ក្រសួងកសិម្មបានចាត់វិធានការភ្លាមៗបន្ទាប់ពីសហភាពអឺរ៉ុបព្រមានថានឹងបញ្ឈប់នាំចូលអង្ករ ពីកម្ពុជាចាប់ពីខែកក្កដាខាងមុខនេះ ដោយថាអង្ករនេះមានផ្ទុកសារធាតុទ្រីហ្ស៊ីក្លាហ្សូលលើសកំរិត។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី ២២ ខែមីនានេះបានឱ្យដឹងថាក្រសួងបានចាត់វិធានការដោយរៀបចំក្រុមសិក្សាស្រាវជ្រាវ ចំនួន ៧រូប ដើម្បីលើកវិធានការបញ្ចៀស កុំឲ្យមានសំណល់ធាតុ ទ្រីហ្ស៊ីក្លាហ្សូលលើសកំរិតនៅក្នុងអង្ករ។
នៅក្នុងសេចក្តីប្រកាសដដែលនេះបានបញ្ជាក់ថា ក្រុមការងារសិក្សាស្រាវជ្រាវនេះ នឹងសហការជាមួយអង្គភាពពាក់ព័ន្ធក្នុងការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យ លើវិធានការបញ្ចៀសបញ្ហានេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងជាអ្នកនាំពាក្យក្រសួងកសិកម្មលោក ហ៊ាន វណ្ណហន បានប្រាប់វីអូឌីឱ្យដឹងថា ការបង្កើតក្រុមស្រាវជ្រាវនេះដើម្បី ឆ្លើយតបទៅនឹង ការបង្កើតច្បាប់ថ្មីរបស់សហភាពអឺរ៉ុបដែលបានកំណត់ថា ឱ្យមានសារធាតុទ្រីហ្ស៊ីក្លាហ្សូលនៅក្នុងអង្ករមិនឱ្យលើសពី ០.០១មីលីក្រាម ក្នុង១គីឡូក្រាមអង្ករ។
លោកបញ្ជាក់ថា “ ច្បាប់គេហ្នឹង ចាប់ផ្តើមអនុវត្តនៅដើមខែប្រាំពីរ ខាងមុខនេះអីចឹងហើយមិនមែនតែយើងបារម្ភទេ។ ច្បាប់នេះមិនដាក់សំរាប់តែកម្ពុជាដែរគឺដាក់រាល់ការនំាចូលអង្ករពីកម្ពុជា ហ្នឹងមានការរឹតបន្តឹងបែបហ្នឹង” ។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៦ កសិករកម្ពុជាប្រមូលផលស្រូវវស្សាបាន ៣ ៥៤៦ ១១៩តោន ហើយកម្ពុជាបាននាំចេញអង្ករក្នុងរយៈពេល ១១ ខែ ក្នុងឆ្នាំដដែលនោះមានចំនួន ៤៧៩ ៦៨៩តោន៕