មន្ត្រីអះអាងថា ការជ្រើសរើសមេបក្សថ្មី មកជំនួសតំណែងលោក សម រង្ស៊ី នឹងត្រូវធ្វើឡើងប្រមាណជាពីរឆ្នាំទៀត ដោយថាជាការអនុវត្តតាមលក្ខខន្តិកៈរបស់គណបក្ស ពោលគឺរក្សាតំណែងប្រធានគណបក្សប្រឆាំងនេះឲ្យនៅទំនេរ ខណៈស្ថានការណ៍នយោបាយកំពុងតានតឹង។
កាលពីថ្ងៃទី១១ខែកុម្ភៈ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសដកខ្លួនឈប់ធ្វើជាមេបក្ស ដោយគ្រាន់តែប្រាប់ថា ដោយសារមូលហេតុផ្ទាល់ខ្លួន។
ក្នុងសន្និសិទសារព័ត៌មាននៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាថ្ងៃទី១២ខែកុម្ភៈនេះ អ្នកនាំពាក្យលោក យឹម សុវណ្ណ អាងថា គណបក្សបានទទួលយកការសុំលាឈប់របស់លោក សម រង្ស៊ី ហើយ។ លោកបន្ថែមថា លោក កឹម សុខា ជាអនុប្រធានស្រាប់ នឹងឡើងធ្វើជាប្រធានស្តីទី។
លោក យឹម សុវណ្ណ បន្តថា បេក្ខជនថ្មីសម្រាប់មកកាន់តំណែងជាប្រធានគណបក្សជំនួសលោក សម រង្ស៊ី លោកថា គណបក្សមិនទាន់បានគិតទេ។ ប៉ុន្តែ លោកបង្ហើបថា បើតាមលក្ខខន្តិកៈរបស់គណបក្សប្រធានបក្សថ្មី នឹងត្រូវជ្រើសតាំងឡើងអំឡុងពេលសមាជបក្ស នាថ្ងៃទី៧ខែមេសាឆ្នាំ២០១៨។
អ្នកនាំពាក្យបក្សប្រឆាំងរូបនោះ ប្រកាសដែរថា លោកនឹងមិនឆ្លើយនឹងសំនួរណា ដែលចង់ដឹងពីមូលហេតុនៃការលាឈប់របស់លោក សម រង្ស៊ី ទេ ដោយជំរុញឲ្យអ្នកសារព័ត៌មាន សុំការពន្យល់ផ្ទាល់ពីលោក សម រង្ស៊ី ផ្ទាល់តែម្ដង ដែលកំពុងតែរស់នៅនិរទេសខ្លួនឯនៅក្រៅប្រទេស។
ប៉ុន្តែ លោក យឹម សុវណ្ណ បានការពារថា ការលាឈប់របស់លោក សម រង្ស៊ី ជាគំរូល្អដល់អ្នកនយោបាយពេលនេះ ក៏ដូចទៅថ្ងៃអនាគត ដោយថា ឲ្យហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបញ្ហាផ្សះផ្សាជាតិនិងការបង្រួបបង្រួមជាតិ។
នៅថ្ងៃនេះដែរ លោក សម រង្ស៊ី បានបង្ហោះវីដេអូឃ្លីបលើហ្វេសប៊ុករបស់លោកបញ្ជាក់ថា មូលហេតុដែលលោកលាឈប់នោះ មិនមែនគ្រាន់តែការពារកុំឲ្យគេរំលាយគណបក្សទេ ប៉ុន្តែ លោកក៏ថា «លោកហ៊ានលះបង់ដល់អាយុជីវិតទៀត កុំឲ្យតែជាតិស្លាប់»។
បើទោះជាលោក សម រង្ស៊ី និយាយមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែនៅពេលថ្មីៗ លោក ហ៊ុន សែន បានជំរុញឲ្យតំណាងរាស្ត្ររបស់លោក ធ្វើវិសោធនកម្មច្បាប់ត្រង់មាត្រាមួយចំនួន ដែលត្រូវបានគេមើលឃើញថា វិធានការរបស់លោក ហ៊ុន សែន នោះអាចនឹងឈានទៅរំលាយគណបក្សសង្គ្រោះជាតិ។
ច្បាប់ថ្មី ដែលកើតក្រោយធ្វើវិសោធនកម្មនោះ លោក ហ៊ុន សែន លើកឡើងថា ត្រូវចែងថា អ្នកនយោបាយដែលត្រូវបានតុលាការកាត់ឲ្យមានទោស មិនត្រូវឲ្យធ្វើជាប្រធានបក្ស ឬអនុប្រធានទេ ខណៈដែលលោក សម រង្ស៊ី កំពុងឡោមព័ទ្ធដោយបណ្តឹងពីបក្សកាន់អំណាច។
ទោះជាយ៉ាងណា អ្នកវិភាគនិងក្រុមអង្គការសង្គមស៊ីវិល បានចាត់ទុកថា ជម្រើសលាលែងពីតំណែងរបស់លោក សម រង្ស៊ី នេះ ពួកគេថា ជាជម្រើសដ៏វៃឆ្លាតមួយ ជួយបញ្ចុះកម្តៅនយោបាយ និងអាចជាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចគោលដៅប្តូរមេដឹកនាំបក្សកាន់អំណាចដោយសន្តិវិធី ក្រោយការបោះឆ្នោតឆ្នាំ២០១៨៕