គិតត្រឹមរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ចំនួនសិស្សានុសិស្សនៅសាលាបឋមសិក្សាបត់រំដួល ក្នុងឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ដែលពុលអាហារ បានកើនឡើងដល់ជាង ៣០០នាក់ហើយ។
ទាក់ទងនឹងករណីពុលនេះ អភិបាលខេត្តពោធិសាត់ លោក ម៉ៅ ធនិន បានចុះជួយអន្តរាគមន៍ និងសង្គ្រោះផ្ទាល់ផងដែរ ដោយក្នុងនោះមានកុមារប្រមាណ ៧០នាក់ ត្រូវបានដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងជាច្រើននាក់ទៀតបានយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ និងស្រុកបាកាន។
យោងតាមព័ត៌បឋមបានឲ្យថា ករណីពុលនេះ គឺដោយតែបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សខាងលើ បានទទួលទាននូវបាយដែលក្រុមការងារ សន្និបាទរបស់ឃុំសំរោង យកទៅចែកជូន ហើយបាយនោះក៏ត្រូវចែកបន្តដល់ប្រជាពលរដ្ឋនៅជិតៗនោះផងដែរ។ រីឯមូលហេតុជាក់ល័ក្ខមិនទាន់ដឹងច្បាស់នៅឡើយ៕
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន