ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងបោះឆ្នោតនៅថ្ងៃនេះ ទៅលើសេចក្ដីសម្រេចមួយដែលព្រាងឡើងដោយប្រទេសបារាំង ក្នុងបំណងធានាថា ក្រុមមន្ត្រីអង្គការសហប្រជាជាតិ អាចត្រួតពិនិត្យលើការជម្លៀសប្រជាជនចេញពីទីក្រុងអាឡិបប៉ូ និងការពារជីវិតជនស៊ីវិលនៅទីនោះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើតាម Reuters សេចក្ដីសម្រេចដែលបានព្រាងឡើងនោះ ផ្ដោតសំខាន់ថា ការជម្លៀសជនស៊ីវិលចេញ ត្រូវតែធ្វើឡើងដោយស្ម័គ្រចិត្ត និងតាមការសម្រេចចិត្តរបស់ពួកគេ។ ចំណែកការការពារ ត្រូវតែផ្ដល់ជូនជនស៊ីវិលទាំងអស់ ដែលជ្រើសរើស ឬត្រូវបានបង្ខំឲ្យចាកចេញ និងជនស៊ីវិលទាំងឡាយ ដែលសម្រេចចិត្តមិនចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
ការជម្លៀសជនស៊ីវិលចេញពីភាគខាងកើតទីក្រុងអាឡិបប៉ូដែលកាន់កាប់ដោយពួកឧទ្ទាម បានជាប់គាំងកាលពីថ្ងៃសុក្រកន្លងមកនេះ បន្ទាប់ពីមានការទាមទារពីកងទ័ពគាំទ្ររដ្ឋាភិបាលថា មនុស្សម្នា ក៏នឹងត្រូវបណ្ដេញចេញពីភូមិចំនួន ២ ដែលកាន់កាប់ដោយពួកបះបោរ។
ទោះជាយ៉ាងណា គេមិនទាន់ដឹងថា តើរុស្ស៊ីនឹងបោះឆ្នោតគាំទ្រសេចក្ដីសម្រេចនេះ ឬយ៉ាងណានោះទេ។ រុស្ស៊ីគឺជាសម្ព័ន្ធរបស់ប្រធានាធិបតីស៊ីរី លោក បាសារ អាល់ អាសាដ៕