សាកសពយុវជនម្នាក់ ឈ្មោះ ឈន បឿន ត្រូវបានក្រុមគ្រួសារទៅទទួលយកពីក្រុមហ៊ុនអេឡិកត្រូនិចផ្នែកផ្សារដែកមួយនៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដើម្បីធ្វើបុណ្យតាមប្រពៃណីកាលពីយប់ថ្ងៃអាទិត្យទី៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
សាកសព ដែលត្រូវបានបញ្ជូនមកដោយតំណាងក្រុមហ៊ុនថៃខាងលើ ត្រូវបានតំណាងក្រុមហ៊ុនបញ្ជាក់ថា បានស្លាប់ ដោយសារគ្រោះថា្នក់ចរាចរណ៍ម៉ូតូបុកគ្នា ប៉ុន្តែឪពុកម្តាយសព នៅតែមិនអស់ចិត្ត ដោយសង្ស័យថា ជាការស្លាប់ក្នុងគ្រោះថ្នាក់ការងារច្រើនជាង។
ទោះជាយ៉ាងនេះក្តី ករណីនេះ មិនមានអជ្ញាធរណាជួយអើពើរស៊ើបអង្កេត រកការពិតជូនពួកគាត់ឡើយ នេះបើតាមការអះអាងរបស់ឪពុកម្តាយសព នៅក្នុងភូមិថ្មី ឃុំទីប៉ូ ស្រុកសន្ទុក ខេត្តកំពង់ធំ។ នេះ បានបង្ករជាការភ័យបារម្ភជាខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំជាមួយគ្នា ដែលមានកូនចៅ កំពុងនៅធ្វើការជាពលករនៅក្នុងប្រទេសថៃ ដែលក្នុងមួយភូមិៗមិនតិចជាង ២០នាក់ទេនោះ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ជ្រៀម វឿន