ក្រសួង​មុខ​ងារ​សាធាណៈក្រើន​​រំឭក​ស្ថាប័នរដ្ឋ​ឲ្យ​​ដំឡើង​ឋាន​ន្ត​រស័ក្តិ​មន្ត្រី​តាមគោលការណ៍ច្បាប់

ក្រសួង​មុខងារ​សាធារណៈ​បាន​កើន​រំឭក​​ដល់​ស្ថាប័នរដ្ឋ​ទាំង​អស់ថា​ការដំឡើង​​ឋាន​ន្តរ​ស័ក្តិ​ដល់​​មន្ត្រី​របស់​ខ្លួ​ន ត្រូវ​ធ្វើ​ឡើង​ដោយ​ភាពត្រឹមត្រូវនិង​តាមគោល​ការណ៍​ច្បាប់ដែលមាន។​

ក្នុង​​សេចក្តី​ជូនដំណឹង​ចេញចុះថ្ងៃទី​២ខែមិនា ក្រសួងមុខ​​ងារ​សាធារណៈបាន​លើក​ឡើង​ថាការ​ដំឡើង​​ថ្នាក់​ឋាន​ន្ត​រស័ក្តិ​​ជូន​មន្ត្រី​រាជ​ការស៊ី​វិល​ ​ត្រូវ​អនុវត្តតាម​មាត្រា២០និង​មាត្រា​បន្ត​បន្ទាប់​នៃ​ច្បាប់​ស្តី​ពី​សហ​លក្ខ​ន្តិកៈម​ន្ត្រី​រាជការ ព្រម​ទាំង​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ជាធរមាន។ ក្រសួង​បញ្ជាក់​ថាចំពោះ​ការ​គិត​គូ​ដំ​​ឡើង​ថ្នាក់​ឋាន​ន្តរស័ក្តិ​​ជូន​មន្ត្រី​រាជការ​ស៊ី​វិល​ក្នុ​ង​ឆ្នាំ​២០១៦​នេះ ​ត្រូវ​គិតចំពោះ​មន្ត្រី​រាជការ​ស៊ី​វិលដែល​ខិតខំ​បម្រើ​ការងារពិត​ប្រាកដនិង​មាន​រយៈពេល​អប្បបរមានៃការ​​ឡើង​ថ្នាក់​ត្រូវ​កម្រិត​២ឆ្នាំ​គិត​មក​ដល់​ថ្ងៃ​ទី​១៣ ខែ​មេ​សា​ ឆ្នាំ២០១៦។

ក្រសួង​បន្ត​ថា​ការ​គិត​គូ​​ដំឡើង​ថ្នាក់​ជូន​មន្ត្រី​រា​ជការ​ស៊ីវិលក្នុង​ឆ្នាំ២០១៦នេះ ត្រូវ​គិត​ចំពោះ​មន្ត្រី​រាជការ​ស៊ីវិល​​ដែល​បាន​ធ្វើ​និយ័តកម្មថ្នាក់​ឋាន​ន្តរស័ក្តិ​​ធ្វើ​សមា​​ហរណកម្មរួចរាល់​ហើយតែ​នៅ​សល់​​អតីតភា​ពកា​រ​ងា​រ។ ក្រសួង​មុខងារសាធារណៈ​ឲ្យ​ដឹង​ទៀត​ថា​សម្រាប់​មន្ត្រី​រាជការ​ណាដែល​សុំ​ដំឡើង​ថ្នាក់ឋាន​ន្តរ​ស័ក្តិ​​ដោយ​​សំអាង​លើ​សញ្ញា​បត្រពិត​ប្រាកដនោះ ត្រូវ​អនុវត្តអនុ​លោម​តាម​លិខិត​បទដ្ឋាន​គតិ​យុត្តជា​ធរមាន​និង​​អនុ​លោម​ពេល​វេលាដែល​បាន​កំណត់​ក្នុង​លិខិតចុះ​ថ្ងៃ​ទី២៦ មករា ឆ្នាំ២០០៩ ស្តី​ពី​ការ​ណែ​នាំ​បន្ថែម​នូវ​នីតិ​វិធី​ក្នុង​ការ​ដំឡើង​ថ្នាក់​ការ​តាំង​ស៊ប់មន្ត្រីរាជ​ការក្រប​ខណ្ឌថ្មីនិង​ការ​ដាក់​មន្ត្រីរាជការ​ស៊ីវិល​ឲ្យ​ចូល​និវត្តន៍តាម​គោលការណ៍។

អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ លោក ស សាម៉ី​ឌី បាន​ប្រាប់​វី​អូ​ឌី​ថាការ​ចេញសេចក្តី​ជូនដំណឹង​គឺដើម្បី​​គាំ​ទ្រដល់​ការ​អនុវត្តដល់​ខ្លឹម​សារ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ដែល​មាន​កន្លង​មក​និង​ជា​ការ​ក្រើន​រំឭក​​ដល់​ស្ថាប័នរដ្ឋ​ទាំង​អស់។ ​លោក​ថា​​មន្ត្រី​រាជការ​ទាំងអស់​ដែល​បាន​បម្រើ​​ជាតិនឹង​ត្រូវដំ​ឡើង​ថ្នាក់ ឋាន​ន្តរ​ស័​ក្តិ​នៅថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ២០១៦។​

មាត្រា​២០​នៃច្បាប់​ស្តីពី​​សហ​លក្ខ​ន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិលបាន​ចែង​ថាការឡើង​ឋានន្តរសក្តិ​ឬ​ឡើង​ថ្នាក់​នៃ​អ្នក​​រាជការត្រូវ​ធ្វើ​តាម​វេន​ជ្រើស​រើសក៏​បានឬ​តាម​វេនជ្រើស​រើសនិង​អតីតភាព​ជាមួយ​គ្នា​ក៏បាន។ តាម​ធម្ម​តា​ រយៈពេល​អប្បបរមា​នៃ​ការ​ឡើង​ថ្នាក់ត្រូវ​កម្រិត​​២ឆ្នាំ។

ក្នុង​ករណី​អ្នក​រាជការ​ណាម្នាក់​បំពេញ​ការងារ​មាន​ស្នាដៃ​ល្អពិសេស ត្រូវ​បាន​ដំឡើង​​ថ្នាក់​ជា​ស្វ័យ​ប្រវត្តិ ដោ​យពុំ​គិត​ពី​លក្ខខណ្ឌអតីតភាពឡើយ។ ចំពោះ​ក្រប​ខណ្ឌ​ទាំង​អស់​ ការដំឡើង​ថ្នាក់​ត្រូវ​មាន​ការ​យល់​ព្រម​ពីស្ថា​ប័ន​មាន​សមត្ថកិច្ចក្នុងការ​តែង​តាំង​ដែល​សម្រេច​ឲ្យ​តាមកម្រិត​​នៃ​កន្លែង​ទំនេរ​ក្នុង​ឋានន្តរស័ក្តិ​​នីមួយ​ៗនិងតាមកម្រិត​​មុខ​ចំណាយ​ថវិកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ