តំណាងរាស្ត្របក្សប្រឆាំង បានឲ្យដឹងថា បញ្ហា ១០ចំណុច នឹងត្រូវលើកយកទៅចោទសួរដោយផ្ទាល់ ទៅរដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង នៅពេលលោកចូលបំភ្លឺនៅចុងខែធ្នូនេះ។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាសកាលពីថ្ងៃទី១៦ ខែធ្នូនេះ បានសម្រេចឲ្យកោះហៅរដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង ចូលបំភ្លឺនៅថ្ងៃទី២៩ ខែធ្នូនេះ តាមការស្នើសុំរបស់បក្សប្រឆាំង។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់វីអូឌីកាលពីថ្ងៃម្សិលមិញថា ក្រុមតំណាងរាស្ត្ររបស់លោក បានរកឃើញភាពមិនប្រក្រតីជាង ១០ចំណុច នៅក្នុងក្រសួងសុខាភិបាល ក្នុងនោះមានករណីបាត់ថវិកាមូលនិធិ គ្លូប៊ល ហ្វាន់ ដែលត្រូវបានផ្ដល់ទៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ការលក់ទីតាំងអគារពេទ្យរដ្ឋ និងករណីនាំចូលឱសថពីបរទេសផងដែរ។
ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងថា តើលោករដ្ឋមន្ត្រីសុខាភិបាល គ្រោងនឹងចូលបំភ្លឺនៅក្នុងសភា តបតាមការកោះហៅពីក្រុមតំណាងរាស្ត្រ ឬយ៉ាងណានោះទេ ខណៈវីអូឌីមិនអាចសុំការបកស្រាយពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បាននៅឡើយទេ៕