គ្រួសារជនរងគ្រោះស្លាប់ក្នុងមហន្តរាយយន្តហោះ MH17 អាចនឹងជំរុញឲ្យមានការស្រាវជ្រាវឡើងវិញទៅលើទីតាំងស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីការរកឃើញបំណែកឆ្អឹងរបស់ជនរងគ្រោះម្នាក់នាពេលថ្មីៗនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីថ្ងៃទី៧ ខែមករានេះ នៅពេលអ្នកកាសែតលោក មីខល ស្ពិកឃ័រ បានវិលត្រឡប់ពីអ៊ុយក្រែន ទៅទីក្រុងអាំស្ទែដាម ប៉ូលិសហូឡង់បានរឹបអូសយករបស់របរដែលអ្នកកាសែតនោះបានប្រមូលបាន ក្នុងនោះមានបំណែកឆ្អឹងមនុស្សផងដែរ។
ការធ្វើតេស្ដ DNA នៅសប្ដាហ៍នេះ បង្ហាញថា វាគឺបំណែកឆ្អឹងជនរងគ្រោះម្នាក់នៃមហន្តរាយនោះ។ អាជ្ញាធរហូឡង់បានជូនដំណឹងនេះទៅគ្រួសារជនរងគ្រោះរួចហើយ។
ប្រធានមូលនិធិជនរងគ្រោះយន្តហោះ MH17 លោក អ៊ីវើត វ៉ាន់ ហ្ស៊ីតវ៉េល បាននិយាយកាលពីថ្ងៃម្សិលមិញថា គ្រួសារជនរងគ្រោះកំពុងពិចារណាក្នុងការនិយាយទៅកាន់អាជ្ញាធរអំពីការស្រាវជ្រាវរកបំណែកឆ្អឹងមនុស្សសេសសល់បន្ថែមទៀត។
លោក វ៉ាន់ហ្ស៊ីតវ៉េល ដែលបានបាត់បង់កូនប្រុសម្នាក់ កូនស្រីម្នាក់ និងឪពុកម្ដាយក្មេកផងនោះ បន្តថា ក្នុងនាមជាសាច់ញាតិ គ្រួសារជនរងគ្រោះមិនចង់ទុកឆ្អឹងចោលនោះឡើយ។
យន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ី MH17 ត្រូវបានគេបាញ់ទម្លាក់នៅភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅពេលកំពុងហោះហើរពីទីក្រុងអាំស្ទែដាម ទៅកាន់ទីក្រុងគួឡាឡុំពួ ដោយបានសម្លាប់មនុស្សនៅលើយន្តហោះទាំងអស់ ដែលភាគច្រើនជាជនជាតិហូឡង់៕