​ ដែលកន្លងមក ក៏មានវិធានការនៃការស្រាវជ្រាវដែរ​ គ្រប់អង្គភាពគឺគេធ្វើការងារហ្នឹងយូរហើយ​»។

នាយកទទួលបន្ទុកកិច្ចការទូទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា​ កន្លងទៅ ​សង្គម​ស៊ីវិល​​បា​ន​រក​ឃើញ​​ពី​ការផ្ដល់ប្រាក់កម្ចីខុសច្បាប់ ​ដូច​អ្វី​ដែល​ធនាគារ​ជាតិ​នៃកម្ពុជា និងអគ្គស្នងការ​ដ្ឋាននគរបាលជាតិ ​បាន​លើកឡើង ហើ​យកម្ចីខ្លះ​ក៏​មានការ​បៀត​បៀន​​​លើ​​ស្រ្តី​ តាមរយៈការ​តម្រូវ​ឱ្យអ្នកខ្ចីប្រាក់ជា​ស្ត្រី ​ផ្ញើ​​រូបភាព​​អាក្រាត​​ទៅ​កាន់​អ្នក​ដែល​ផ្តល់កម្ចី ​និងមានការបង្ហោះ​តាមបណ្ដាញ​សង្គម ដែលធ្វើឱ្យជនរងគ្រោះមួយចំនួន​ឈាន​ដល់​ការធ្វើអត្តឃាត​ផងដែរ។​

លោកថា៖ «បញ្ហាទាំងអស់នេះកើតឡើងយូរមក​ហើយ​ មិនគួរបណ្ដែតបណ្ដោយឱ្យ​រីករាលដាល​ធំ ​ដែល​ប៉ះពា​ល់ធ្ងន់​ធ្ងរ​​ណាស់។ បើយើងនិយាយទៅ​ សន្តិសុខ​តាមប្រព័ន្ធផ្សព្វផ្សាយ ​ជាពិសេសទាក់ទងនឹងការ​ខ្ចីលុយ ដែលប៉ះពាល់ដល់​សេដ្ឋ​កិច្ច​ ទៅដល់ជីវភាពរស់នៅ​ អ្នកខ្លះ​សុខចិត្តធ្វើអត្តឃាតដោយសារអាម៉ាស់ខ្លាំង​»។

ប្រធាន​ផ្នែកទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លោក កាំង តុងងី បានគាំទ្រ​ឱ្យ​មាន​វិធានការ​ផ្លូវច្បាប់ទៅលើ​បុគ្គល ឬស្ថាប័ន​ដែលផ្តល់ប្រាក់កម្ចីខុសច្បាប់​ទាំងនោះ។ លោកថា ​​អ្នកផ្ដល់​ហិរញ្ញវត្ថុ​ដោយខុសច្បាប់ទាំង​នោះ ​​មានទាំង​អ្នក​ចង​ការប្រាក់​នៅ​តាម​ភូមិ តាម​ស្រុក​ ក្នុង​នោះមា​ន​ទាំង​​ជនជាតិ​បរទេស​ទៀតផង ហើយ​​​ពួកគេ​​បាន​បង្ក​ផល​ប៉ះពាល់​​ដល់​​សេដ្ឋកិច្ចរបស់​ពលរដ្ឋជាខ្លាំង ដោយសារតែការ​យកអត្រាការប្រាក់ខ្ពស់ និង​​ធ្វើឱ្យពលរដ្ឋ​យល់ច្រឡំថា​អ្នកផ្ដល់សេវាប្រាក់កម្ចីទាំងនោះ​គឺជាគ្រឹះ​ស្ថាន​ហិរញ្ញវត្ថុដែលទទួលស្គាល់ដោយធនាគារជាតិថែម​ទៀត​ផង​​។

លោកថា៖ «បញ្ហាធំមុនគេ គឺអតិថិជនខ្លួនឯង​ ដោយសារឥណទានទាំងអស់​ហ្នឹង​ ការប្រាក់​ថ្លៃៗណាស់​ មួយចំនួន​ការប្រាក់​ដល់​​១​០​ភាគរយ​ ២០ភាគរយក្នុងមួយថ្ងៃ​។ ហើយទន្ទឹមនឹងហ្នឹង​ ហើយពួកគាត់មិនមានក្រមសីលធម៌អីទេ​ ​គឺ​ធ្វើការគំរាម​កំហែង​ដាក់​សម្ពាធ​​អតិថិជន​ គាត់តេទៅរំខាន​អ្នកពាក់ព័ន្ធជុំវិញ​»។

ក្នុង​របាយ​ការណ៍​របស់​​អង្គការ​លីកាដូ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២​ បានរកឃើញថា​ នៅ​ក្នុងឆ្នាំ​​២០២១ មាន​​ការ​​ផ្ដល់​ប្រាក់​​ក​​ម្ចី​មិន​ផ្លូវការ កំពុង​​ដាក់​គោល​ដៅ​​​លើ​​ស្រ្តី​ខ្មែរ​នៅ​លើ​បណ្ដាញ​​​សង្គម​ហ្វេសប៊ុក​ ​និង​​តេឡេ​ក្រាម ​ហើយ​​ការប្រើប្រាស់កម្ចី​អន​ឡាញនេះអាច​ទាញ​​ស្ដ្រីទាំ​​ង​នោះ​​ឱ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក​ និង​ការ​ជំរិត​ទារ​ប្រាក់​តាមរយៈ​ការប្រើប្រាស់​រូបភាព​ ​និង​​វីដេអូ​អាក្រាត​​របស់​​ជន​រងគ្រោះ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ