អាមេរិកថាឧបករណ៍ដែលបំពាក់នៅលើបាឡុងរបស់ចិនបង្ហាញយ៉ាងច្បាស់ថាជាបាឡុងចារកម្ម

ក្រុមនាវិកអាមេរិករកឃើញបាឡុងឃ្លាំមើលរយៈកម្ពស់ខ្ពស់របស់ចិនដែលត្រូវបានទម្លាក់ដោយសហរដ្ឋអាមេរិក នៅឯឆ្នេរសមុទ្រ Myrtle Beach រដ្ឋ South Carolina សហរដ្ឋអាមេរិក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។ (Fleet Forces/U.S. Navy photo/Handout via REUTERS)

មន្ត្រីអាមេរិកថា រូបភាពពីយន្តហោះចារកម្ម U2 របស់អាមេរិក បានបង្ហាញថា បាឡុងរបស់ចិនដែលបានហោះលើទឹកដីសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ត្រូវបានបំពាក់យ៉ាងល្អឥតខ្ចោះសម្រាប់ស៊ើបការណ៍សម្ងាត់ មិនមែនដើម្បីសិក្សាអាកាសធាតុដូចដែលចិនបានលើកឡើងឡើយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

ប្រភពដដែលបន្តថា រូបភាពលម្អិតដែលថតដោយយន្តហោះចារកម្ម U2 របស់អាមេរិក បានបង្ហាញថា ឧបករណ៍ដែលបំពាក់នៅលើបាឡុងនោះ គឺសម្រាប់ស៊ើបការណ៍សម្ងាត់ មិនមែនសម្រាប់សិក្សាអាកាសធាតុឡើយ។

មន្ត្រីរូបនេះបន្ថែមថា៖ «វាមានអង់តែនជាច្រើនដែលមានសមត្ថភាពប្រមូលព័ត៌មាន និងកំណត់ទីតាំងភូមិសាស្ត្រ»។

មន្ត្រីរូបនេះបន្ថែមទៀតថា៖ «បាឡុងនេះបំពាក់ដោយបន្ទះថាមពលសូឡាដែលមានទំហំធំល្មមដើម្បីផលិតថាមពលដែលត្រូវការ ដើម្បីដំណើរការសេនសឺ [sensor] ប្រមូលព័ត៌មាន»។

មន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកជឿថា បាឡុងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរំដោះប្រជាជនចិន ហើយជាបាឡុងមួយក្នុងចំណោមបាឡុងដែលចិនបានបង្ហោះទៅជាង៤០ប្រទេស នៅលើទ្វីបចំនួន៥ ដើម្បីស៊ើបការណ៍។

មន្ត្រីរូបនេះបាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាលើចំណាត់ការប្រឆាំងនឹងអង្គភាពរបស់ចិនដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់បាឡុងនេះ ដែលអាចនឹងមានការដាក់ទណ្ឌកម្ម។

គួរបញ្ជាក់ថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក F-22 កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានបាញ់ទម្លាក់បាឡុងរបស់ចិន​ ដែលខ្លួនអះអាងថាជាបាឡុង​ចារកម្ម នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina បន្ទាប់ពីវា​បានហោះចូលដែនអាកាសអាមេរិក នៅជិតរដ្ឋអាឡាស្កា (Alaska) អស់រយៈពេល​មួយ​សប្តាហ៍ និងបន្ទាប់ពីបានហោះឆ្លងកាត់តំបន់ជាច្រើនរបស់អាមេរិក ដោយហោះលើតំបន់រក្សាមីស៊ីលនុយក្លេអ៊ែរក្រោមដី និងមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។

ពាក់ព័ន្ធនឹងករណីនេះ ប្រទេសចិនបានថ្កោលទោសជាខ្លាំង​ចំពោះចំណាត់ការរបស់អាមេរិក​ ដោយ​ថាជា «ទង្វើជ្រុលហួសហេតុ»។

ចិនបានទទួលស្គាល់ថា បាឡុងនោះជារបស់ខ្លួន ប៉ុន្តែវាជាបាឡុងស៊ីវិល ដើម្បីសិក្សាអាកាសធាតុតែប៉ុណ្ណោះ និងបានហោះចូលទឹកដីអាមេរិកដោយអចេតនា។

ទាក់ទិននឹងករណីនេះ អាមេរិក​បានច្រានចោល​ការអះអាង​របស់​ចិន ដែល​ថាបាឡុង​នេះ​គឺ​ជា​បាឡុង​ស៊ីវិល ដោយ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាមេរិក ​បាន​អះអាង​ថា បាឡុងនេះគឺ​ជា​បាឡុង​ចារកម្ម ដើម្បីឈ្លបយកការណ៍ក្នុងទឹកដីអាមេរិក។

សូមរម្លឹកថា បាឡុង​​របស់ចិនបានហោះចូលទឹកដី​អាមេរិក​ នៅ​ប៉ុន្មាន​​ថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង​របស់រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក អេនតូនី ប្លីនខេន (Antony Blinken)​ ដែលបានគ្រោងទុកក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងមហាអំណាចទាំងពីរនេះ។ ក៏ប៉ុន្តែ បន្ទាប់ពីហេតុការណ៍នេះកើតឡើង លោក Antony Blinken បានលុបចោលដំណើរទស្សនកិច្ចទៅកាន់​ទីក្រុងប៉េកាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ