នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្ដាលរបស់សហរដ្ឋអាមេរិក (CIA) លោក វីល្លៀម បើន (William Burns) បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានបញ្ជាឱ្យយោធាត្រៀមខ្លួន ដើម្បីឈ្លានពានកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៧។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
លោក Burns បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យ Georgetown ក្នុងទីក្រុង Washington DC នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ថាលោក Xi បានបញ្ជាឱ្យយោធាត្រៀមខ្លួន។
លោកបន្ថែមថា នេះមិនមានន័យថា មេដឹកនាំចិនបានសម្រេចចិត្តឈ្លានពានតៃវ៉ាន់នៅឆ្នាំ២០២៧ ឬក្នុងពេលណាមួយនោះទេ។ លោកថា វាគឺជាការរម្លឹកថា លោក Xi តាំងចិត្តសម្រេចមហិច្ឆតារបស់លោក។
លោក Burns បាននិយាយថា៖ «ខ្ញុំនឹងមិនមើលស្រាលមហិច្ឆតារបស់លោក Xi ទាក់ទងនឹងកោះតៃវ៉ាន់ឡើយ»។
បច្ចុប្បន្ន លោក Xi កំពុងកាន់អំណាចអាណត្តិទី៣ ជាមេដឹកនាំបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាច។ អាណត្តិរបស់លោកនឹងផុតកំណត់នៅឆ្នាំ២០២៧។
នៅឆ្នាំ២០២១ អតីតមេបញ្ជាការ នៃទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកអាមេរិក លោក ហ្វីលីព ដាវីសុន (Philip Davidson) បាននិយាយនៅក្នុងបទសម្ភាសជាមួយ NHK ថាការគំរាមកំហែងរបស់ចិនចំពោះកោះតៃវ៉ាន់ នឹងបង្ហាញឱ្យឃើញក្នុងរយៈពេល៦ឆ្នាំខាងមុខ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំង បានបង្កើនសម្ពាធទៅលើរដ្ឋាភិបាលកោះតៃវ៉ាន់ ដើម្បីឱ្យរដ្ឋាភិបាលនៃដែនកោះមួយនេះទទួលយកអំណាចរបស់ទីក្រុងប៉េកាំង។ ចំណែករដ្ឋាភិបាលកោះតៃវ៉ាន់វិញ តែងលើកឡើងថា ពួកគេចង់បានសន្តិភាពជាមួយប្រទេសចិន ប៉ុន្តែប្រសិនបើចិនវាយប្រហារមកលើកោះនេះ ពួកគេនឹងការពារ៕