អ្នកវិភាគ និងក្រុមអង្គការសង្គសស៊ីវិលមួយចំនួន បានប្រើបណ្តាញសង្កម បង្ហាញទស្សនៈផ្លាល់ខ្លួនថា ការដែលលោក សម រង្ស៊ី ប្រកាសឈប់ធ្វើជាប្រធានគណបក្សប្រឆាំង ពួកគេថា ជាគំរូបញ្ជាក់ថា មិនក្រាញអំណាច និងថា ជាចរន្តចង់ជំរុញឲ្យដល់គោលដៅនៃផ្លាស់ប្តូរដោយសន្តិវិធី ក្រោយការបោះឆ្នោត។
ក្នុងលិខិតចុះថ្ងៃទី១១ ខែកុម្ភៈ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេសនោះ បានប្រកាសថា លោកសុំឈប់ធ្វើជាមេបក្សប្រឆាំងដ៏ធំមួយនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ ដោយគ្រាន់តែប្រាប់ថា មានមូលហេតុលផ្ទាល់ខ្លួន។
ការប្រកាសលាឈប់របស់លោក សម រង្ស៊ី នេះ បានធ្វើឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យតំណាងរាស្ត្ររបស់លោកកែមាត្រាមួយចំនួននៃច្បាប់គណបក្សនយោបាយ ដែលជាការប៉ុនប៉ងដើម្បីផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ ដោយថា ច្បាប់ថ្មីនោះមិនអនុញ្ញាតិឲ្យអ្នកនយោបាយមានទោសធ្វើជាប្រធានបក្ស ឬអនុប្រធានទេ ខណៈលោក សម រង្ស៊ី កំពុងឡោមព័ទ្ធទៅដោយបណ្តឹងពីបក្សកាន់អំណាច។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា សរសេរលើបណ្តាញសង្គមថា ការប្រកាសលាលែងរបស់លោក សម រង្ស៊ី លោកថា ជាជម្រើសល្អមួយ ដើម្បីគេចចេញពីការដាក់សម្ពាធផ្នែកនយោបាយ និងថា ជាចរន្តបង្កើនឥទ្ធិពលឲ្យការផ្លាស់ប្តូរអំណាចនយោបាយបែបសន្តិវិធី។
លោកថា៖ «ជាច្រកចេញសម្រាប់ចលនាគណបក្សនេះ ក្នុងសម្ពាធនយោបាយក្នុងស្រុក និងបរិយាកាសនយោបាយអន្តរជាតិថ្មី។ ហាក់ដូចមិនទាន់មានសញ្ញានៃការបែកបាក់ផ្ទៃក្នុង បើទោះបីរងសម្ពាធនៃល្បិចនយោបាយជាមួយការបំពានអំណាចក៏ដោយ។ ច្រកចេញនេះ ក៏អាចបង្កើតឱកាសនៃនយោបាយសកម្មបន្ត និងអាចជម្រុញឥទ្ធិពលលើការផ្លាស់ប្តូរការដឹកនាំអំណាចនយោបាយបែបសន្តិវិធី»។
អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លោក ចាន់ វិបុល សរសេរលើហ្វេសប៊ុកថា ការសម្រេចចិត្តរបស់លោក សម រង្ស៊ី លោកថា ជាប្រវត្តិសាស្រ្ត ដែលនឹងទទួលបានកិត្តិយសពីជាតិ និងប្រជាជនរបស់ខ្លួន។
លោក ចាន់ វិបុល សរសេរទៀតថា៖ «ការប៉ុនប៉ងយកច្បាប់មករំលាយគណបក្សសង្គ្រោះជាតិ ១. ជាការព្យាយាមប្រើអំណាចផ្ទុយពីឆន្ទៈរាស្ត្រ និងប្រជាជាតិ ២. ជានយោបាយបំផិតបំភ័យ ៣. ជាការបង្ហាញពីភាពខ្សោយរបស់គណបក្សកាន់អំណាច និងការចុះចាញ់មុនពេលប្រកួតតាមគោលការណ៍ប្រជាធិបតេយ្យ ៤.បង្ហាញពីចរិតមិនចង់ផ្សះផ្សារជាតិ ឯកភាពជាតិ និងជាតិនិយម ៥. បំផ្លាញគណបក្សខ្លួនឯង និងសេចក្តីសុខសាន្តរបស់ប្រជាជាតិ និងប្រជាជនខ្លួនឯង»។
អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម និងនយោបាយលោក គឹម សុខ បានបញ្ចេញយោបល់ដែរថា ការលាលែងរបស់លោក សម រង្ស៊ី ជាយុទ្ធសាស្ត្រឈានទៅសម្រេចគោលដៅនៃចរន្តផ្លាស់ប្តូរមេដឹកនាំដោយសន្តិវិធី តាមរយៈនៃការបោះឆ្នោត នាពេលខាងមុខ និងថា ជាការវាយបក្សវិញទៅលោក ហ៊ុន សែន។
លោកសរសេរថា៖ «ប្រមុខរដ្ឋាភិបាលបាននិយាយនៅទីសាធារណៈជាញឹកញាប់នៅមុខប្រជារាស្ត្រទាំងយកទៅផ្សាយតាមទូទស្សន៍ ក្នុងសម្តីថា បើចង់ឲ្យគាត់ចុះចេញពីតំណែងតួនាទីនាយករដ្ខមន្ត្រី លុះត្រាតែលោក សម រង្ស៊ី ឈប់ធ្វើប្រធានបក្សប្រឆាំងដែរ។ ឥឡូវ លោក សម រង្ស៊ី លាលែងហើយ!!! មេដឹកនាំគំរូត្រូវផ្តើមចេញពីការចេះគោរពពាក្យសន្យារបស់ខ្លួន ដែលយ៉ាងហោចណាស់ធ្វើឲ្យបានតាមសម្តីនិយាយនៅចំពោះមុខរាស្ត្រ បើមិនដូច្នេះទេ គឺក្បត់រាស្ត្រ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បង្ហាញទស្សនផ្ទាល់ខ្លួនដែរថា ការសម្រេចរបស់លោក សម រង្ស៊ីនេះ លោកថា មានភាពវិជ្ជមានផង និងអវិជ្ជមានផង សម្រាប់ស្ថានការនយោបាយបច្ចុប្បន្ន។
លោកសរសេរថា៖ «ផលចំណេញដូចជា៖ ធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិឃើញពីផលប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងមើលឃើញយុទ្ធសាស្ត្រ ដែលមានភាពចម្រូងចម្រាស់របស់បក្សកាន់អំណាច ហើយអាចនឹងមានការរិះគន់ ឬការដាក់សម្ពាធណាមួយពីសហគមន៍អន្តរជាតិ។ បង្ហាញនូវភាពមិនអាត្មានិយម និងបង្កើនប្រជាប្រិយភាពរបស់ខ្លួនទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ ចុះតើបក្សកាន់អំណាចទទួលបានផលចំណេញអ្វីខ្លះពីការដែលលោក សម រង្សីលាលែងពីមុខតំណែងជាមេបក្ស? ចម្លើយ៖ គឺពិតជាមាន៖ ក) បានសម្រេចគោលបណងទី១ គឺចង់រារាំង លោក សម រង្សី មិនឲ្យធ្វើមេបក្ស ហើយពេលនេះ លោក សម រង្សី បានបាត់បង់មុខតំណែងនេះមែន ខ) ធ្វើឲ្យអ្នកគាំទ្របក្សសង្គ្រោះជាតិខ្លះមានភាពច្របូកច្របល់ក្នុងចិត្ត អស់សង្ឃឹម និងលែងចង់ទៅបោះឆ្នោត»។
ចំណែកនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា វិញសរសេរខ្លីថា ការប្រកាសលាលែង របស់លោក សម រង្ស៊ី នេះ«យ៉ាងហាចណាស់ បញ្ជាក់ថា គាត់មិនក្រាញ់អំណាច!»៕