ក្រោយពីមានការរាយការណ៍ចុងក្រោយមួយរបស់កាសែត The Wall Street Journal ការិយាល័យនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីថ្ងៃអង្គារបានរំឭកឡើងវិញថាលុយមូលនិធិផ្ទេរទៅគណនីធនាគាររបស់នាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់ (Najib Razak) គឺជាប្រាក់ឧបត្ថម្ភពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
កាសែត The Wall Street Journal បានរាយការណ៍ថាគណនីផ្ទាល់ខ្លួនរបស់លោក ណាជីប រ៉ាហ្សាក់ (Najib Zarak) មានចំនួនសរុបជាង១ពាន់លានដុល្លារ ដោយក្រុមអ្នកស៊ើបអង្កេតអន្តរជាតិជឿថា ភាគច្រើននៃលុយទាំងនេះមានប្រភពចេញពីប្រាក់ជំនួយរបស់ប្រទេសម៉ាឡេស៊ី។
ទោះយ៉ាងណា ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ ខុទ្ទកាល័យរបស់លោក ណាជីប បានបកស្រាយថា លុយមូលនិធិទាំងនោះគឺជាប្រាក់ឧបត្ថម្ភពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយបញ្ហានេះត្រូវបានត្រួតពិនិត្យ និងបញ្ជាក់រួចហើយពីអាជ្ញាធរមានសមត្ថកិច្ចដែលបានធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់។
សេចក្ដីថ្លែងការណ៍ដដែលនោះបានចោទកាសែត The Wall Street Journal ថានៅតែបន្តវាយប្រហារលើលោក ណាជីប និងព្យាយាមភ្ជាប់រឿងគម្រោងមូលនិធិមួយដែលឈ្មោះថា អភិវឌ្ឍម៉ាឡេស៊ីតែ១(1MDB)។
ចំណែកឯមូលនិធិ1MDB ក៏នៅតែអះអាងថាមិនដែលផ្ទេរលុយទៅគណនីរបស់លោក ណាជីប នោះទេ។
ពាក់ព័ន្ធនឹងករណីនេះ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) ដែលទើបបានចាកចេញពីគណបក្សរួបរួមជាតិម៉ាឡេ(United Malays National Organisation)របស់លោក ណាជីប និងជាគណបក្សដែលរូបលោកផ្ទាល់បានដឹកនាំជាង២០ឆ្នាំនោះបានមានប្រសាសន៍ថា ប្រសិនបើអត្ថបទរបស់កាសែត The Wall Street Journal ជាព័ត៌មានមិនពិត លោក ណាជីប គួរតែប្ដឹងកាសែតនោះសម្រាប់ការផ្សាយព័ត៌មានមិនពិត៕
ប្រភព៖ Channel News Asia