ជនជាប់ចោទដែលបានសារភាពថា បានបាញ់សម្លាប់លោក កែម ឡី ត្រូវបានបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធនេះ ដើម្បីចូលរួមសវនាការ។
នៅព្រឹកនេះរថយន្តដឹកលោក អឿត អាង ហៅ ជួប សម្លាប់ ទៅដល់សាលាដំបូងរាជធានីភ្នំពេញ ដោយមានការយាមកាមប្រុងប្រយ័ត្នមិនឲ្យអ្នកសង្កេតការណ៍និងអ្នកព័ត៌មានថតយករូបភាពឬអាចសាកសួរបាននោះទេ។
ជនជាប់ចោទរូបនេះមានមេធាវីការពារក្តីដោយលោក យុង ផានិត ប្រធាននាយកដ្ឋានការពារក្ដីជូនជនក្រីក្រនៃគណៈមេធាវី។
សវនាការនៅព្រឹកនេះ មិនមានការចូលរួមភរិយានិងសាច់ញាតិផ្សេងទៀតរបស់លោក កែម ឡី ដែលរងការបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នោះទេ ដោយពួកគេថា មិនមានជំនឿលើប្រព័ន្ធតុលាការថាអាចផ្តល់ភាពយុត្តិធម៌បាននោះទេ៕