ប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាថ្មីមួយ នៅថ្ងៃនេះ ដោយបានផ្អាករាល់ការទទួលយកជនភៀសខ្លួនទាំងអស់ និងបានដាក់វិធានការគ្រប់គ្រងថ្មីដ៏តឹងរឹង ទៅលើអ្នកដំណើរមកពីបណ្ដាប្រទេសមូស្លីមចំនួន ៧។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ដោយអនុវត្តទៅតាមអ្វីដែលលោកបានសន្យានៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនោះ លោក ត្រាំ បាននិយាយថា លោកកំពុងតែធ្វើឲ្យអាមេរិកមានសុវត្ថិភាព គេចផុតពីពួកភេរវករជ្រុលនិយមឥស្លាម។
លោកបានប្រកាសអំពីការសម្រេចបែបនេះនៅឯមន្ទីរបញ្ចកោណថា ការពារប្រទេសមិនឲ្យពួកភេរវករបរទេសចូលទៅសហរដ្ឋអាមេរិក។
សេតវិមានមិនអាចសុំអត្ថាធិប្បាយបានភ្លាមៗទេ ប៉ុន្តែ សេចក្ដីព្រាងបញ្ជាមួយ បានបែកធ្លាយទៅដល់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីដើមសប្ដាហ៍នេះ។
យោងតាមឯកសារដែលគេមិនទាន់អាចបញ្ជាក់បាននោះ បទបញ្ជារបស់លោក ត្រាំ បានផ្អាករាល់កម្មវិធីជ្រកកោនទាំងអស់របស់ជនភៀសនៅអាមេរិកយ៉ាងហោចណាស់ក៏ ១២០ថ្ងៃដែរ ខណៈដែលបទប្បញ្ញត្តិតឹងរឹងថ្មីៗ ត្រូវបានគេបង្កើតឡើង។
ស្របពេលជាមួយគ្នានេះ អាមេរិកនឹងមិនផ្ដល់ទិដ្ឋាការ ៣០ថ្ងៃទៅដល់ជនអន្តោប្រវេសន៍ ឬអ្នកដំណើរមកពីប្រទេសមូស្លីមចំនួន ៧ ក្នុងនោះមានអ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយ៉េមេន៕