ទីភ្នាក់ងារឧតុនិយមកម្ពុជា បានប្រកាសឲ្យដឹងថា សីតុណ្ហភាពប្រទេសកម្ពុជានឹងធ្លាក់ចុះត្រជាក់បន្តិចចាប់ពីថ្ងៃស្អែកនេះរហូតដល់ពាក់កណ្ដាលសប្ដាហ៍ក្រោយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ភាគឦសាន ជាពិសេសខេត្តរតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅចន្លោះ ១៥ ទៅ ១៧អង្សា ខណៈដែលបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសខេត្តប៉ៃលិន ឧត្ដរមានជ័យ និងព្រះវិហារ សីតុណ្ហភាពត្រជាក់បំផុតស្ថិតនៅចន្លោះ ១៨ ទៅ ២០អង្សា។
ក្រសួងឲ្យដឹងទៀតថា សម្រាប់បណ្ដាខេត្តស្ថិតនៅភាគកណ្ដាលប្រទេសកម្ពុជា សីតុណ្ហភាពត្រជាក់បំផុត នឹងស្ថិតនៅចន្លោះ ២០ ទៅ ២២អង្សា។
ក្រសួងបញ្ជាក់ថា មិនមានភ្លៀកធ្លាក់កក់ខែទេ ប៉ុន្តែ ផ្ទៃមេឃនឹងមានអ័ព្ទចុះច្រើន រួមជាមួយទឹកសន្សើម ដែលធ្វើឲ្យមានសភាពអាប់អួរខ្លាំង៕