មន្ត្រីបក្សកាន់អំណាច និងបក្សប្រឆាំង អះអាងប្រហាក់ប្រហែលគ្នាថា គ្មានជំនួបកំពូលណាមួយ ធ្វើឡើង នៅចុងខែធ្នូ ឆ្នាំ២០១៦នេះទេ ដើម្បីឈានទៅដោះលែងអ្នកការពារសិទ្ធិមនុស្ស ដូចដែលបានអះអាងកាលពីពេលកន្លងទៅនោះទេ។
កាលពីថ្ងៃទី៧ខែធ្នូ លោក ហ៊ុន សែន និងលោក កឹម សុខា បានចាប់ដៃគ្នាក្នុងកិច្ចប្រជុំសភាពេញអង្គ។ បន្ទាប់មកពួកគេបានជួបពិភាក្សាគ្នា ក្នុងបន្ទប់បិទជិតមួយ ដាច់ដោយឡែក។
បើទោះបីជំនួបដ៏កម្រ របស់មេដឹកនាំទាំងពីរពេលនោះ មិនត្រូវបានគេទម្លាលឲ្យដឹងក៏ដោយ ក៍ប៉ុន្តែមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជន លោក ស ខេង បានបង្ហើបឲ្យអ្នកសារព័ត៌មានដឹងថា «បើតាមលោក ដឹងប្រហែលជាមុនដំណាច់ខែធ្នូនេះ នឹងមានការដោះស្រាយករណីមន្ត្រីសិទ្ធិមនុស្ស នឹងអគ្គលេខាធិការរង គ.ជ.ប»។
មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី និងមន្ត្រី គ.ជ.ប លោក នី ចរិយា ត្រូវបានតុលាការ សម្រេចឲ្យឃុំខ្លួននៅពន្ធគារបណ្តោះអាសន្នជិត៨ខែមកហើយ ចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹង សំណុំរឿងស្នេហាដ៏ចម្រូងចម្រាស់ជាមួយ របស់មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដែលគេចាត់ទុកថាជារឿងនយោបាយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យ VOD ដឹងនៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៦ ថា គណបក្សលោកគ្មានព័ត៌មានណាមួយ ពីគណបក្សប្រជាជនកម្ពុជា ដើម្បីពិភាក្សាគ្នា ឈានទៅដោះលែងមន្ត្រីអង្គការសង្គមស៊ីវិលដូចដែលបានគ្រោងទុកនេះទេហើយក៏គ្មានការបញ្ជាក់ពីមូលហេតុនៃការលុបចោលគម្រោងនេះដែរ។
លោកថា៖ «បើកាលណាមានជំនួបគេប្រកាសហើយកុំទៅខ្វល់ច្រើនពេក ព្រោះកូនសោមិនមែនស្ថិតនៅលើគណបក្សសង្គ្រោះជាតិឯណា?»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងប្រហាក់ប្រហែលដែរថា គ្មានព័ត៌មានស្តីពីជំនួបកំពូលថ្មី រវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទេ។
អ្នកនំាពាក្យរូបនោះបញ្ជាក់ថា បើមានជំនួបក៏គ្មានលទ្ធផលដែរ ដោយថារដ្ឋាភិបាល នឹងមិនអាចផ្តល់ដំណោះស្រាយណាមួយរំលោភលើនីតិវិធី របស់តុលាការទេ។
លោកថា៖ «ខ្ញុំយល់ថាបើជួបគ្នាក៏អត់អាចដោះស្រាយអីបានដែរ ពីព្រោះតុលាការមិនទាន់បញ្ចប់នីតិវិធីទេ រឿងពាក់ព័ន្ធនឹងចំនួនមនុស្សប៉ុន្មាននាក់ហ្នឹង បាទ»។
អ្នកគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ការអនុវត្តច្បាប់ជារឿងមួយ ប៉ុន្តែលោកថា ជាការកត់សម្ភាល់នៅកម្ពុជា ឆន្ទះនយោបាយជាប្រសិទ្ធិភាព បំផុតដែលជំរុញឲ្យមន្ត្រីយុត្តិធម៌ពេលខ្លះធ្វើការទាំងយប់។
លោកថា៖ «បើគេត្រូវរ៉ូវគ្នា គេចង់ដោះលែងមិនពិបាកទេ រឿងតុលាការគេធ្វើតាមនីតិវិធីគឺគេជំរុញយ៉ាងលឿនបំផុតហើយ រឿងខ្លះគេដោះលែងទាំងយប់ក៏មានដែរ»។
បើតាមលោក អំ សំអាត អ្នកនយោបាយគួតែបន្តស្វែងរកជួបគ្នា ឈប់ប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឧបករណ៍នយោបាយ ដែលលោកថាដើម្បីពន្លឿនការដោះលែងអ្នកទោសមនសិកាដែលកំពុងជាប់ឃុំ និងឈានទៅពង្រឹងឯករាជ្យភាព របស់តុលាការ៕